ជាតិ
ស្ទឹង​សៀមរាប​ប្រដូច​ទៅនឹង​ទន្លេ​គង្គា​របស់​ឥណ្ឌា​
03, Apr 2022 , 11:29 am        
រូបភាព
​សៀមរាប​៖ ស្ទឹង​សៀមរាប ត្រូវបាន​ចាត់ទុកថា ជា​ស្ទឹង​ប្រវត្តិសាស្ត្រ​មួយ​ដ៏​សំខាន់​សម្រាប់​ខេត្តសៀមរាប​។  តាមពិតទៅ ស្ទឹង​សៀមរាប គឺជា​ស្ទឹង​សិប្ប​និមិត្ត ដែល​កកើតឡើង​ដោយ​ស្នាដៃ​របស់​មនុស្ស​។ គ្មាន​ឯកសារ​បញ្ជាក់​ពី​ឆ្នាំ​នៃ​ការបង្កើត​ស្ទឹង​សៀមរាប​ឲ្យ​ជាក់លាក់​នោះទេ ប៉ុន្តែ​អ្នកស្រាវជ្រាវ​បាន​បញ្ជាក់ថា វា​ត្រូវគេ​បង្កើត និង​កែច្នៃ​ជាច្រើន​សារ តម្រូវ​តាម​ការរៀបចំ​ដែនដី​នៅ​សម័យអង្គរ​។​

 
​ស្ទឹង​សៀមរាប កកើតឡើង​ដោយសារ​ការ​ប្រសព្វ​គ្នា​រវាង​អូរ​ធំៗ​ចំនួន​២ គឺ​អូរ​ធំ និង​អូរ​ក្បាលស្ពាន​។ ស្ទឹង​សៀមរាប ស្ថិតក្នុង​ចំណោម​ស្ទឹង​សំខាន់​ទាំងបី ដែល​ហូរ​កាត់​តំបន់​អង្គរ ដោយ​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​។ ស្ទឹង​នេះ ស្ថិតនៅ​ខាងកើត​ស្ទឹង​ពួក និង​ខាងលិច​ស្ទឹង​រលួស​។​
 
​យោងតាម​ឯកសារ​របស់លោក អ៊ឹម សុខ​រិទ្ធី អនុប្រធាននាយកដ្ឋាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានសរសេរថា ស្ទឹង​សៀមរាប ដែល​គេ​ឃើញ​សព្វថ្ងៃ ចាប់ពី​ចំណុច «​បំពេញ​រាជ​» មក ជា​សមិទ្ធិផល​នៃ​ស្នាដៃ​មនុស្ស​បង្កើត ក្នុងសម័យ​អង្គរ​។ ស្ទឹង​នេះ កើត​ពី​អូរ​តូចៗ ដែល​ហូរ​ពី​ភ្នំ​ផ្សេងៗ ដែល​ស្ថិតនៅ​ខាងជើង​វាលរាប​អង្គរ បន្ទាប់មក​វា​ជួបគ្នា​នៅ​ច្រក​មួយ មុននឹង​ហូរ​ធ្លាក់​ទៅកាន់​វាលរាប​។ ក្នុងនោះ​ក៏មាន​ដៃ​អូរ​តូចៗ​ជាច្រើន បាន​ហូរ​មក​ភ្ជាប់​បន្ថែមទៀត ដែល​ប្រភព​២​សំខាន់​ដែល​គេ​ស្គាល់​ច្បាស់​នោះ គឺ​អូរ​ធំ និង​អូរ​ក្បាលស្ពាន​។​
 
