អន្តរជាតិ
កងទ័ព​ចិន​កំពុង​ប្រុង​ជើងការ​ខ្ពស់ ក្រោយ​ការប៉ះទង្គិច​នៅ​មី​យ៉ាន់​ម៉ា​
21, Nov 2016 , 1:36 pm        
រូបភាព
​កងទ័ព​រំដោះប្រជាជន​ចិន ត្រូវបាន​ដាក់​ឲ្យ​ស្ថិតក្រោម​ការប្រុងប្រយ័ត្ន​កម្រិត​ខ្ពស់ បន្ទាប់ពី​ការ​វាយ​ប្រយុទ្ធ​នៅក្នុង​រដ្ឋ​សាន​របស់​មី​យ៉ាន់​ម៉ា ដែល​ស្ថិត​ក្បែរ​ព្រំដែន​ជាមួយ​ចិន​។ កងទ័ព​ចិន ក៏បាន​ស្នើ​ភាគី​មី​យ៉ាន់​ម៉ា ឲ្យ​រក្សា​ភាពស្ងប់ស្ងាត់​ឡើងវិញ​។ ហើយ​ចិន កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ស្ថានការណ៍​វាយ​ប្រយុទ្ធ​នេះ និង​វិធានការណ៍​ឆ្លើយតប​ចាំបាច់ ក្នុងករណី​អធិបតេយ្យ​របស់ខ្លួន ត្រូវបាន​រំលោភបំពាន​។



​ក្រុង​ប៉េកាំង​បាន​និយាយថា កងទ័ព​របស់ខ្លួន កំពុង​ប្រុង​ជើងការ​ខ្ពស់បំផុត ក្រោយ​មានការ​វាយប្រហារ​លើ​ទីតាំង​យោធា​និង​ប៉ូលិស​មី​យ៉ាន់​ម៉ា​នៅក្នុង​រដ្ឋ​សាន ជិត​ព្រំដែន​ចិន នៅ​ចុង​សប្ដាហ៍​មុន​។ ចិន ក៏បាន​ត្រួតពិនិត្យ​ការវិវឌ្ឍ​ថ្មីៗ​ទៀត​នៃ​ស្ថានការណ៍​ប្រយុទ្ធ​គ្នា​នៅ​រដ្ឋ​សាន និង​ត្រៀម​ធ្វើ​សកម្មភាព​ឆ្លើយតប ដើម្បី​ការពារ​ប្រជាជន​ខ្លួន ដ្បិត​មាន​របាយការណ៍​បង្ហាញ​ថា មាន​គ្រាប់កាំភ្លើង ធ្លាក់ចូល​ទឹកដី​របស់​ចិន​ទៀតផង​។

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ក្រសួងការពារជាតិ​ចិន បញ្ជាក់ថា កងទ័ព​ប្រជាជន​ចិន ត្រូវបាន​ដាក់​ឲ្យ​ត្រៀមខ្លួន​រួចហើយ ដើម្បី​ទប់ទល់​ស្ថានការណ៍​អាក្រក់​ដែល​អាច​កើតចេញពី​ការប៉ះទង្គិច​នៅ​មី​យ៉ាន់​ម៉ា​។ ហើយ​ចិន ឆ្លើយតប​ដាច់ខាត​ដើម្បី​ការពារ​អធិបតេយ្យ​និង​សុខ​សន្តិសុខ​ជាតិ ព្រមទាំង​ការពារ​សុវត្ថិភាព​ប្រជាជន​ខ្លួន ក៏ដូចជា​ទ្រព្យសម្បត្តិ​ទាំងឡាយ​នៅក្បែរ​តំបន់​មាន​ជម្លោះ​។

​ក្រសួងការពារជាតិ​ចិន​ក៏បាន​សង្ឃឹមថា ភាគ​ីជម្លោះ​នៅ​មី​យ៉ាន់​ម៉ា នឹង​រក្សា​ភាព​ស្ងៀម​ស្ងាត់ និង​ចៀសវាង​សកម្មភាព​ប៉ះទង្គិច​បន្តទៀត ដែល​អាច​ប៉ះពាល់​សន្តិសុខ និង​អធិបតេយ្យ​របស់​ចិន​។ នេះ​ក៏​ព្រោះតែ​ចិន​ធ្លាប់មាន​បទពិសោធ​រង​គ្រោះ​ដោយសារ​ការ​វាយ​ប្រយុទ្ធ​នៅ​មី​យ៉ាន់​ម៉ា ដែល​សម្លាប់​ប្រជាជន​ចិន​អស់​មួយចំនួន​ផងដែរ​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ក្រុម​ប្រដាប់អាវុធ​បី​ក្រុម បាន​បើក​ការវាយប្រហារ​លើ​ទីតាំង​យោធា​មី​យ៉ាន់​ម៉ា ភាគ​ខាងជើង​ក្បែរ​ព្រំដែន​ជាមួយ​ចិន នៅក្នុង​រដ្ឋ​សាន​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ដោយបាន​ផ្សាយ​ទៀតថា ការវាយប្រហារ​នេះ ក៏មាន​អ្នកស្លាប់ និង​របួស​ជាច្រើន​នាក់​ផងដែរ​។ មិនតែប៉ុណ្ណោះ ជនជាតិ​មី​យ៉ាន់​ម៉ា​ជាច្រើន ក៏បាន​រត់​ភៀសខ្លួន​មកកាន់​ព្រំដែន​រវាង​មី​យ៉ាន់​ម៉ា​និង​ចិន​ដែរ​។​

​ជម្លោះ​ប្រដាប់អាវុធ​រវាង​ក្រុម​ឧទ្ទាម និង​កងកម្លាំង​យោធា​មី​យ៉ាន់​ម៉ា មិនទាន់​រក​ច្រកចេញ​ឃើញ​នៅឡើយ​ទេ បើទោះជា​ប្រជាជន​ស្លួ​ត​ត្រង់​រាប់ម៉ឺន​នាក់ បាត់បង់​ជីវិត និង​ភៀសខ្លួន​ចោល​ផ្ទ​ះសម្បែង​ក៏ដោយ​។ ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​ជាច្រើន​ក្រុម នៅតែ​បន្តសកម្មភាព​របស់ខ្លួន ដើម្បី​ទាមទារ​ឯករាជ្យ​តំបន់​របស់ខ្លួន​។ ចំណែក​រដ្ឋាភិបាល​ស៊ីវិល​ដែល​ចូលកាន់​តំណែង​ជាង​មួយឆ្នាំ​មកហើយ​នេះ ក៏​មិនទាន់​រក​ផ្លូវ​ដោះស្រាយ​បញ្ហា​នេះ​បានដែរ​៕


Tag:
 ចិន​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com