ជាតិ
សង្គមជាតិ
ភរិយា​ឯកឧត្តម សម រង្ស៊ី អរគុណ​សម្តេច ហ៊ុន សែន ដែល​ចូលរួម​រំលែក​ទុក្ខ​សព​មាតា​ខ្លួន​
25, Nov 2016 , 8:48 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក Sophorn Lary II
រូបភាពពីហ្វេសប៊ុក Sophorn Lary II
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកានេះ លោកស្រី ជូ​ឡុង សូ​មូរ៉ា ភរិយា​ឯកឧត្តម សម រង្ស៊ី បាន​ផ្ញើលិខិត​អរគុណ​សម្តេច ហ៊ុន សែន និង​ភរិយា ដែល​បាន​ចូលរួម​រំលែក​ទុក្ខ​សព​មាតាបង្កើត​លោកស្រី​។​



​លិខិត​របស់​លោកស្រី ជូ​ឡុង សូ​មូរ៉ា ផ្ញើជូន​សម្តេច​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន ថ្ងៃនេះ ក្រោយ​ពីសម្តេច​បាន​ផ្ញើលិខិត​សម្តែង​សមានចិត្ត​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់លោក​ស្រី ញឹក ជូ​ឡុង​-​មាស​កេ​ត សម​ភ័​ក្រ ដែល​ត្រូវជា​ម្តាយបង្កើត​របស់លោក​ស្រី ជូ​ឡុង សូ​មូរ៉ា និង​ជា​ម្តាយក្មេក​របស់​ឯកឧត្តម សម រង្ស៊ី  កាលពី​ម៉ោង​ជិត​១២​យប់ ​ថ្ងៃទី​២៤ ខែវិច្ឆិកា​​។​

​លោកស្រី ជូ​ឡុង សូ​មូរ៉ា បាន​សរសេរ​ក្នុង​លិខិត​ថ្លែងអំណរគុណ​ដូច្នេះ​៖«​ខ្ញុំ និង​ក្រុមគ្រួសារ សូម​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សមានចិត្ត​ដ៏​វិសេស​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ចូលរួមចំណែក​មរណទុក្ខ​ជាមួយ​យើងខ្ញុំ ដែល​មិន​ត្រឹមតែ​លិខិត​ប៉ុណ្ណោះ​ទេ​គឺ​ថែមទាំង​បាន​ទូរ​សព្ទ​មក​ផ្ទាល់ និង​បាន​ចាត់តាំង​ឯកឧត្តម ហ៊ុន ម៉ា​នី ដែលជា​បុត្រា​ជាទី​ស្រឡាញ់​របស់​សម្តេច មក​ចូលរួម​ក្នុង​ពិធីបុណ្យ និង​គោរព​វិញ្ញាណក្ខន្ធ​សព​មាតា​របស់ខ្ញុំ ដោយផ្ទាល់​»​។​

​កាលពីយប់​ម្សិលមិញ សម្តេច ហ៊ុន សែន បង្ហាញ​លិខិត​ចូលរួម​រំលែក​ទុក្ខ​ផ្ញើជូន​លោកស្រី ជូ​ឡុង សូ​មូរ៉ា នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។ លិខិត​ដែល​សម្តេច ហ៊ុន សែន បាន​ផ្ញើជូន​ភរិយា​ឯកឧត្តម សម រង្ស៊ី មាន​ខ្លឹមសារ​ដូច្នេះ​ថា​៖«​ភរិយា​ខ្ញុំ និង​រូបខ្ញុំ​ផ្ទាល់ ទើបបាន​ទទួលដំណឹង​ប្រកបដោយ​សេចក្តី​តក់ស្លុត​នៃ​មរណភាព​ដ៏​គួរ​ឲ្យ​សោកស្តាយ​របស់​ឧបាសិកា ញឹក ជូ​ឡុង​-​មាស​កេ​ត សម​ភ័​ក្រ ដែលជា​ម្តាយបង្កើត​ជាទីគោរព​ស្រឡាញ់​របស់លោក​ជំទាវ (​ជូ​ឡុង សូ​មូរ៉ា​)​។ យើងខ្ញុំ យល់​ណាស់​អំពី​ទុក្ខសោក​របស់​បុត្រា បុត្រី ដែល​បាត់បង់​នូវ​អ្នកមានគុណ​ជាទី​ស្រឡាញ់​របស់ខ្លួន​។ ភរិយា​ខ្ញុំ និង​រូបខ្ញុំ​ផ្ទាល់ សូម​ចូលរួម​រំលែក​ទុក្ខ​ដោយស្មោះ​ចំពោះ​មរណភាព​នេះ នៅក្នុង​កាយវិការ ដែល​យើង​ជា​ជាតិខ្មែរ​ដូចគ្នា​។ សូម​លោកជំទាវ ទទួល​នូវ​មនោសញ្ចេតនា​ដោយស្មោះ​ពី​ភរិយា​ខ្ញុំ និង​រូបខ្ញុំ​ផ្ទាល់​»​។

​សូមបញ្ជាក់ថា លោកស្រី ញឹក ជូ​ឡុង​-​មាស​កេ​ត សម​ភ័​ក្រ បានទទួល​មរណភាព ដោយ​ជរាពាធ ក្នុង​ជន្មាយុ ៩៧​ឆ្នាំ នៅ​ម៉ោង​២​រសៀល នា​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ នេះ​បើតាម​លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ផ្សព្វផ្សាយ​ដំណឹង​នេះ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​។

​លោកស្រី ញឹក ជូ​ឡុង​-​មាស​កេ​ត សម​ភ័​ក្រ ជា​ភរិយា​របស់​សម្តេច ញឹក ជូ​ឡុង ដែលជា​ឥស្សរជន​ជាន់ខ្ពស់​របស់​កម្ពុ​ជាមួយ​រូប កាលពី​អតីតកាល​។ សម្តេច ញឹក ជូ​ឡុង ជា​អ្នកមាន​ភក្តីភាព និង​ដង្ហែ​តាម​អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដើម្បី​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​បារាំង​៕


Tag:
 ​ហ៊ុន សែន​
  ញឹក ជូ​ឡុង មាស​កេ​ត​
© រក្សាសិទ្ធិដោយ thmeythmey.com