កីឡាអន្តរជាតិ
អន្តរជាតិ
វីរ​បុរស​អង់គ្លេស និង​ហង្ស​ក្រហម Gerrard លា​ពី​អាជីព​បាល់ទាត់​
24, Nov 2016 , 11:33 pm        
រូបភាព
​អតីតវីរ​បុរស​របស់​ហង្ស​ក្រហម Liverpool និង​ជា​ប្រធាន​ក្រុម ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស Steven Gerrard បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​ហើយ បន្ទាប់ពី​សាង​ភាពល្បីល្បាញ​ក្នុង​វិស័យនេះ​អស់​រយៈពេល​១៩​ឆ្នាំ​។ នេះ​បើតាម​ការចុះផ្សាយ​របស់ BBC​។


​ក្រោយ​ចាក​ចេញពី Liverpool ទៅ​ចូលរួម​ជាមួយ​ក្លិប​នៃ​លី​ក​កំពូល​អាមេរិក LA Galaxy កាលពី​ឆ្នាំ​២០១៥ មក ពេលនេះ Gerrard បានបញ្ចប់​អាជីព​ពី​វិស័យ​បាល់ទាត់​ហើយ​។ អតីត​ខ្សែបម្រើ​អន្តរជាតិ​អង់គ្លេស វ័យ​៣៦​ឆ្នាំ រូបនេះ ធ្លាប់​បង្ហាញខ្លួន​ឲ្យ​ហង្ស​ក្រហម ៧១០​លើក រក​គ្រាប់​បាល់​បញ្ចូល​ទី ១៨៦​គ្រាប់ និង​ជួយ​ឲ្យ​ក្លិប​នេះ​ឈ្នះ​ពាន​ធំៗ​ប្រាំបួន​ដង​ផងដែរ​។​
 
​សម្រាប់​ការបង្ហាញ​ខ្លួន​ឲ្យ​ក្រុម​អង់គ្លេស​ទាំង ១១៤​លើក Gerrard បាន​ជាប់​ជា​កីឡាករ​ទី​បួន​ដែល​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ​ច្រើនជាងគេ និង​លេង​ក្នុងនាម​ជា​ប្រធាន​ក្រុម​អង់គ្លេស ក្នុង​ព្រឹត្តិការណ៍​ធំៗ​ចំនួន​៣ ក្នុងចំណោម​ព្រឹត្តិការណ៍​ទាំង​៦​ក្នុង​អាជីព​។​
  
 
Gerrard បាន​និយាយថា​៖«ខ្ញុំ​សំណាង​ណាស់ ដែល​ទទួលបាន​បទពិសោធ​ន៍​ជាច្រើន​ក្នុង​អាជីព​របស់ខ្ញុំ​។ ខ្ញុំ​មាន​អាជីព​ដែល​មិនគួរ​ឲ្យ​ជឿ ហើយ​ខ្ញុំ​ក៏​អរគុណ​ដល់​អ្នក​រាល់គ្នា សម្រាប់​ពេលវេលា​ល្អៗ ទាំង​នៅ Liverpool ទាំង ក្រុម​អង់គ្លេស ក៏ដូចជា LA Galaxy ដែរ​»​។​
 
​អ្វីដែល​សំខាន់​លើសពី​នេះនោះ អតីត​ខ្សែបម្រើ​កណ្តាល​បាន​បន្ថែមថា ខ្លួន​បាន​បំពេញ​ក្តី​សុបិន​ពី​កុមារភាព ដោយបាន​ពាក់អាវ​របស់​ហង្ស​ក្រហម Liverpool​។​
 
​មុន​ការប្រកាស​ចូលនិវត្តន៍​នេះ Gerrard ក៏​ធ្លាប់បាន​ទាក់ទង​ឲ្យ​ធ្វើជា​គ្រូបង្វឹក ក្លិប MK Dons (Milton Keynes Dons) ក្នុង​ក្របខណ្ឌ League One នៃ​លី​ក​លំដាប់​ទី​៣ របស់​អង់គ្លេស​ផងដែរ​ ប៉ុន្តែរូបគេ​មិនបាន​ឆ្លើយ​តម​វិញ​យ៉ាងណា​នោះឡើយ​៕
 
 



Tag:
 Steven Gerrard
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com