ពីនេះ ពីនោះ
គ្រូបង្រៀន​៖ ត្រូវមាន​តួនាទី​បែបណា​នៅក្នុង​សង្គម និង​ក្នុង​ប្រព័ន្ធ​អប់រំ​?
14, Nov 2016 , 4:50 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គ្រូបង្រៀន​មាន​តួនាទី​យ៉ាងសំខាន់ ក្នុងនាម​ជា​ភ្នាក់ងារ​ចម្លង​(​ផ្ទេរ​ខ្លឹមសារ​មេរៀន ចំណេះដឹង​ឲ្យ​សិស្ស​) និង​ជា​ភ្នាក់ងារ​ផ្លាស់ប្ដូរ​(​ការពិភាក្សា​រវាង​គ្រូ និង​សិស្ស ដើម្បី​កំណត់​ខ្លឹមសារ និង​ផ្លាស់ប្ដូរ​សង្គម​)​។ បន្ថែម​ពីនេះ គ្រូបង្រៀន​មាន​តួនាទី​យ៉ាងសំខាន់​នៅក្នុង​សង្គម​ដោយមាន​ជំហរ​ក្លាហាន​ខាង​សីលធម៌  និង​ការរិះគន់​ដោយ​ស្ថិតនៅ​ក្នុងតួនាទី​ជា​គ្រូបង្រៀន​។



​គ្រូបង្រៀន​មិនមែន​គ្រាន់តែ​ជា​អ្នក​ទៅ​សាលា ដើម្បី​ប្រាប់​មេរៀន​ដែល​ក្រសួង​បានកំណត់​នៅក្នុង​កម្មវិធីសិក្សា និង​មេរៀន​ដែល​តម្រូវ​ឲ្យ​សិស្ស​សិក្សា​រៀនសូត្រ​នោះទេ​។  ប៉ុន្តែ​ក្នុងនាម​ជា​បុគ្គល​គ្រូបង្រៀន​មួយរូប គឺ​ត្រូវ​ដើរតួនាទី​ជាច្រើន​ក្នុង​អាជីព​របស់ខ្លួន​។ គ្រូបង្រៀន​គឺជា​ឪពុកម្ដាយ ជា​អ្នកសិក្សា​ស្រាវជ្រាវ ជា​មិត្តភក្តិ ជា​មគ្គុទេសក៍ ជាទី​ប្រឹក្សា ជា​អ្នក​ច្នៃប្រឌិត ជា​អ្នកវិភាគ ជា​អ្នក​កំចាត់​បក្សពួកនិយម ជា​អ្នក​ផ្ដល់នូវ​ទស្សនវិស័យ ជា​អ្នកវាយតម្លៃ ជា​សិល្បករ និង​ជា​អ្នកសម្របសម្រួល​ដ៏​ស្ទាត់ជំនាញ​ជាដើម​។​ល​។

​មូលហេតុ​ដែល​ត្រូវ​ចាត់ទុក​គ្រូបង្រៀន​ជា​ឪពុកម្ដាយ ព្រោះថា​គ្រូបង្រៀន​ត្រូវតែ​រក្សា​ទឹកចិត្ត​ស្រឡាញ់​រាប់អាន​សិស្ស​ប្រៀបដូចជា​កូន​របស់ខ្លួន មាន​ក្ដី​ស្រឡាញ់ មានការ​អាណិតអាសូរ រក្សា​ទឹកចិត្ត​អត់ឱន ស្និត​ស្នាល​ក្នុងឋានៈ​ជា​ឪពុកម្ដាយ​។ ស្រឡាញ់ និង​ផ្ដល់​ចំណេះ​ឲ្យ​សិស្ស ដោយ​មិន​លម្អៀង ប្រៀបដូចជា​ឪពុកម្ដាយ​ផ្ដល់នូវ​សេចក្ដីស្រឡាញ់​ដល់​កូនៗ​ដូច្នេះ​ដែរ​។ បន្ថែម​ពីនេះ​គ្រូបង្រៀន​ក៏​ជា​មិត្តភក្តិ​ដ៏​ល្អ​ជាមួយ​សិស្ស​ផងដែរ​នៅក្នុង​លំហរ​និង​កាល​ខ្លះ​។

