ជាតិ
សង្គមជាតិ
ភ្ញៀវទេសចរ​ជាតិ​មក​ទស្សនា​បុណ្យអុំទូក​នៅ​សៀមរាប​អាច​ធ្លាក់ចុះ​បន្តិច
11, Nov 2016 , 8:45 pm        
រូបភាព
សកម្មភាពអុំសាកល្បងរបស់កីឡាការិនីទូកងនៅខេត្តសៀមរាប
សកម្មភាពអុំសាកល្បងរបស់កីឡាការិនីទូកងនៅខេត្តសៀមរាប
សៀមរាប៖ មាន​ការទស្សទាយ​ថា ភ្ញៀវទេសចរ​ក្នុងស្រុក ដែល​មក​កម្សាន្ត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នាពេល​ដ៏​ខ្លី​ខាងមុខនេះ អាច​នឹងមាន​ការធ្លាក់​ចុះ។ ព្រោះថា នៅ​ឆ្នាំនេះ​ពិធីបុណ្យ​អុំ​ទួ​កនៅ​សៀមរាប គឺ​រៀបចំ​ជាន់​ថ្ងៃ​តែមួយ​នៅ​រាជធានី​ភ្នំពេញ ដែល​ចាប់ផ្តើម​រៀបចំ​ធ្វើ​ឡើងវិញ ក្រោយ​ខកខាន​អស់​រយៈពេលជាប់ៗគ្នា​រួចមក។



គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​អុំទូក​នៅ​ខេត្តសៀមរាប បាននិងកំពុង​មមាញឹក​ក្នុង​ការរៀបចំ​កម្មវិធី និង​កន្លែងផ្សេងៗ ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ឆ្ងាយ​ជិត។ រោង​ជាច្រើន​ត្រូវបាន​ដំឡើង​រួចជាស្រេច ហើយ​ការលក់ដូរ​ក៏បាន​ចាប់ផ្តើម​ដំណើរការខ្លះៗហើយ​ដែរ ចំណែក​ចំណុះ​ទូក​ទៀតសោត ក៏បាន​មកដល់​គោលដៅ​ប្រណាំង ស្ទើរ​គ្រប់គ្នា​ហើយ​ដែរ។

ការរៀបចំ​ភ្លើង​បំភ្លឺ​ផ្លូវ និយាយ​ជារួម ស្តង់ដា​ការរៀបចំ​ពិធី​ប្រណាំង​ទូកង​នៅ​ខេត្តសៀមរាប គឺ​ដូច​ទៅនឹង​ឆ្នាំកន្លងៗទៅ​ដូច្នោះ​ដែរ មានដូចជា​ឆាក​ប្រគំ​តន្ត្រី ស្តង់​លក់ទំនិញ។ល។ ទោះជា​អាជ្ញាធរខេត្ត​រំពឹងថា មាន​ទេសចរ​ច្រើន​មក​កម្សាន្ត​ក្នុង​ថ្ងៃបុណ្យ​អុំ​ទួ​ក​ក៏ដោយចុះ ប៉ុន្តែ​ពួកគេ​បាន​មើលឃើញថា ទេសចរ​ក្នុងស្រុក​អាច​នឹង​ធ្លាក់ចុះ​បន្តិច។

លោក គឹម ឆៃ​ហៀ​ង បាន​ពន្យល់​ពី​មូល​ហេតុថា ពិធីបុណ្យ​អុំទូក​នៅ​ខេត្តសៀមរាប រៀបចំ​ជាន់​ថ្ងៃ​តែមួយ​នៅ​រាជធានី​ភ្នំពេញ ដូច្នេះ​ចង់​មិន​ចង់ វា​នឹង​រំលែក​ចំនួន​ទេសចរ​ក្នុងស្រុក ដែល​ធ្លាប់​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​កាលពី​ឆ្នាំទៅ។ យ៉ាងណាក៏ដោយ លោក អភិបាលរង​ខេត្តសៀមរាប បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ឆ្ងាយ​ជិត​ទាំងអស់ បន្ត​មក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប​ជា​បន្តទៀត ព្រោះថា​ខេត្ត​មួយ​នេះ​សម្បូរ​ដោយ​ប្រាង្គ​ប្រាសាទបុរាណ ជាពិសេស​ដើម្បី​ស្គាល់​ពី​វប្បធម៌​ប្រពៃណី​របស់​អ្នក​ខេត្តសៀមរាប។

គួរ​បញ្ជាក់ដែរថា ទូក​ដែល​ចូលរួម​ប្រណាំង​នៅ​ឆ្នាំនេះ មាន​ចំនួន៣០ទូក ស្មើនឹង១៥គូ។ ក្រៅពីនេះ ក៏មាន​ប្រភេទ​ទូក​បែប​កម្ស​ន្ត​សប្បាយ​ជាច្រើន​គូ​ផងដែរ។ អាជ្ញាធរ​បានរៀបចំ​ក​ន្លែ​ង​ស្នាក់នៅ​ដែលមាន​ដូចជា​វត្ត​អារាម និង​សាលារៀន​ចំនួន១៣កន្លែង​សម្រាប់​ទទួល​កីឡាករ កីឡាការិនី​ឲ្យ​ស្នាក់នៅ។ ក្នុងនោះដែរ ក៏មាន​ការរៀបចំ​សន្តិសុខ និង​បង្គន់​អនាម័យ​ដល់​ពួកគេ​ផងដែរ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក គឹម ឆៃ​ហៀ​ង៕


 


Tag:
 អុំទូក
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com