ជាតិ
សង្គមជាតិ
ជប៉ុន​ផ្តល់​ថវិកា​ជាង ៣​សែន​ដុល្លារ​ឲ្យ​កម្ពុជា​សម្រាប់​សង់​អគារសិក្សា និង​អគារ​សម្ភព​
25, Nov 2016 , 10:03 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានផ្តល់​ថវិកា​ចំនួន ៣០៥៣១៤ ដុល្លារ​អាមេរិក​ឲ្យ​កម្ពុជា សម្រាប់​សង់​អគារសិក្សា និង​អគារ​សម្ភព​ក្នុង​ខេត្ត​ចំនួន ៤ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង ព្រៃវែង និង​ខេត្ត​កំពង​ស្ពឺ​។​



​ជំនួយ​ឧបត្ថម្ភ​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​ទាំង ៤ គម្រោង រួមមាន ទី​១, ថវិកា​ចំនួន ៥៨៨០០​ដុ​លា្ល​រ​អាមេរិក សម្រាប់​គម្រោង​សាងសង់​អាគារ​សិក្សា​មួយ​ខ្នង នៅ​សាលាបឋមសិក្សា​ឈើទាល​ជ្រំ ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

​ទី​២, ថវិកា​ចំនួន ៨១៨១៨ ដុ​លា្ល​រ សម្រាប់​គម្រោង​សាងសង់​អាគារ​សិក្សា​មួយ​ខ្នង នៅ​សាលា​បឋម​បឹង​ស្នួល ក្នុងស្រុក​ប​វេ​ល ខេត្តបាត់ដំបង ទី​៣, ថវិកា​ចំនួន​៨២៣៥៥ ដុ​លា្ល​រ សម្រាប់​គម្រោង​សាងសង់​អាគារ​សិក្សា​មួយ​ខ្នង នៅ​សាលាបឋមសិក្សា​ឃ្លាំង ក្នុងស្រុក បាភ្នំ ខេត្តព្រៃវែង និង​គម្រោង​ទី​៤ គឺ​ថវិកា​ចំនួន ៨២៣៤១ ដុល្លារ សម្រាប់​គ្រោង​សាងសង់​អាគារ​សម្ភព និង​រោគ​ស្ត្រី នៅ​មន្ទី​ពេទ្យ​បង្អែក​ត្រពាំង​ក្រឡឹង ក្នុង​ខេត្តកំពង់ស្ពឺ​។​

​លោក ហ៊ី​ដេ​ហ៊ី​សា ហូ​រី​ណូ​អ៊ុ​ជិ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុ​ជាថ្មី និង​តំណាង​មន្ទីរអប់រំ យុវជន និង​កីឡា និង​មន្ទីរ​សុខាភិបាល​ខេត្ត​ខាងលើ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់ និង​ទទួល​ជំនួយ​ជប៉ុន នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ក្នុង​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា​។​

​លោក ហ៊ី​ដេ​ហ៊ី​សា ហូ​រី​ណូ​អ៊ុ​ជិ ជឿជាក់ថា ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​ទាំងនេះ នឹងត្រូវ​បាន ថែទាំ​យ៉ាង​គង់វង្ស ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​យូរអង្វែង​។ លើសពីនេះ លោក​ឯកអគ្គរាជទូត បញ្ជាក់​សង្ឃឹមថា​៖«​គម្រោង​ទាំងនេះ នឹង​ជួយ​ពង្រឹង​ជា​បន្តទៅទៀត​នូវ ទំនាក់ទំនង​មិត្តភាព​រវាង​ប្រជាជន​ជប៉ុន និង​ប្រជាជន​កម្ពុជា​»៕



Tag:
 ជំនួយជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com