​យ៉ាងណាមិញ គ្រូបង្រៀន​ក៏​ជា​អ្នក​មគ្គុទេសក៍ ដ៏​ចំណាន​ក្នុងការ​បង្ហាញផ្លូវ ជា​អ្នក​បំភ្លឺ​ផ្លូវ ដែលមាន​ភាពស្មោះត្រង់ មាន​គុណធម៌​ខ្ពស់​ចំពោះ​សិក្សា​-​នុ​សិស្ស​។  ក្នុងនោះ​ផងដែរ គ្រូបង្រៀន​ត្រូវធ្វើ​ជាទី​ប្រឹក្សា  ដែល​ត្រូវ​ដើរតួនាទី​ជា​អ្នក​អប់រំ ជា​អ្នកដឹកនាំ ព្រមទាំង​ផ្ដល់​ឲ្យ​សិស្ស​បានឃើញ បាន​យល់​ពី​ឧត្ដមគតិ​ជឿនលឿន និង​បង្ហាញ​សិស្ស​ពី​មាគ៌ា​អភិវឌ្ឍន​ចំណេះដឹង សមត្ថភាព ប្រកបដោយ​ភាពត្រឹមត្រូវ​។

​ក្នុងនោះ​ផងដែរ គ្រូបង្រៀន​ក៏​ជា​អ្នកស្រាវជ្រាវ  អ្នកបង្កើត​ថ្មី និង​អ្នកផ្ដល់​ទស្សនវិស័យ ដល់​សិស្ស​ទៅតាម​លទ្ធភាព សមត្ថភាព​ដែល​ខ្លួន​មាន និង​ព្យាយាម​ពង្រីក​ចំណេះដឹង​ខ្លួនឯង​ផងដែរ​។  កត្តា​នេះ​គឺ​មានន័យថា​គ្រូបង្រៀន គឺ​មិនមែន​គ្រាន់តែ​ជា​បុគ្គល​ដែល​ចាំបាច់​ត្រូវតែ​ផ្ទេរ​ចំណេះដឹង និង​បង្រៀន​ទេ​។ ប៉ុន្តែ​គ្រូបង្រៀន គឺជា​អ្នកសិក្សា​ស្រាវជ្រាវ​មួយរូប​ដែល​ត្រូវតែ​ស្វែងរក​អ្វីដែល​ថ្មី យក​បង្ហាញ​និង​ពិភាក្សា​ជាមួយ​សិស្ស ដើម្បី​ស្វែងរក​គំនិត​ដែល​ជួយ​ឲ្យ​មាន​ភាពជឿនលឿន​ដល់​សង្គម និង​សមត្ថភាព​សិស្ស​។

​បន្ថែម​ពីនេះ​គ្រូបង្រៀន ក៏ត្រូវ​តែ​ជា​អ្នកមាន​ជំនាញ​ក្នុងការ​វិភាគ​ពីអ្វី​ដែល​កើតមាន​នៅក្នុង​សង្គម​ឲ្យ​សិស្ស​បាន​យល់ បានដឹង​ក្នុង​ក្របខណ្ឌ​វិជ្ជាជីវៈ មាន​មូលដ្ឋាន​ហេតុ​និង​ផល​ច្បាស់លាស់ ប៉ុន្តែ​មិនមែនជា​អ្នក​បំពុល​ទស្សនៈ ព្រោះតែ​និន្នាការ​ណាមួយ​ទៅលើ​សិស្ស​ឡើយ​។ យ៉ាងណាមិញ គ្រូបង្រៀន ក៏ដូចជា​សិល្បករ​មួយរូប​ច្នៃ​សិស្ស​ឲ្យ​ក្លាយជា​មនុស្ស​ដែលមាន​ប្រយោជន៍​។  ជា​អ្នកវាយតម្លៃ​សិស្ស ឲ្យ​សិស្ស​បាន​ស្គាល់​ពី​ទីតាំង​ពិត​នៃ​ចំណេះដឹង សមត្ថភាព​របស់​ពួកគេ​។ ជា​អ្នកសម្របសម្រួល​ដល់​សិស្ស  ក្នុង​គ្រប់​ស្ថានភាព​ដែល​ខ្លួន​អាចជួយ​ដល់​សិស្ស​បាន​។

​ជារួម​មក ក្នុង​កិច្ចការ​ជា​គ្រូបង្រៀន មិនមែន​គ្រាន់តែ​ទៅ​បង្រៀន​តាមតែ​មេរៀន​ដែល​គេ​បានកំណត់​នោះទេ​។ ប៉ុន្តែ​ត្រូវតែ​ជា​អ្នកចេះ​រំលេច​ឲ្យ​សិស្ស​បានឃើញ ពី​សង្គម​ដែល​ពួកគេ​បានរស់នៅ​ផង និង​បង្ហាញ​ពី​គំនិត​ជឿនលឿន​ផង​។ ហេតុផល​នេះហើយ ទើប​អាជីព​ជា​គ្រូបង្រៀន​មានតម្លៃ​។ ក្នុង​គំនិត​នេះ មិនមែន​លើកឡើង​សំដៅ​ទៅលើ​គ្រូបង្រៀន ដែលមាន​គំនិតអាក្រក់ ឬ​មិនមាន​លក្ខណៈសម្បត្តិ​សមជា​បុគ្គល​គម្រូ​នោះទេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com