ជាតិ
សង្គមជាតិ
អភិបាលខេត្ត​កោះកុង​មិនបាន​ដឹងថា​មានការ​សង់រោង​ចក្រ​ផលិត​ម្សៅ​វល្លិ​រមៀត​ឡើយ​
22, Nov 2016 , 9:19 pm        
រូបភាព
រូបភាព៖ហេង ស្រស់
រូបភាព៖ហេង ស្រស់
​បណ្តាញ​និស្សិត​ឃ្លាំមើល​បរិស្ថាន និង​ធនធានធម្មជាតិ បាន​អះអាងថា មាន​រោងចក្រ​ផលិត​ម្សៅ​វល្លិ​រមៀត មួយ កំពុង​សាងសង់​នៅ​ខាងក្រោយ​សាលាស្រុក​ថ្មបាំង ប្រមាណ​២​គីឡូម៉ែត្រ​។ អាជ្ញាធរ​ខេត្តកោះកុង មិនបាន​ដឹង​រឿង​នេះឡើយ ប៉ុន្តែ​បញ្ជាក់ថា​នឹង​ផ្អាក​ការសាងសង់​ភ្លាម ក្នុងករណី​គ្មាន​ច្បាប់​អនុញ្ញាត​។​



​បណ្តាញ​និស្សិត​ឃ្លាំមើល​បរិស្ថាន និង​ធនធានធម្មជាតិ បាន​រកឃើញ​រោងចក្រ​មួយ​កំពុង​សាងសង់​ដើម្បី ផលិត​ម្សៅ​វល្លិ​រមៀត​។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ទីតាំង​រោងចក្រ​នេះ មាន​ថៅកែ​ជា​ជន​ជាតិចិន បានចាប់ផ្តើម​សាងសង់​ប្រមាណ​៣​ខែ​មកហើយ លើ​ផ្ទៃដី​ប្រមាណ​១០០​ហិកតា ស្ថិតនៅ​ខាងក្រោយ​សាលាស្រុក​ថ្មបាំង ប្រមាណ​២​គីឡូម៉ែត្រ និង​មានការ​យាមកាម​តឹងរឹង​ទៀតផង​។​

​តាម​ការស្រាវជ្រាវ​រប​ស់​បណ្តាញ​និស្សិត​ឃ្លាំមើល​បរិស្ថាន និង​ធនធានធម្មជាតិ​ដដែល ក្នុង​រយៈពេល​សាងសង់​រោងចក្រ ក៏​មានការ​ប្រកូក​ប្រកាស​ទិញ​វល្លិ​រមៀត​ពី​អ្នកភូមិ​ក្នុងតម្លៃ​២០០​រៀល ក្នុង​មួយ​គីឡូក្រាម​ផងដែរ​។

​លោក ហេង ស្រស់ តំណាង​បណ្តាញ​និស្សិត​ឃ្លាំមើល​បរិស្ថាន និង​ធនធានធម្មជាតិ កំពុង​បារម្ភ​ចំពោះ​ការ​រោងចក្រ​នេះ​។ លោក ចង់​ឲ្យ​រដ្ឋាភិបាល ផ្អាក​ការសង់​រោងចក្រ​នេះ ទោះ​មាន ឬ​គ្មាន​ច្បាប់​អនុញ្ញាត​ក៏ដោយ ដោយ​បារម្ភ​ថា​ម្សៅ​វ​ល្លិ​រមៀត​នេះ អាច​នឹង​នាំ​ឲ្យ​មាន​ការផលិត​គ្រឿងញៀន​នៅ​កន្លែង​ផ្សេង​។​

​លោក ហេង ស្រស់ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖«​ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​បញ្ជាក់ថា​តើ​រោងចក្រ​ហ្នឹង​មានច្បាប់​អនុញ្ញាត​ឬ​អត់​? ទោះ​មានច្បាប់​ក៏ដោយ ក៏​ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ផ្អាក​ដែរ ពីព្រោះ​យើង​មិនដឹងថា​តើ​ការផលិត​ម្សៅ​វ​ល្ខិ​រមៀត​ហ្នឹង​ដើម្បី​អ្វី យកទៅ​ណា​?​។ យើង​ដឹង​ហើយ​ថា ម្សៅ​វ​ល្ខិ​រមៀត​ជា​វត្ថុធាតុដើម​ផលិត​គ្រឿងញៀន បើ​រដ្ឋាភិបាល​ផ្អាក​ទប់ស្កាត់​ដំណាក់កាល​ទី​១​នេះ​បាន នោះ​ការផលិត​គ្រឿងញៀន​ក៏​គ្មាន​ដែរ​»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង បាន​អះអាងថា មិនបាន​ដឹងថា​មាន​រោងចក្រ ផលិត​ម្សៅ   វល្លិ​រមៀត​កំពុង​សាងសង់​នោះឡើយ​។ លោក ប៊ុន លើ​ត បញ្ជាក់​បន្ថែមថា នឹង​ត្រួត​ពិ​ត្យ​រឿងនេះ និង​ផ្អាក​ការសាងសង់​ក្នុងករណី​គ្មាន​ច្បាប់​អនុញ្ញាត​។

​លោក ប៊ុន លើ​ត បានបញ្ជាក់​ប្រាប់ សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅថ្ងៃនេះ​ថា​៖«​ខ្ញុំ​អត់​បាន​ត្រួតពិនិត្យ ខ្ញុំ​អត់​បាន​ដឹងផង​។ បើ​មាន​មែន យើង​ត្រូវ​ត្រួត​ពិនិត្យមើល​លិខិតអនុញ្ញាត ហើយ​បើ​អត់​មាន​ទេ យើង​ផ្អាក​ការសាងសង់ ព្រោះ​វា​ខុសច្បាប់​»​។

​វល្លិ​រមៀត ជា​ប្រភេទ​ជា​ប្រភេទ​រុក្ខជាតិ​វល្លិ​ម្យ៉ាង​ដែលមាន​ក្លិន​ក្រពុល រសជាតិ​ជូរ​ផ្អែម​ដូច​ស្ពាន់ធ័រ​លាយ​ជាមួយ​ស្ករត្នោត​។ វា​ជា​សារធាតុ​មេ​សម្រាប់​ផលិត​គ្រឿងញៀន ជាពិសេស​អ៊ិ​ច​ស្តា​ស៊ី​។​

​សូមបញ្ជាក់ថា រោងចក្រ​វល្លិ​រមៀត​របស់​ក្រុមហ៊ុន​ទ្រី ភាព ត្រូវបាន​រាជរដ្ឋាភិបាល​ផ្អាក​ដំណើរការ កាលពី​ឆ្នាំ ២០១៤ ។ ក្រុមហ៊ុន ទ្រី ភាព បានទទួល​សិទ្ធិ​ប្រមូល និង​កែច្នៃ វល្លិ​រមៀត​នៅ​កម្ពុជា​តាម​លិខិតអនុញ្ញាត ចុះ​ថ្ងៃទី​១ ខែ​មិនា ឆ្នាំ​២០១៣ ៕


Tag:
 ថ្មបាំង
  ម្សៅ​វល្លិ​រមៀត​
 ​ ហេង ស្រស់​
© រក្សាសិទ្ធិដោយ thmeythmey.com