ជាតិ
អ្នកជំនាញ​ជំរុញ​ឲ្យ​កូន​ខ្មែរ​សិក្សា​ស្វែងយល់​ពី​ប្រភព ប្រវត្តិ​ទីតាំង​តំបន់ ដែល​ពួកគេ​រស់នៅ​ ​
26, Nov 2016 , 8:39 pm        
រូបភាព
​លោក ឈឹម សុខា​ន់​ដា​រា មន្ត្រី​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើ​បទ​បង្ហាញ​មួយ​ក្រោម​ប្រធានបទ «​ទេសភាព​ស្ថាន​នាម នៅ​ឃុំ​ត្រពាំង​ធំ​ខាងជើង តាម​បរិបទ​ភូមិ​ភាសាវិទ្យា​» នៅក្នុង​កម្មវិធី​បាឋកថា​ប្រចាំខែ​វិច្ឆិកា របស់​វិទ្យាស្ថាន​ពុទ្ធសាសនា​បណ្ឌិត្យ​។ បទ​បង្ហាញ​ធ្វើឡើង​កាលពី​ថ្ងៃ​ពុធ ទី​២៥ ខែវិច្ឆិកា កន្លងមក គឺ​ដើម្បី​លើកឡើង​ពី​ប្រភព​នៃ​ការកំណត់​ឈ្មោះ​ទីតាំង​របស់​ទីកន្លែង​ផ្សេងៗ​នៅក្នុង​ប្រទេស​កម្ពុជា​។​


​ស្ថាន​នាម គឺជា​ឈ្មោះ​អាច​ស្គាល់​អំពី​ប្រភព ប្រវត្តិ​នៃ​ទីកន្លែង​ក្នុង​ទីតាំង​ភូមិសាស្ត្រ​ណាមួយ​។ ជាមួយគ្នានេះ ស្ថាន​នាម ជា​ផ្នែក​មួយ​នៃ​ទេសភាព​នឹង​ភូមិសាស្ត្រ​មនុស្ស​ដែល​បង្ហាញ​អំពី​របាយ​ភូមិសាស្ត្រ ភាសា កេរដំណែល​ធម្មជាតិ និង​វប្បធម៌ ដែលមាន​នៅក្នុង​ភូមិសាស្ត្រ​ទីកន្លែង​។ សំណល់​សកម្មភាព​រប​ស់មនុស្ស នៅ​ទីកន្លែង​មួយ​សុទ្ធតែ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ចំនុច​សំខាន់​នៃ​បាតុភូត​ភាសា វប្បធម៌ និង​ធម្មជាតិ​។​

​កាលពី​ថ្ងៃ​ពុធ លោក ឈឹម សុខា​ន់​ដា​រា មន្ត្រី​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើ​បទ​បង្ហាញ​មួយ​នៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ស្តីពី​ការស្រាវជ្រាវ​នឹង​វិភាគ​អំពី​របាយ​ស្ថាន​នាម​ភូមិ ទាំង​នៅក្នុង​អតីតកាល​ដ៏​យូរលង់ និង​អតីតកាល​ថ្មី នៅក្នុង​ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ នេះ​គ្រាន់តែ​ជា​គំរូ​មួយ​នៃ​ការស្រាវជ្រាវ​របស់លោក សុខា​ន់​ដា​រា ប៉ុណ្ណោះ ដោយ​គោលបំណង​ដ៏​ធំ​របស់លោក គឺ​ការបកស្រាយ​អំពី​ទំនាក់ទំនង​រវាង​ឈ្មោះ និង​ទីកន្លែង​នៃ​វត្ថុ និង​សំណល់ សកម្មភាព​របស់​មនុស្ស​ដែលមាន​នៅក្នុង​លម្ហ ក្រោម​ឥទ្ធិពល​ភូមិសាស្ត្រ​បរិស្ថាន​ធម្មជាតិ និង​វប្បធម៌ តាម​បរិបទ​ភាសា​។



