ជាតិ
សង្គមជាតិ
លោក ប៉ា សុជាតិវង្ស នឹងស្នើឲ្យរដ្ឋាភិបាល បញ្ឈប់ការនាំចូលរថយន្តជជុះមកកម្ពុជា
× ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នឹងលើកសំណើរសុំឲ្យរដ្ឋាភិបាល បញ្ឈប់នូវការនាំចូលរថយន្តជជុះចូលមកកម្ពុជា ដែលជាបញ្ហាបង្កការកកស្ទះចរាចរ និងខូចសណ្ដាប់ធ្នាប់សាធារណៈ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា លោកនឹងជួបពិភាក្សាសុំយោបល់ដោយផ្ទាល់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឈានទៅស្នើសុំកាត់បន្ថយផែនការមិនឱ្យនាំចូលរថយន្តជជុះ មកកាន់កម្ពុជាតទៅទៀត។ លោកថា វិធានការកាត់បន្ថយ ការនាំចូលរថយន្តជជុះនេះ គឺជាដំណោះស្រាយបញ្ហាកកស្ទះចរាចរនៅក្នុងរាជធានីភ្នំពេញ ខណៈដែលចំនួនរថយន្តកំពុងមានសន្ទុះកើនឡើងជារៀងរាល់ឆ្នាំ។ ប៉ុន្តែលោក ជំរុញឲ្យមានការនាំចូលរថយន្តថ្មីៗជំនួសវិញ។
បើតាមទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា AKP ដែលបានស្រង់សម្ដីអភិបាលរាជធានីភ្នំពេញរូបនេះ៖«ប្រសិនរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលនៅតែបន្តអនុញ្ញាតឲ្យនាំចូលរថយន្តជជុះ ក្នុងមួយឆ្នាំជិត៥ម៉ឺនគ្រឿង ដូច្នេះនាពេលដ៏ខ្លីខាងមុខនេះផ្លូវទាំងអស់ក្នុងរាជធានីភ្នំពេញ មិនអាចធ្វើចរាចរណ៍បានឡើយដោយផ្លូវមានស្ថានភាពតូចចង្អៀត អាចផ្ទុករថយន្តបានត្រឹមតែជាង១០ម៉ឺនគ្រឿងប៉ុណ្ណោះ។ អាជ្ញាធរចាំបាច់ណាស់ត្រូវតែដោះស្រាយបញ្ហានេះ ឲ្យបានបើពុំដូច្នេះទេរាជធានីភ្នំពេញ នឹងក្លាយទៅជាទីក្រុងកកស្ទះចរាចរ ដ៏ធ្ងន់ធ្ងរជាក់ជាមិនខាន ដែលធ្វើឲ្យពលរដ្ឋ ពិបាកក្នុងការធ្វើដំណើរទៅមកបានងាយស្រួល»។
អគ្គស្នងការនគរបាលជាតិលោក នេត សាវឿន យល់ថា គម្រោងបញ្ឈប់ការនាំចូលរថយន្តជជុះនេះ មិនត្រឹមតែបានកាត់បន្ថយបញ្ហាកកស្ទះចរាចរទេ តែថែមទាំងបានកាត់បន្ថយបញ្ហាគ្រោះថ្នាក់នៅលើដងផ្លូវថែមទៀត«រថយន្តជជុះគឺជារថយន្តសំរាម ដែលគ្មានគុណភាពខូចបច្ចេក ទេសផ្សេងៗ ហើយត្រូវបានយកមកកែច្នៃបន្តពេលនាំចូលមកដល់កម្ពុជា។ ដូច្នេះរថយន្តទាំងនេះ នៅពេលបើកបរ ពុំសូវមានសុវត្ថិភាពឡើយ ដោយជួបគ្រោះថ្នាក់ម្តងៗ គឺបណ្តាលរងគ្រោះធ្ងន់ធ្ងរ និងមានការឆេះផ្ទុះជាដើម»។ នេះជាការលើកឡើងរបស់លោក នេត សាវឿន ដែលស្រង់សម្ដីដោយ AKP ។
ក្នុងមួយឆ្នាំៗកម្ពុជាបាននាំចូលរថយន្តទាំងជជុះ និងឡានថ្មីរហូតដល់ជាង ៥ម៉ឺនគ្រឿង ក្នុងនោះ មានតែជាង១០ភាគរយប៉ុណ្ណោះដែលជាឡានប្រភេទថ្មី។ បច្ចុប្បន្ននេះ ចំនួនរថយន្តដែលបានចុះបញ្ជីក្នុងរាជ ធានីភ្នំពេញមានចំនួនរហូតដល់ជាង ៤០ម៉ឺនគ្រឿងរួចទៅហើយ។ នេះបើតាមអភិបាលរាជធានីភ្នំពេញ៕
Tag:
ប៉ា សុជាតិវង្ស
រថយន្តជជុះ
© រក្សាសិទ្ធិដោយ thmeythmey.com