ជាតិ
ឯកឧត្តម ​សម រង្ស៊ី អស់សំណើច​នឹង​តុលាការ ដែលយកភស្តុតាងពី​ហ្វេ​ស​ប៊ុ​ក​ ដើម្បី​កាត់ទោស​លោក
24, Nov 2016 , 9:08 pm        
រូបភាព
​ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ កាត់ទោស​ឯកឧត្តម សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ឯកសារ​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ឯកឧត្តម សម រង្ស៊ី មិន​ភ័យព្រួយ​បន្តិច​ឡើយ​ចំពោះ​ការកាត់ទោស​នេះ ហើយ​ថែមទាំង ចំអក​ឲ្យ​តុលាការ​នៅ​កម្ពុជា  ថា​យក​ភស្តុតាង​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើជា​មូលដ្ឋាន​ក្នុងការ​ចោទប្រកាន់​ទៅវិញ​។




​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក រិះគន់​ខ្លាំងៗ ទៅលើ​តុលាការ ដែល​ត្រៀម​នឹង​កាត់ទោស​ខ្លួន រួមទាំង​ជំនួស​ការ​ចំនួន​២​នាក់​ផ្សេងទៀត នៅ​ថ្ងៃស្អែក​នេះ​។ ឯកឧត្តម សម រង្ស៊ី ដែល​រំ​ព័ទ្ធ​ដោយ​រឿងក្តី​នោះ បាន​ចោទ​តុលាការ​ក្នុងប្រទេស​កម្ពុជា ថា​ស្ថិតនៅក្រោម​ការបង្គាប់រ​បស់​អ្នកនយោបាយ​។

​ឯកឧត្តម សម រង្ស៊ី នៅតែ​អះអាង​ដដែល​ថា សំណុំរឿង​ខាងលើ គឺជា​បញ្ហានយោបាយ មិនមែន​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​នោះទេ​។ មេបក្ស​ប្រឆាំង ដែល​កំពុងតែ​រស់​នៅឯ​បរទេស​រូបនេះ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​រឿងនេះ ជា​រឿង​នយោបាយ​សុទ្ធសាធ​។ តុលាការ​អាយ៉ង​នេះ ចាំតែ​ធ្វើការ​ចោទប្រកាន់​តាម​បញ្ជា​អ្នកដឹកនាំ​នយោបាយ ដែល​ចង់​កម្ចាត់​គូប្រកួត​។ […] គួរ​ឲ្យ​អស់សំណើច  ដែល​តុលាការ ចោទប្រកាន់​មកលើ​ពួកយើង​ទាំង ៣ នាក់ (​ឯកឧត្តម​សម រង្ស៊ី និង​ជំនួយការ​ទាំង​២​នាក់​) ពីបទ​សមគំនិត​»​។

​លោក សុខ ឥសាន អ្នកនាំពាក្យ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា នៅតែ​ឆ្លើយតប​ក្នុងន័យ​ដូច​មុន​ថា ឯកឧត្តម សម រង្ស៊ី ព្យាយាម​គេចវេស​ពី​ទោសកំហុស និង​មិន​ព្រម​ទទួលយក​ការពិត ចំពោះ​អ្វីដែល​ខ្លួ​បាន​ប្រព្រឹត្ត​។ លោក សុខ ឥសាន បន្តទៀតថា តុលាការ នឹងមិន​ចាត់វិធានការ​នោះទេ ប្រសិនបើ​ឯកឧត្តម សម រង្ស៊ី មិនបាន​ប្រព្រឹត្ត​ទោសកំហុស​។

​លោក និយាយ​ត្រឡប់មកវិញ​ថា ការចាត់វិធានការ ពី​សំណាក់​តុលាការ​បែបនេះ គឺ​ដោយសារតែ​ឯកឧត្តម សម រង្ស៊ី មាន​កំហុស​ពីបទ​សមគំនិត​ពិតមែន​។ មន្ត្រី​បក្ស​កាន់អំណាច​ខាងលើ បកស្រាយ​ត្រង់ចំណុច​នេះ​ថា បើ​ឯកឧត្តម សម រង្ស៊ី មិន​អនុញ្ញាត​ឲ្យ​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា បង្ហោះ​ឯកសារ​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ខ្លួប ក៏​តុលាការ មិន​ចោទ​ឯកឧត្តម សម រង្ស៊ី ពីបទ​សមគំនិត ដែរ​។

​លោក សុខ ឥសាន បញ្ជាក់​ម្តង​ទៀតថា បក្ស​កាន់អំណាច មិនបាន​លូកដៃ​ចូលទៅក្នុង​ប្រព័ន្ធតុលាការ​នោះទេ​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ សង្ក់​ត​ធ្ងន់ៗ​ថា​៖«​បើ​គាត់ (​ឯកឧត្តម សម រង្ស៊ី​) គ្មាន​ទោស​អ្វី​សោះ ហើយ​តុលាការ ទៅ​ចាត់វិធានការ ទើប​យើង​អាច​និយាយថា បក្សប្រឆាំង រង​ការយាយី​ពី​តុលាការ​។ តែ​នេះ​គាត់ ធ្វើ​ខុស​មែន អ៊ីចឹង​គាត់​ត្រូវតែ​ទទួលទោស​ដោយ​ខ្លួនឯង​ហើយ គ្មាន​នរណា​ទទួល​ជំនួស​ទេ​»​។

​សូមបញ្ជាក់ថា លោក ហុង សុខ​ហួរ ដែលជា​សមាជិក​ព្រឹទ្ធសភា បាន​យក​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម ទៅ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម សម រង្ស៊ី កាលពី​ឆ្នាំ​២០១៥​។ ដោ​សារ​តែ​ការ​បង្ហោះ​ឯកសារ​នោះឯង តុលាការ ក៏បាន​កាត់ទោស​លោក ហុង សុខ​ហួរ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ ពីបទ «​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​»​។ ទាក់ទង​នឹង​ការ​បង្ហោះ​ឯកសារ​នេះដែរ តុលាការ បាន​ចោទ ឯកឧត្តម សម រង្ស៊ី ពីបទ «​សមគំនិត​ក្នុង​អំពើ ក្លែងបន្លំ​ឯក​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​៕

 


Tag:
 ​សម រង្ស៊ី​
  តុលាការ​
  កាត់ទោស​
© រក្សាសិទ្ធិដោយ thmeythmey.com