ជាតិ
សង្គមជាតិ
ជប៉ុនផ្តល់ថវិកាជាង ៣សែនដុល្លារឲ្យកម្ពុជាសម្រាប់សង់អគារសិក្សា និងអគារសម្ភព
× ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា បានផ្តល់ថវិកាចំនួន ៣០៥៣១៤ ដុល្លារអាមេរិកឲ្យកម្ពុជា សម្រាប់សង់អគារសិក្សា និងអគារសម្ភពក្នុងខេត្តចំនួន ៤ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង ព្រៃវែង និងខេត្តកំពងស្ពឺ។
ជំនួយឧបត្ថម្ភសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិទាំង ៤ គម្រោង រួមមាន ទី១, ថវិកាចំនួន ៥៨៨០០ដុលា្លរអាមេរិក សម្រាប់គម្រោងសាងសង់អាគារសិក្សាមួយខ្នង នៅសាលាបឋមសិក្សាឈើទាលជ្រំ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។
ទី២, ថវិកាចំនួន ៨១៨១៨ ដុលា្លរ សម្រាប់គម្រោងសាងសង់អាគារសិក្សាមួយខ្នង នៅសាលាបឋមបឹងស្នួល ក្នុងស្រុកបវេល ខេត្តបាត់ដំបង ទី៣, ថវិកាចំនួន៨២៣៥៥ ដុលា្លរ សម្រាប់គម្រោងសាងសង់អាគារសិក្សាមួយខ្នង នៅសាលាបឋមសិក្សាឃ្លាំង ក្នុងស្រុក បាភ្នំ ខេត្តព្រៃវែង និងគម្រោងទី៤ គឺថវិកាចំនួន ៨២៣៤១ ដុល្លារ សម្រាប់គ្រោងសាងសង់អាគារសម្ភព និងរោគស្ត្រី នៅមន្ទីពេទ្យបង្អែកត្រពាំងក្រឡឹង ក្នុងខេត្តកំពង់ស្ពឺ។
លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថ្មី និងតំណាងមន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរសុខាភិបាលខេត្តខាងលើ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ និងទទួលជំនួយជប៉ុន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងស្ថានទូតជប៉ុន ប្រចាំកម្ពុជា។
លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ជឿជាក់ថា ជំនួយឧបត្ថម្ភឥតសំណងទាំងនេះ នឹងត្រូវបាន ថែទាំយ៉ាងគង់វង្ស ដើម្បីផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជាយូរអង្វែង។ លើសពីនេះ លោកឯកអគ្គរាជទូត បញ្ជាក់សង្ឃឹមថា៖«គម្រោងទាំងនេះ នឹងជួយពង្រឹងជាបន្តទៅទៀតនូវ ទំនាក់ទំនងមិត្តភាពរវាងប្រជាជនជប៉ុន និងប្រជាជនកម្ពុជា»៕
© រក្សាសិទ្ធិដោយ thmeythmey.com