ជាតិ
សង្គមជាតិ
កម្ពុជា​រកឃើញ​ពលរដ្ឋ​ម្នាក់​មានជំងឺ​ហ្ស៊ី​កា
18, Nov 2016 , 8:45 pm        
រូបភាព
ដោយ: ថ្មីៗ

​ភ្នំពេញ​៖ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​រកឃើញ​ករណី​ពលរដ្ឋ​ម្នាក់​មាន​ផ្ទុក​ជំងឺ​ហ្ស៊ី​កា ជា​លើកដំបូង ក្នុង​ឆ្នាំ​២០១៦​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​រវាង​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​។​



​តាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី​១៨ ខែវិច្ឆិកា​នេះ បុរស​ម្នាក់​ដែលមាន​ជំងឺ Zika មាន​វ័យ ៤៤​ឆ្នាំ ជា​ពលរដ្ឋ​រស់នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ យ៉ាងណា លោក​បានជា​សះស្បើយ​ ហើយលោក​បាន​ចេញពី​មន្ទីរពេទ្យ នៅថ្ងៃនេះ បន្ទាប់ពី​លោក​បាន​ចូល​សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម តាំងពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦​មក​។​

​តាម​សេចក្តី​ប្រកាសដែល​ចេញ​ក្រោយ​ការរកឃើញ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រយៈពេល ៧​ថ្ងៃ គិត​ចាប់តាំងពី​ឆ្នាំ​២០០៧ មក កម្ពុជា​រកឃើញ​ករណី​ជំងឺ Zika ចំនួន ៨​ករណី​។​

​តាម​ក្រសួងសុខាភិបាល វីរុស​ហ្សី​កាឆ្លង​មក​មនុស្ស​តាមរយៈ​សត្វ​មូស​ខ្លា​ដែលមាន​ផ្ទុក​វីរុស ហ្ស៊ី​កា​ខាំ ហើយ​វា​បង្ហាញ​រោគសញ្ញាពី​២ ទៅ​៣​ថ្ងៃ ក្រោយ​ជំងឺ​ត្រូវបាន​មូស​ខ្លាខាំ​។ រោគសញ្ញា​ទាំងនោះ ដូចជា គ្រុនក្តៅ ឡើងក​ន្តួ​ល​ក្រហម​លើ​ស្បែក ភ្នែក​ឡើង​ក្រហម ឈឺ​សាច់ដុំ ឈឺសន្លាក់ និង​អស់កម្លាំង ជាដើម​។ យ៉ាងណា រោគសញ្ញា​ទាំងនេះ អាច​សះស្បើយ​រយៈពេលពី ​២ ទៅ​ ៧​ថ្ងៃ​។​

​ករណី​មាន​អ្នកមាន​ជំងឺ Zika​នេះ ក្រសួងសុខាភិបាល​ណែនាំ​​អ្នកជំងឺឲ្យ​ពិសារ​ទឹក​ឲ្យ​ច្រើន និង​ព្យាបាលដោយ​ប្រើ​ថ្នាំ​បញ្ចុះ​កម្តៅ​។ ប្រសិន​រោគសញ្ញា​ធ្ងន់ធ្ងរ អ្នកជំងឺ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ នៅតាម​មន្ទីរ​ព្យាបាល​៕



Tag:
 Zika
© រក្សាសិទ្ធិដោយ thmeythmey.com