«​អូរ​ធំ​» មាន​ប្រភពពី​ភ្នំ​គូ​លេន ដែលមាន​ចំងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​ពី​ទិសឦសាន​នៃ​រមណីយដ្ឋាន​អង្គរ​។ លោក អ៊ឹម សុខ​រិទ្ធី បាន​លម្អិត​ក្នុង​ឯកសារ​របស់លោក​បន្ថែ​ម​ទៀតថា ភ្នំ​គូ​លេន ដែលមាន​លក្ខណៈ​ខ្ពង់រាប មាន​បណ្តោយ ២៥​គីឡូម៉ែត្រ លាតសន្ធឹង​ពី​ទិស​ពាយព្យ​មក​ទិសអាគ្នេយ៍ និង​មាន​ទទឹង ១៥​គីឡូម៉ែត្រ ពី​ទិសនិរតី​មក​ឦសាន និង​មាន​កម្ពស់​៣០០​ម៉ែត្រ ទៅ​៤៥០​ម៉ែត្រ ប្រៀប​នឹង​វាលទំនាប​ជុំវិញ​។ ជ្រលង​ចុង​ខាងកើត​នៃ​ខ្ពង់រាប​គូ​លេន មាន​ជប់​ធំ​មួយ​ដែល​ឲ្យ​កំណើត​ទៅ​ផ្លូវទឹក​សំខាន់ៗ​ពីរ គឺ​អូរ​ថ្ម​ដាប់ និង​អូរ​ធំ​។ 
 
​ចេញពី​ជប់ អូរ​ធំ​ហូរ​ធ្លាក់ចុះ​មកពី​ទិស​ពាយព្យ ដោយ​ទទួល​ទឹក​ពី​អូរ​តូចៗ​ជាច្រើន បត់បែន​តាម​ជ្រលង​ថ្ម ហើយ​ប្រមាណ ១៥ គីឡូម៉ែត្រ​ពី​ប្រភព ទើប​ទៅដល់​ទឹកធ្លាក់​ម្តុំ​ព្រះអង្គ​ធំ​។ ជា​បន្តបន្ទាប់ វា​បន្តដំណើរ​ហូរ​ទៅមុខ ហូរ​ចុះ​យ៉ាង​ឆ្ងាយ ទើប​ទៅដល់​ជើងភ្នំ​ហប់ ផ្នែក​ខាងកើត​។ ចុងក្រោយ អូរ​ធំ​ហូរ​ចុះមក​ខាងលិច ប្រសព្វ​នឹង​ស្ទឹង​ឫស្សី ហើយ​ហូរ​ចុះមក​ត្បូង​រួមគ្នា បង្កើតជា ស្ទឹង​សៀមរាប​។ 
 
​ចំណែក​«​អូរ​ក្បាលស្ពាន​» វិញ អូរ​នេះ​មាន​ប្រភពពី​ភ្នំ​ក្បាលស្ពាន និង​ភ្នំ​ក្រោល​។ ក្បាលស្ពាន​ស្ថិតនៅ​ភូមិ​ឃុន​រាម ស្រុក​បន្ទាយស្រី មាន​ចំងាយ​ប្រមាណ​១៥​គីឡូម៉ែត្រ​ទិសឦសាន​ពី​ប្រាសាទបន្ទាយស្រី​។ ឯកសារ​របស់លោក អ៊ឹម សុខ​រិទ្ធី បាន​លម្អិត​ទៀតថា អូរ​ក្បាលស្ពាន ស្ថិតនៅលើ​កម្ពស់​ប្រមាណ ២០០​ម៉ែត្រ​ពី​ផ្ទៃ​ទឹកសមុទ្រ ហូរ​ចុះ​ពី​ទិស​ពាយព្យ​មក​អាគ្នេយ៍ បង្កើតជា​ទឹកធ្លាក់​មួយ​មាន​កម្ពស់​ពី​៥​ទៅ​៦​ម៉ែត្រ រួច​ចូលទៅក្នុង​អូរឫស្សី និង​បន្ត​ហូរ​ទៅ​ជួប​អូរ​ធំ​ស្ថិតនៅ​ជើងភ្នំ​ហប់​។ អូរ​ធំ និង​អូរឫស្សី ក៏​ហូរ​ចូលគ្នា​បង្កើតជា​ស្ទឹង​តែមួយ គឺ​ស្ទឹង​សៀមរាប ដែល​ហូរ​ចុះទៅ​ខាងត្បូង ស្រោចស្រព​តំបន់​អង្គរ មុននឹង​ហូរ​ចាក់​ទៅ​បឹង​ទន្លេសាប​។​
 
