ជាតិ
សង្គមជាតិ
អភិបាលខេត្តកោះកុងមិនបានដឹងថាមានការសង់រោងចក្រផលិតម្សៅវល្លិរមៀតឡើយ រូបភាព៖ហេង ស្រស់
× បណ្តាញនិស្សិតឃ្លាំមើលបរិស្ថាន និងធនធានធម្មជាតិ បានអះអាងថា មានរោងចក្រផលិតម្សៅវល្លិរមៀត មួយ កំពុងសាងសង់នៅខាងក្រោយសាលាស្រុកថ្មបាំង ប្រមាណ២គីឡូម៉ែត្រ។ អាជ្ញាធរខេត្តកោះកុង មិនបានដឹងរឿងនេះឡើយ ប៉ុន្តែបញ្ជាក់ថានឹងផ្អាកការសាងសង់ភ្លាម ក្នុងករណីគ្មានច្បាប់អនុញ្ញាត។
បណ្តាញនិស្សិតឃ្លាំមើលបរិស្ថាន និងធនធានធម្មជាតិ បានរកឃើញរោងចក្រមួយកំពុងសាងសង់ដើម្បី ផលិតម្សៅវល្លិរមៀត។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃទី២២ ខែវិច្ឆិកា ទីតាំងរោងចក្រនេះ មានថៅកែជាជនជាតិចិន បានចាប់ផ្តើមសាងសង់ប្រមាណ៣ខែមកហើយ លើផ្ទៃដីប្រមាណ១០០ហិកតា ស្ថិតនៅខាងក្រោយសាលាស្រុកថ្មបាំង ប្រមាណ២គីឡូម៉ែត្រ និងមានការយាមកាមតឹងរឹងទៀតផង។
តាមការស្រាវជ្រាវរបស់បណ្តាញនិស្សិតឃ្លាំមើលបរិស្ថាន និងធនធានធម្មជាតិដដែល ក្នុងរយៈពេលសាងសង់រោងចក្រ ក៏មានការប្រកូកប្រកាសទិញវល្លិរមៀតពីអ្នកភូមិក្នុងតម្លៃ២០០រៀល ក្នុងមួយគីឡូក្រាមផងដែរ។
លោក ហេង ស្រស់ តំណាងបណ្តាញនិស្សិតឃ្លាំមើលបរិស្ថាន និងធនធានធម្មជាតិ កំពុងបារម្ភចំពោះការរោងចក្រនេះ។ លោក ចង់ឲ្យរដ្ឋាភិបាល ផ្អាកការសង់រោងចក្រនេះ ទោះមាន ឬគ្មានច្បាប់អនុញ្ញាតក៏ដោយ ដោយបារម្ភថាម្សៅវល្លិរមៀតនេះ អាចនឹងនាំឲ្យមានការផលិតគ្រឿងញៀននៅកន្លែងផ្សេង។
លោក ហេង ស្រស់ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖«ខ្ញុំចង់ឲ្យរដ្ឋាភិបាលបញ្ជាក់ថាតើរោងចក្រហ្នឹងមានច្បាប់អនុញ្ញាតឬអត់? ទោះមានច្បាប់ក៏ដោយ ក៏ខ្ញុំចង់ឲ្យរដ្ឋាភិបាលផ្អាកដែរ ពីព្រោះយើងមិនដឹងថាតើការផលិតម្សៅវល្ខិរមៀតហ្នឹងដើម្បីអ្វី យកទៅណា?។ យើងដឹងហើយថា ម្សៅវល្ខិរមៀតជាវត្ថុធាតុដើមផលិតគ្រឿងញៀន បើរដ្ឋាភិបាលផ្អាកទប់ស្កាត់ដំណាក់កាលទី១នេះបាន នោះការផលិតគ្រឿងញៀនក៏គ្មានដែរ»។
ទាក់ទងនឹងបញ្ហានេះ លោក ប៊ុន លើត អភិបាលខេត្តកោះកុង បានអះអាងថា មិនបានដឹងថាមានរោងចក្រ ផលិតម្សៅ វល្លិរមៀតកំពុងសាងសង់នោះឡើយ។ លោក ប៊ុន លើត បញ្ជាក់បន្ថែមថា នឹងត្រួតពិត្យរឿងនេះ និងផ្អាកការសាងសង់ក្នុងករណីគ្មានច្បាប់អនុញ្ញាត។
លោក ប៊ុន លើត បានបញ្ជាក់ប្រាប់ សារព័ត៌មានថ្មីៗតាមទូរសព្ទនៅថ្ងៃនេះថា៖«ខ្ញុំអត់បានត្រួតពិនិត្យ ខ្ញុំអត់បានដឹងផង។ បើមានមែន យើងត្រូវត្រួតពិនិត្យមើលលិខិតអនុញ្ញាត ហើយបើអត់មានទេ យើងផ្អាកការសាងសង់ ព្រោះវាខុសច្បាប់»។
វល្លិរមៀត ជាប្រភេទជាប្រភេទរុក្ខជាតិវល្លិម្យ៉ាងដែលមានក្លិនក្រពុល រសជាតិជូរផ្អែមដូចស្ពាន់ធ័រលាយជាមួយស្ករត្នោត។ វាជាសារធាតុមេសម្រាប់ផលិតគ្រឿងញៀន ជាពិសេសអ៊ិចស្តាស៊ី។
សូមបញ្ជាក់ថា រោងចក្រវល្លិរមៀតរបស់ក្រុមហ៊ុនទ្រី ភាព ត្រូវបានរាជរដ្ឋាភិបាលផ្អាកដំណើរការ កាលពីឆ្នាំ ២០១៤ ។ ក្រុមហ៊ុន ទ្រី ភាព បានទទួលសិទ្ធិប្រមូល និងកែច្នៃ វល្លិរមៀតនៅកម្ពុជាតាមលិខិតអនុញ្ញាត ចុះថ្ងៃទី១ ខែមិនា ឆ្នាំ២០១៣ ៕
Tag:
ថ្មបាំង
ម្សៅវល្លិរមៀត
ហេង ស្រស់
© រក្សាសិទ្ធិដោយ thmeythmey.com