បទវិភាគ
និយាយរឿងនយោបាយ នាំខ្មាសគេ បើសូម្បីតែការចុះឈ្មោះបោះឆ្នោត មិនព្រមទៅ!
× ភ្នំពេញ៖ ពលរដ្ឋមួយចំនួនធំ បានត្រឹមតែបញ្ចេញទ្រឹស្តីនយោបាយ ក្នុងការទិតៀនគ្នាទៅវិញទៅមក។ អ្នកខ្លះ រិះគន់បក្សកាន់អំណាច ហើយបង្ហាញជំហរគាំទ្របក្សប្រឆាំង។ រីឯអ្នកខ្លះទៀត លើកតម្កើងគុណសម្បត្តិរបស់បក្សកាន់អំណាចក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍ ហើយសើចចំអកឲ្យបក្សប្រឆាំងថា បានតែរិះគន់ ដោយមិនព្រមធ្វើអ្វីដើម្បីប្រយោជន៍ជាតិ។ មើលទៅ! ម្នាក់ៗ ដូចជាស្រឡាញ់ជាតិខ្លាំងណាស់។ ប៉ុន្តែ ក្នុងចំណោមពលរដ្ឋទាំងនោះ អ្នកខ្លះ ប្រហែលជាមិនទាន់ទៅចុះឈ្មោះបោះឆ្នោតផង ក៏មិនដឹង។
ការបោះឆ្នោត គឺជាធាតុដ៏សំខាន់មួយ ក្នុងសង្គមប្រជាធិបតេយ្យ។ ប្រជាពលរដ្ឋ មានឱកាសក្នុងការជ្រើសរើសអ្នកដឹកនាំប្រទេស តាមរយៈសន្លឹកឆ្នោតរបស់ពួកគេ។
នៅប្រទេសកម្ពុជា ការបោះឆ្នោតជាសាកល ត្រូវបានរៀបចំឡើងជារៀងរាល់៥ឆ្នាំម្តង។ ការបោះឆ្នោតជាសាកល គឺសំដៅលើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។
ដើម្បីមានសិទ្ធិបោះឆ្នោត ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ត្រូវតែទៅចុះឈ្មោះបោះឆ្នោតជាមុនសិន។ និយាយត្រឡប់មកវិញ បើគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោតទេ ប្រជាពលរដ្ឋ មិនអាចត្រូវបានអនុញ្ញាត ឲ្យបោះឆ្នោតជាដាច់ខាត។
បើគិតទៅ រយៈពេល៥ឆ្នាំ ទើបប្រជាពលរដ្ឋកម្ពុជា មានឱកាសម្តង ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សនយោបាយ ដែលខ្លួនពេញចិត្ត។ ថ្ងៃបោះឆ្នោត គឺជាថ្ងៃដែលប្រជាពលរដ្ឋ ត្រូវប្រើប្រាស់សិទ្ធិនិងអំណាច ក្នុងការគាំទ្រឬមិនគាំទ្រចំពោះអ្នកនយោបាយ តាមរយៈសន្លឹកឆ្នោត។ ប្រជាពលរដ្ឋ អាចបោះឆ្នោត ឲ្យអ្នកនយោបាយណា ដែលជួយជាតិនិងគិតគូរពីសុខទុក្ខរបស់ពលរដ្ឋ។ រីឯអ្នកនយោបាយ ដែលបំផ្លាញជាតិ ហើយគិតតែប្រយោជន៍បក្សពួក នឹងមិនត្រូវបានប្រជាពលរដ្ឋ បោះឆ្នោតគាំទ្រនោះទេ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួនធំ បានត្រឹមតែពោលពាក្យថា «ស្រឡាញ់ជាតិ» នៅនឹងមាត់ប៉ុណ្ណោះ។ ប៉ុន្តែ ពួកគេ មិនព្រមប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនឡើយ ហើយនៅតែព្រងើយកន្តើយនឹងការចុះឈ្មោះបោះឆ្នោតដដែល។
រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋមិនតិចទេ ដែលមិនទាន់បានទៅចុះឈ្មោះបោះឆ្នោត។ យោងតាមទិន្នន័យពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានចំនួន៩លាន ៦សែននាក់ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាទាំងអស់។ ក្នុងចំណោម ប្រជាពលរដ្ឋទាំង៩លាន និង៦សែន ប្រជាពលរដ្ឋ ជាង៧លាននាក់ បានទៅចុះឈ្មោះបោះឆ្នោត ដោយគិតពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែវិចិ្ឆកា ឆ្នាំ២០១៦។
ដោយឡែក ប្រជាពលរដ្ឋជាង២លានកន្លះទៀត មិនទាន់បានទៅចុះឈ្មោះបោះឆ្នោតនៅឡើយទេ ខណៈកាលបរិច្ឆេទនៃការបិទបញ្ជីចុះឈ្មោះបោះឆ្នោត កាន់តែខិតជិតមកដល់។ ការចុះឈ្មោះបោះឆ្នោត នឹងត្រូវបញ្ចប់នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះឯង។
ថ្វីដ្បិតតែ ប្រជាពលរដ្ឋ ដែលបោះបង់ការចុះឈ្មោះបោះឆ្នោត មិនត្រូវបានដាក់ទោសទណ្ឌតាមផ្លូវច្បាប់ក៏ពិតមែន ប៉ុន្តែប្រជាពលរដ្ឋ គប្បីមានសេចក្តីអៀនខ្មាសចំពោះខ្លួនឯង និងចំពោះអ្នកដទៃ។ បើសូម្បីតែការចុះឈ្មោះឆ្នោត ដែលជាកាតព្វកិច្ច ក្នុងនាមជាពលរដ្ឋ អ្នកមិនអាចបំពេញបានផង តើអ្នកមានមុខមាត់អ្វីទៅរិះគន់អ្នកនយោបាយ ឬក៏ទៅបញ្ចេញវោហារសាស្ត្រខាងនយោបាយបែបនេះឬបែបនោះ នៅចំពោះមុខអ្នកដទៃ?។
៥ឆ្នាំ មានតែម្តងទេ! តោះ ប្រញាប់នាំគ្នាទៅចុះឈ្មោះបោះឆ្នោត កុំឲ្យគេដាស់តឿនច្រើនពេក!
© រក្សាសិទ្ធិដោយ thmeythmey.com