​ទឹក​ដែល​ហូរ​តាម​អូរ​ធំ និង​អូរ​ក្បាលស្ពាន ទទួល​មន្ត​ពី​ចម្លាក់​ជាច្រើន មានដូចជា សហ​ស្រ​លិង្គ ឫ​ហៅថា​លិង្គ​មួយ​ពាន់ ដែល​ត្រូវបាន​ឆ្លាក់​នៅ​ឆ្នាំ ១០៥៤​នៃ​គ​.​ស ក្នុង​រាជ្យ​ព្រះបាទ​សូរ្យ​វរ្ម័នទី​១​។ ទឹក​នះ​ហូរ​ធ្លាក់​ចូលទៅ​ស្ទឹង​សៀមរាប បន្ត​កាត់​តាម​អង្គរ និង​ធ្លាក់ចូល​បឹង​ទន្លេសាប​។ តាម​អ្នកមាន​ជំនឿ ទឹក​នេះ​ជា​ប្រភព​នៃ​សេចក្តី​ចម្រុងចម្រើន និង​ត្រជាក់ត្រជុំ​។​
 
​ស្ទឹង​សៀមរាប​ប្រៀបដូចជា​ទន្លេ​គង្គា​នៅ​ស្រុក​ឥណ្ឌា​។ ទន្លេ​គង្គា​មាន​ប្រភពពី​ភ្នំ​ហិមពាន្ត​។ តាម​សាសនាព្រាហ្មណ៍ ទន្លេ​នេះ​មានកំណើត​នៅ​ឋានសួគ៌​។ ទន្លេ​គង្គា​ហូរ​ធ្លាក់​មកលើ​ដី​មាន​រូបរាង​ជា​ភ្លៀង រួច​ជ្រាបចូល​ទៅក្នុង​ដី និង​ចុងបញ្ចប់​ហូរ​ចេញ​មកវិញ​ផ្តល់​ជា​ប្រភពទឹក​ទៅ​ស្ទឹង​ទន្លេ​ទាំងឡាយ​។ ភ្នំ​នៅក្បែរ​វាល​អង្គរ និង​ភ្នំ​ហិមពាន្ត​ទទួល​ទឹកភ្លៀង​នៅ​រដូវវស្សា​ជាមួយគ្នា គឺ​រដូវ​មូសុងវស្សា ភ្នំ​ទាំងនោះ​ជា​អាងទឹក​ធម្មជាតិ និង​ជា​ប្រភព​នៃ​ស្ទឹង និង​ទន្លេ​ទាំង​ពូ​ង​ដែល​ហូរ​មកកាន់​តំបន់​ទំនាប​។ បន្ទាប់មក មនុស្ស​បាន​ចាត់ចែង​រៀបចំ​យក​ទឹកស្ទឹង​ទន្លេ​ទាំងនោះ​មកប្រើប្រាស់ ទៅតាម​តម្រូវការ​ជាក់ស្តែង​រប​ស់​ខ្លួន​។​
 
​នៅ​ស្រុក​ខ្មែរ​គ្មាន​ទន្លេ​គង្គា​ដូច​ឥណ្ឌា​ទេ​។ ដូច្នេះហើយ ខ្មែរ​បាន​កែច្នៃ​រៀបចំ​ប្រភព​ស្ទឹង ដើម្បី​ប្រដូច​ទៅនឹង​ទន្លេ​គង្គា​។ ដូចជា​នៅ​ភ្នំ​គូ​លេន និង​ក្បាលស្ពាន ខ្មែរ​ឆ្លាក់​លិង្គ និង​រូប​ទេព​ផ្សេងៗ​នៅតាម​បណ្តោយ​អូរ​ធំ និង​អូរ​ក្បាលស្ពាន​។ អូរ​ទាំងពីរ​នេះ​ជា​ប្រភព​នៃ​ស្ទឹង​សៀមរាប​។ ទឹក​ហូរ​កាត់​តាម​លិង្គ​ប្រៀបដូចជា​ភ្លៀង​ធ្លាក់​មកពី​ភ្នួ​ង​សក់​ព្រះ​ឥសូរ​។ ហេតុនេះហើយ ដែល​គេ​ថា ស្ទឹង​សៀមរាប​ប្រៀប​ដូចនឹង​ទន្លេ​គង្គា​៕

Tag:
 ប្រវត្តិ​ស្ទឹង​សៀមរាប​
  ទន្លេ​គង្គា​
  ភ្នំ​គូ​លេន
© រក្សាសិទ្ធិដោយ thmeythmey.com