ជាតិ
សង្គមជាតិ
ភ្លៀងនឹងធ្លាក់ស្ទើរគ្រប់តំបន់ មុនរដូវរំហើយចូលមកដល់ក្នុងខែធ្នូ
28, Nov 2016 , 12:32 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយស្ទើរគ្រប់តំបន់ទូទាំងប្រទេស ចាប់ពីថ្ងៃទី០៣ ដល់ ០៥ ខែធ្នូ ឆ្នាំ២០១៦ខាងមុខ ដោយសារខ្យល់មូសុងឦសាន បានចាប់ផ្ដើមបង្កើនឥទ្ធិពលគ្របដណ្ដប់លើប្រទេសកម្ពុជា។



បើតាមក្រសួងធនធានទឹក និងឧតុនិយម បានព្យាករអាកាសធាតុនៅថ្ងៃទី ២៨ ខែវិច្ឆិកានេះ  ព្យុះទី២៥ ឈ្មោះ TOKAGE   បានរលាយ និងអស់ឥទ្ធិពលលើសមុទ្រចិនខាងត្បូង។ ហើយខ្យល់មូសុងឦសាន នឹងចាប់ផ្ដើមបង្កើនឥទ្ធិពលគ្របដណ្ដប់លើប្រទេសកម្ពុជា ដោយមានការប្រែប្រួល និងអាចធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយស្ទើរគ្រប់តំបន់ទូទាំងប្រទេស។

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង កណ្ដាល កំពង់ស្ពឺ តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ និងជាពិសេសបណ្ដាខេត្តនៅតាមតំបន់មាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ចាប់ពីថ្ងៃទី០៣ ដល់ ០៥ ខែធ្នូ ឆ្នាំ២០១៦។

ជាមួយគ្នាក្រសួងធនធានទឹក បានបន្ថែមថា រដូវរំហើយ នឹងចាប់ផ្ដើមចូលមកប្រទសកម្ពុជានៅក្នុងសប្ដាហ៍ទី២ នៃខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ៕


Tag:
 អាកាសធាតុ
  ភ្លៀង
  រដូវរំហើយ
© រក្សាសិទ្ធិដោយ thmeythmey.com