ជាតិ
សង្គមជាតិ
លោក ប៉ា សុជាតិ​វង្ស ដាស់តឿន​ស៊ីន​ទ្រី​ថា​នឹង​ពិចារណា​កិច្ចសន្យា បើ​ការប្រមូល​សំរាម​នៅតែមាន​បញ្ហា​
09, Dec 2016 , 3:57 pm        
រូបភាព
​លោក ប៉ា សុជាតិ​វង្ស បាន​ដាស់តឿន​ក្រុមហ៊ុន​ស៊ីន​ថា អាជ្ញាធរ​ត្រូវ​ពិចារណា​លើ​ការបន្ត ឬ​បញ្ចប់​កិច្ចសន្យា បើ​ការប្រមូល​សំរាម នៅតែ​ពុំមាន​លក្ខណៈ​ល្អប្រសើរ​។ ជាការ​ឆ្លើយតប ប្រធាន​ក្រុមហ៊ុន​ស៊ីន​ទ្រី អះអាងថា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ទាំង​កម្លាំង​មនុស្ស និង​គ្រឿងចក្រ ដើម្បីឱ្យ​ការប្រមូល​សំរាម​នៅ​ភ្នំពេញ​ប្រសើរ ខណៈ​ឆ្លៀត​ត្អូញត្អែរថា​ការពង្រីក​វិសាលភាព​ប្រមូល​សំរាម​នេះ​មានការ​លំបាក និង​ស្មុគស្មាញ​។​



​លោក ប៉ា សុជាតិ​វង្ស អភិបាលក្រុង​ភ្នំពេញ បាន​ក្រើនរំលឹក​ទៅដល់​ក្រុមហ៊ុន​ស៊ីន​ទ្រី  ថា​អាជ្ញាធរ​ត្រូវ​ពិចារណា​ឡើងវិញ​ថា​តើ ត្រូវ​បន្ត​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ស៊ិន​ទ្រី​តទៅទៀត ឬ​ត្រូវ​លុប​កិច្ចសន្យា​នេះ​ចោល ប្រសិន​ការប្រមូល​សំរាម​នៅតែ​ពុំមាន​លក្ខណៈ​ល្អប្រសើរ ឬ​សកម្មភាព​នៅ​ដដែល​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP) ដែល​បាន​ប្រសាសន៍​របស់​អភិ​ក្រុង​រូបនេះ នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពី​កម្មវិធី​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម រវាង​ក្រុមហ៊ុន​ស៊ិន​ទ្រី និង​ខណ្ឌ​ជាយក្រុង​ចំនួន​៤  គឺ​ខណ្ឌដង្កោ ជ្រោយចង្វារ ច្បារអំពៅ និង​ខណ្ឌ​ព្រែក​ព្នៅ កាលពី​រសៀល​ថ្ងៃទី​៧ ខែធ្នូ​។

​បើតាម AKP លោក ប៉ា សុជាតិ​វង្ស បានបញ្ជាក់​បន្តទៀតថា ចាប់ពីពេលនេះ​តទៅ ក្រុមហ៊ុន​ស៊ិន​ទ្រី​មិន​ត្រូវយក​លេស ឬ​ធ្វើ​ឱ្យតែ​រួចពីដៃ ធ្វើឱ្យមាន​គំនរ​សំរាម​នៅ​រាយប៉ាយ​ដោយ​កន្លែង​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​បន្ដ​ទៀតឡើយ ដោយសារតែ​ក្រុមហ៊ុន​បាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើ​ប្រតិបត្តិ​ការប្រមូល និង​ដឹកជញ្ជូន​សំរាម គ្រប់​ខណ្ឌ​ទាំង​១២​រួចរាល់​អស់ហើយ​។

​ឆ្លើយតប​នឹង​ការ​ដាស់តឿន​នេះ លោក សេង សា​វី ប្រធាន​ក្រុមហ៊ុន​ស៊ិន​ទ្រី បាន​លើកឡើងថា ក្រុមហ៊ុន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ ទាំង​កម្លាំង​មនុស្ស និង​គ្រឿងចក្រ ដើម្បីឱ្យ​ប្រតិបត្តិ​ការប្រមូល​សំរាម​នៅ​ទូទាំង​រាជធានី​ភ្នំពេញ កាន់​តែមាន​ការវិវឌ្ឍ​ល្អប្រសើរ ខណៈ​ឆ្លៀត​ត្អូញត្អែរថា​ការពង្រីក​វិសាល ភាព​ប្រមូល​សំរាម​នេះ​មានការ​លំបាក និង​ស្មុគស្មាញ​។ នេះ​បើតាម AKP ដដែល​។

​សាលា​រាជធានី​ភ្នំពេញ បាន​ទម្លាក់​ភារកិច្ច​គ្រប់គ្រង​សំរាម​ទៅ​ឲ្យ​ថ្នាក់​ខណ្ឌ​គ្រប់គ្រង​វិញ ប្រមាណ ១ ឆ្នាំ​មកហើយ ពោលគឺ​ផ្ទេរ​ពី​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម​នៅ​អគ្គិសនី​ក​ម្ព​ជា មក​បង់​នៅតាម​ខណ្ឌ​វិញ​ដែរ ដើម្បី​បង្កើន​ការទទួលខុសត្រូវ​រឿង​សំរាម​ឲ្យ​បាន​កាន់តែ​ល្អ​។ ការទម្លាក់​ភារកិច្ច​ឲ្យ​ខណ្ឌ​ជា​អ្នកទទួលខុសត្រូវ​វិញ​នេះ ដោយសារតែ​ខណ្ឌ​នៅ​កៀក​នឹង​ប្រជាពលរដ្ឋ ដឹង​ពី​ស្ថានភាព​ទុកដាក់​សំរាម និង​ងាយស្រួល​ក្នុងការ​ដោះស្រាយ​បញ្ហា​។​

​បើ​យោងតាម​ការស្រាវជ្រាវរ​បស់​អង្គការ​ចៃ​កា​(JICA) ភ្នំពេញ​មាន​សំរាម​ជិត​២​ពាន់​តោន ក្នុង​មួយថ្ងៃៗ និង​ត្រូវ​ដឹក​ទៅ​ចាក់​ក្នុង​ទីលាន​សំរាម​ខណ្ឌដង្កោ​។ តាម​គម្រោង រណ្តៅ​សំរាម​នៅ​បឹង​ជើង​ឯង ខណ្ឌដង្កោ ត្រូវគេ​រំពឹងថា អាចដាក់​សំរាម​ពេញ​នា​ឆ្នាំ​២០៣៣ ប៉ុន្តែ JICA រកឃើញថា សំរាម​នឹង​ពេញ​រណ្ដៅ​នៅ​ឆ្នាំ​២០២០ ពោលគឺ​សំរាម​បាន​កើនឡើង​លឿន​លើស​ការរំពឹងទុក​១៣​ឆ្នាំ​៕  


Tag:
 ​ប៉ា សុជាតិ​វង្ស​
 ​ ស៊ីន​ទ្រី​
 ​ សំរាម​
© រក្សាសិទ្ធិដោយ thmeythmey.com