​លោក ឈឹម សុខា​ន់​ដា​រា  ដែលជា​អ្នកឯកទេស​បុរាណវត្ថុ​វិទ្យា​ទេសភាព​ផងដែរ​នោះ បាន​លើកឡើងថា បាឋកថា មាន​គោលដៅ​បង្ហាញ​ពី​ទំនាក់ទំនង សកម្មភាព​របស់​មនុស្ស និង​ទីកន្លែង​ដែល​រស់នៅ និង​ការស្វែងរក​ប្រភព​នៃ​ទីតាំង​ដែល​កំពុង​រស់នៅ ។

​លោក ឈឹម សុខា​ន់​ដា​រា បាន​បន្ថែមថា ស្ថាន​នាម​ភូមិ ជា​ឈ្មោះ​ដែល​ទាក់ទង​នឹង​សត្វ ព្រៃឈើ ធម្មជាតិ បរិស្ថាន ទេសចរណ៍ សាសនា វប្បធម៌ កសិកម្ម សេដ្ឋកិច្ច និង​នយោបាយ​ជាដើម​។ ម្យ៉ាងទៀត លោក​បាន​លើក​ឧទាហរណ៍​អំពី​ភូមិ​ជាងទង ដែល​ទាក់ទង​នឹង​សេដ្ឋកិច្ច ដោយ​បញ្ជាក់​ការប្រកបមុខរបរ​រ​បស់​ពលរដ្ឋ​នៅក្នុង​តំបន់​នោះ​។ លោក ឈឹម សុខា​ន់​ដា​រា បាន​ចុះ​សិក្សា​ផ្ទា​ល់ពី​ស្ថាន​នាម​នៅក្នុង​ក្នុង​ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ ហើយ​នឹងមាន​គម្រោង​ចុះ​សិក្សា​នៅ​ទីតាំង​ផ្សេងទៀត​ផងដែរ​។​

​មន្ត្រី​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ជា​អ្នកឯកទេស​បុរាណវត្ថុ​វិទ្យា​ទេសភាព​រូបនេះ  ចង់​ឲ្យ​ប្រជាពលរដ្ឋ និង​កូន​ខ្មែរ​ទាំងអស់ ដែល​រស់នៅក្នុង​ទីតាំង​របស់ខ្លួន ចូលរួម​ថែរក្សា​ឈ្មោះ​ទីតាំង ដែលមាន​តាំងពីដើម​មក​។ បើទោះបី​ឈ្មោះ​នោះ​ល្អ ឬ​មិនល្អ​ក្ដី ព្រោះ​វា​ជា​កេរដំណែល​និង​ចូលរួម​ដាំ​ដើមឈើ ដែល​សំគាល់​ស្ថាន​នាម​ភូមិ​របស់​ពួកគេ ដែលមាន​តាំងពី​បុរាណ​មក​ផងដែរ​។​

គួររម្លឹកថា ការរៀបចំ​បាឋកថា​នេះ បានរៀបចំ​ជា​រៀងរាល់ខែ ដោយ​លើកយក​ប្រធានបទ​ផ្សេងៗ​របស់​វាគ្មិន​នីមួយៗ​មក​បកស្រាយ​ពិភាក្សា​វែកញែក និង​ពន្យល់​ដល់​អ្នកចូលរួម​។ បន្ថែម​លើ​នេះ ពុទ្ធសាសនបណ្ឌិត្យ នៃ​ក្រសួង​ធម្មការ និង​សាសនា បាន​សហការ​ជាមួយ​អង្គការ រី​ស្សូ កូ​សី​-​កៃ ក្នុងការ​រៀបចំ​បាឋកថា​នេះ​។  ចំពោះ​ការចូលរួម​ស្ដាប់​បាឋកថា​នេះ អ្នកចូលរួម​ទាំងអស់ បាន​ពិភាក្សា​លើ​ប្រធានបទ​នេះ ដើម្បី​បង្កើន​ការយល់ដឹង​កាន់តែច្បាស់​បន្ថែមទៀត​៕


Tag:
 ភូមិ​ភាសាវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com