ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
នយោបាយជាតិ
បក្សប្រឆាំង កោះហៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឲ្យបំភ្លឺនៅរដ្ឋសភា លោក សុន ឆ័យ(ឆ្វេង) លោក ម៉ម ប៊ុនហេង(ស្តាំ)
× គណបក្សសង្រ្គោះជាតិ គ្រោងហៅលោក ម៉ម ប៊ុន ហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឲ្យចូលឆ្លើយបំភ្លឺ នៅរដ្ឋសភា នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ។ ប៉ុន្តែរហូតមកដល់ ពេលនេះ លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ និងជាអនុប្រធានគណៈកម្មការទី២នៃរដ្ឋសភា នៅមិនទាន់ទទួលបានការឆ្លើយតបពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅឡើយ។ បើតាម លោក សុន ឆ័យ ក្រៅពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល បក្សសង្គ្រោះជាតិ គ្រោងនឹងអញ្ជើញរដ្ឋមន្ត្រី២រូបទៀត គឺរដ្ឋមន្រ្តីក្រសួងកសិកម្ម និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យចូលឆ្លើយបំភ្លឺ ជាបន្តបន្ទាប់នៅក្នុងរដ្ឋសភា នៅខែធ្នូនេះ និងខែមករា ឆ្នាំ២០១៧ ។
លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណៈកម្មការទី២ រដ្ឋសភា គ្រោងអញ្ជើញ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឲ្យចូលឆ្លើយបំភ្លឺនៅក្នុងរដ្ឋសភា។
លោក សុន ឆ័យ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃនេះថា លោកមិនទាន់ទទួលបានការឆ្លើយតបពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅឡើយ ខណៈតាមគម្រោង គណៈកម្មការទី២ ចង់ឲ្យលោក ម៉ម ប៊ុនហេង បំភ្លឺនៅរដ្ឋសភា នៅថ្ងៃព្រហស្បតិ៍នេះ។ លោក សុន ឆ័យ បញ្ជាក់ដូច្នេះ៖«លិខិតនេះ សម្តេច ប្រធានរដ្ឋសភា ទើបតែបញ្ជូនទៅសម្តេចនាយករដ្ឋមន្ត្រីនៅថ្ងៃនេះ ប្រហែលជាមិនទាន់បានចូលឆ្លើយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះទេ អាចឆ្លងទៅសប្តាហ៍ក្រោយ»។
យោងតាមលិខិត ដែល សម្តេច ប្រធានរដ្ឋសភា បានផ្ញើជូនសម្តេច នាយករដ្ឋមន្ត្រី គណៈកម្មការទី២ នៃរដ្ឋសភា គ្រោងឲ្យលោក ម៉ម ប៊ុនហេង ឆ្លើយបំភ្លឺចំនួន១០ ចំណុច ដែលក្នុងនោះរួមាន៖ ១. ភាពមិនប្រក្រតីក្រោមការទទួលខុសត្រូវរបស់ក្រសួងមានដូចជា ការបាត់ប្រាក់ជំនួយរបស់ Global Fund ទិញមុងការពារជំងឺគ្រុនចាញ់ ការលក់មន្ទីរពេទ្យ និងមន្ទីរពេទ្យបង្អែកមួយចំនួននៅក្នុងរាជធានីភ្នំពេញ និងក្នុងខេត្តមួយចំនួន និងការទិញគ្រឿងបរិក្ខា និងថ្នាំពេទ្យ-ល- ។ ២. ការផ្តល់សេវាមិនត្រឹមត្រូវនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន។ ៣. វិធានការក្រសួង ក្នុងការពង្រឹងគុណភាពជំនាញពេទ្យ និងការអនុវត្តក្របសីលធម៌។ ៤. ការចែកចាយ និងគ្រប់គ្រងសម្ភារពេទ្យ និងថ្នាំពេទ្យ។ ៥. ការគ្រប់គ្រងមន្ទីរពេទ្យឯកជន និងរថយន្តសង្គ្រោះបន្ទាន់។ ៦. ផែនការធានាបន្តនិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផា។ ៧. កិច្ចគាំពារជនរងគ្រោះពីកំហុសគ្រូពេទ្យ និងការកេងប្រវ័ញ្ច។ ៨. វិធានការរបស់ក្រសួង ក្នុងការផ្តល់សេវាសុខភាពដល់ពលរដ្ឋក្រីក្រឲ្យមានប្រសិទ្ធភាព។ ៩. ការគ្រប់គ្រងការផលិត និងនាំចូលថ្នាំពេទ្យ និងចំណុចទី១០. ការគ្រប់គ្រងឱសថស្ថាន ថ្នាំពេទ្យក្លែងក្លាយ និងថ្នាំពេទ្យខូចគុណភាព។
ក្រៅពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅមានរដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែល គ្រោងកោះអញ្ជើញឲ្យចូលបំភ្លឺនៅរដ្ឋសភា។ បើតាម លោក សុន ឆ័យ នៅក្នុងខែធ្នូនេះ គណៈកម្មការទី២ គ្រោងកោះហៅ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យចូលឆ្លើយបំភ្លឺជុំវិញបញ្ហាមួយចំនួនកំពុងប្រឈម ជាពិសេសបញ្ហាទីផ្សារកសិផល និងតម្លៃផលិតផលកសិកម្ម។
ដោយឡែក ការកោះហៅសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យចូលឆ្លើយបំភ្លឺនៅរដ្ឋសភា គ្រោងធ្វើឡើងនៅក្នុងខែមករា ឆ្នាំ២០១៧ ខាងមុខ។ បើតាម អនុប្រធានគណៈកម្មការទី២ ដដែល បញ្ហាដែលសភា ចង់ឲ្យសម្តេច ស ខេង បំភ្លឺរួមមាន បញ្ហាគ្រឿងញៀន ការស្វែងរកឃាតករដែលបាញ់សម្លាប់សកម្មជន និងបុគ្គលមួយចំនួនកន្លងមក និងការធានាបញ្ហាសន្តិសុខទូទៅនៅក្នុងប្រទេសជាដើម៕
Tag:
សុន ឆ័យ
ម៉ម ប៊ុនហេង
សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com