លោក ប៉ា សុជាតិ​វង្ស នឹង​ស្នើ​ឲ្យ​រដ្ឋាភិបាល បញ្ឈប់​ការ​នាំចូល​រថយន្ត​ជជុះ​មក​កម្ពុជា
ជាតិ
សង្គមជាតិ
លោក ប៉ា សុជាតិ​វង្ស នឹង​ស្នើ​ឲ្យ​រដ្ឋាភិបាល បញ្ឈប់​ការ​នាំចូល​រថយន្ត​ជជុះ​មក​កម្ពុជា
30, Nov 2016 , 9:52 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ សាលា​រាជធានី​ភ្នំពេញ នឹង​លើកសំណើរ​សុំ​ឲ្យ​រដ្ឋាភិបាល បញ្ឈប់​នូវ​ការ​នាំចូល​រថយន្ត​ជជុះ​ចូលមក​កម្ពុជា ដែលជា​បញ្ហា​បង្ក​ការកកស្ទះ​ចរាចរ និង​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ។



លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា លោក​នឹង​ជួបពិភាក្សា​សុំ​យោបល់​ដោយផ្ទាល់​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឈានទៅ​ស្នើសុំ​កាត់បន្ថយ​ផែនការ​មិនឱ្យ​នាំចូល​រថយន្ត​ជជុះ មកកាន់​កម្ពុជា​តទៅទៀត។ លោក​ថា វិធានការ​កាត់បន្ថយ ការ​នាំចូល​រថយន្ត​ជជុះ​នេះ គឺជា​ដំណោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរ​នៅក្នុង​រាជធានី​ភ្នំពេញ ខណៈដែល​ចំនួន​រថយន្ត​កំពុងមាន​សន្ទុះ​កើនឡើង​ជា​រៀងរាល់ឆ្នាំ។ ប៉ុន្តែ​លោក ជំរុញ​ឲ្យ​មានការ​នាំចូល​រថយន្តថ្មីៗជំនួស​វិញ។

បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​កម្ពុជា AKP ដែល​បាន​ស្រង់​សម្ដី​អភិបាល​រាជធានី​ភ្នំពេញ​រូបនេះ៖«ប្រសិន​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល​នៅតែ​បន្ត​អនុញ្ញាត​ឲ្យ​នាំចូល​រថយន្ត​ជជុះ ក្នុង​មួយឆ្នាំ​ជិត៥ម៉ឺន​គ្រឿង ដូច្នេះ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​ផ្លូវ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ មិន​អាចធ្វើ​ចរាចរណ៍​បានឡើយ​ដោយ​ផ្លូវ​មាន​ស្ថានភាព​តូចចង្អៀត អាច​ផ្ទុក​រថយន្ត​បានត្រឹមតែ​ជាង១០ម៉ឺន​គ្រឿង​ប៉ុណ្ណោះ។ អាជ្ញាធរ​ចាំបាច់​ណាស់​ត្រូវតែ​ដោះស្រាយ​បញ្ហា​នេះ ឲ្យ​បាន​បើ​ពុំ​ដូច្នេះ​ទេ​រាជធានី​ភ្នំពេញ នឹង​ក្លាយទៅជា​ទីក្រុង​កកស្ទះ​ចរាចរ ដ៏​ធ្ងន់ធ្ងរ​ជាក់​ជាមិនខាន ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ ពិបាក​ក្នុងការ​ធ្វើដំណើរ​ទៅមក​បាន​ងាយស្រួល»។

អគ្គស្នងការ​នគរបាល​ជាតិ​លោក នេ​ត សាវឿន យល់ថា គម្រោង​បញ្ឈប់​ការ​នាំចូល​រថយន្ត​ជជុះ​នេះ មិន​ត្រឹមតែ​បាន​កាត់បន្ថយ​បញ្ហា​កកស្ទះ​ចរាចរ​ទេ តែ​ថែមទាំង​បាន​កាត់បន្ថយ​បញ្ហា​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ​ថែមទៀត«រថយន្ត​ជជុះ​គឺជា​រថយន្ត​សំរាម ដែល​គ្មាន​គុណភាព​ខូច​បច្ចេក ទេសផ្សេងៗ ហើយ​ត្រូវបាន​យកមក​កែច្នៃ​បន្តពេល​នាំចូល​មកដល់​កម្ពុជា។ ដូច្នេះ​រថយន្ត​ទាំងនេះ នៅពេល​បើកបរ ពុំ​សូវ​មាន​សុវត្ថិភាព​ឡើយ ដោយ​ជួប​គ្រោះថ្នាក់ម្តងៗ គឺ​បណ្តាល​រងគ្រោះ​ធ្ងន់ធ្ងរ និង​មាន​ការឆេះ​ផ្ទុះ​ជាដើម»។ នេះ​ជាការ​លើកឡើង​របស់លោក នេ​ត សាវឿន ដែល​ស្រង់​សម្ដី​ដោយ AKP ។

ក្នុងមួយឆ្នាំៗកម្ពុជា​បាន​នាំចូល​រថយន្ត​ទាំង​ជជុះ និង​ឡាន​ថ្មី​រហូតដល់​ជាង ៥ម៉ឺន​គ្រឿង ក្នុងនោះ មានតែ​ជាង១០ភាគរយ​ប៉ុណ្ណោះ​ដែលជា​ឡាន​ប្រភេទ​ថ្មី។ បច្ចុប្បន្ននេះ ចំនួន​រថយន្ត​ដែល​បាន​ចុះបញ្ជី​ក្នុង​រាជ ធានី​ភ្នំពេញ​មាន​ចំនួន​រហូតដល់​ជាង ៤០ម៉ឺន​គ្រឿង​រួចទៅហើយ។ នេះ​បើតាម​អភិបាល​រាជធានី​ភ្នំពេញ៕

   



Tag:
 ប៉ា សុជាតិ​វង្ស
 រថយន្ត​ជជុះ
© រក្សាសិទ្ធិដោយ thmeythmey.com