ជាតិ
សង្គមជាតិ
ជិះទូក​កម្សាន្ត​តាម​ស្ទឹង​សៀមរាប​២០​នាទី​ម្នាក់​២០០០​រៀល​ជួយ​អ្នកភូមិ​ចុង​ឃ្នៀ​ស​
13, Nov 2016 , 9:30 pm        
រូបភាព
​សៀមរាប​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប បានរៀបចំ​កម្មវិធី​អុំទូក​កម្សាន្ត​តាម​ដងស្ទឹង​សៀមរាប ក្នុង​បំណង​ដើម្បី​ញ៉ាំង​ឲ្យ​កម្មវិធី​បុណ្យអុំទូក មាន​ភាពសប្បាយ​រីករាយ​ថែម​មួយកម្រិត​។ ការ​ជិះទូក​កម្សាន្ត​តាម​ដងស្ទឹង​សៀមរាប មាន​រយៈពេល​២០​នាទី ហើយ​ក្នុង​មនុស្ស​ម្នាក់​ត្រូវ​ចំណាយ​ត្រឹម​២០០០​រៀល​តែប៉ុណ្ណោះ​។​


 
​លោក ទឹម ថា​វិ​ត្យា ប្រធាន​គ្រប់គ្រង​ទូក​អុំ​កម្សាន្ត បាន​និយាយថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប បានរៀបចំ​ឲ្យ​មាន​កម្មវិធី​កម្សាន្ត​ជិះទូក​លេង​តាម​ដងស្ទឹង​សៀមរាប​។ តាម​ការបញ្ជាក់​របស់​លោក ថា​វិ​ត្យា ទូក​ដែល​នាំមក​នេះ គឺជា​ទូក​របស់​សហគមន៍​ចុង​ឃ្នៀ​ស ដែល​សរុប​ទាំងអស់​មាន​១៥​ទូក​។​
 


​ក្រៅពី​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ស្គាល់​ពី​ការ​អុំទូក ការកម្សាន្ត​ហើយ​នោះ កម្មវិធី​ជិះទូក​កម្សាន្ត​នេះ ក៏មាន​បំណង​ចង់រក​កំរៃ​ដល់​សហគមន៍​ក្រីក្រ​នៅ​ចុង​ឃ្នៀ​ស​ផងដែរ​។ លោក ថា​វិ​ត្យា បន្ថែមថា កម្មវិធី​ជិះទូក​កម្សាន្ត​មាន​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​១៣ និង​១៤ វិច្ឆិកា ដោយ​ទូក​មួយគ្រឿង​អាច​ផ្ទុក​អ្នកដំណើរ​បាន​២​នាក់​។ គោលដៅ​នៃ​ការ​ជិះទូក​កម្សាន្ត​គឺ​ចាប់ពី​ស្ពានថ្ម​វត្ត​ព្រះព្រហ្ម​រតន៍ ដល់​ស្ពានថ្ម​ផ្សារ​ចាស់​៕




Tag:
 ​អុំទូក​
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com