កោះកុង៖ យុវជន ថុន រដ្ឋា គឺជាសកម្មជនបរិស្ថានរបស់អង្គការមាតាធម្មជាតិ ដែលល្បីល្បាញក្នុងការតវ៉ាប្រឆាំង គម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែងខេត្តកោះកុង។ បច្ចុប្បន្ន រដ្ឋាកំពុងបំពេញបេសកម្មថ្មី គឺការតវ៉ាប្រឆាំងក្រុមហ៊ុនបូបខ្សាច់នៅខេត្តកោះកុង ស្នងពីលោក Alejandro Gonzalez Davidson ជនជាតិអេស្ប៉ាញ ជាសកម្មជនបរិស្ថាន ដែលរដ្ឋាភិបាលកម្ពុជាបានបណ្តេញចេញនៅដើមឆ្នាំ២០១៥ ។
ម៉ោង៩យប់ទៅហើយ ប៉ុន្តែយុវជន ថុន រដ្ឋា កំពុងអង្គុយក្បែរមាត់ច្រាំងសមុទ្រខាងមុខអគារសាលាខេត្តកោះកុង ដើម្បីលំហែអារម្មណ៍ក្រោយពីបានចូលរួមចែករំលែកបទពិសោធការងារបរិស្ថានរបស់ខ្លួន ដល់យុវជនជាង២០០នាក់។ មានអាយុ២៤ឆ្នាំ អតីតនិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិម្នាក់នេះ គួរតែខ្វល់ខ្វាយរកការងារធ្វើនៅក្នុងទីក្រុង ប៉ុន្តែបច្ចុប្បន្នសម្រាប់គាត់ គ្មានអ្វីធំជាងការប្រឹងធ្វើយ៉ាងណា ដើម្បីបញ្ឈប់ការបូមខ្សាច់នៅក្នុងខេត្តកោះកុងឡើយ ទោះជាត្រូវប្រឈមនឹងគ្រោះថ្នាក់យ៉ាងណាក៏ដោយ។
ថុន រដ្ឋា និយាយថា៖ «ខ្ញុំខ្លាចដូចគេដូចឯងដែរ ប៉ុន្តែអ្វីដែលខ្ញុំខ្លាចជាងគេនោះ គឺការបាត់បង់ធនធានធម្មជាតិ»។
រដ្ឋា ជាសកម្មជានបរិស្ថានមួយរូបក្នុងអង្គការមាតាធម្មជាតិ ដែលជាអង្គការមូលដ្ឋានមួយមានភាពមុះមុតក្នុងការតស៊ូប្រឆាំងនឹងការបូមខ្សាច់ ដោយក្រុមហ៊ុនឯកជននៅក្នុងសមុទ្រ ខេត្តកោះកុង។ គាត់និយាយថា សកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុនទាំងនោះ កំពុងបង្កផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់អ្នកស្រុក ជាពិសេសក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ចម្ងាយប្រហែល៣០គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។ ភូមិដាច់ស្រយាលមួយនេះ បានរងគ្រោះបន្ទាប់ពីកប៉ាល់ និងគ្រឿងចក្របូមខ្សាច់របស់អ្នកមានអំណាច បានចូលមកលុកលុយ ដោយធ្វើអាជីវកម្មតាំងពីឆ្នាំ២០០៨មក។ អ្នកភូមិ និងសកម្មជនបរិស្ថាន បានផ្ទុះការតវ៉ាជាច្រើនដង ដើម្បីឲ្យបញ្ឈប់សកម្មភាពនេះ ក្នុងគោលបំណងការពារធនធានផលនេសាទដែលជាឆ្នាំងបាយរបស់ខ្លួន។ រដ្ឋា និយាយថា៖ «ចាប់តាំងពីមានការបូមខ្សាច់មក មច្ឆជាតិបានថយចុះយ៉ាងខ្លាំង ហើយលើសពីនេះ វាបានធ្វើឲ្យបាក់ច្រាំង និងធ្វើឲ្យខូចខាតដល់ប្រព័ន្ធអេកូឡូស៊ី ដែលអ្នកភូមិជាង២០០គ្រួសារកំពុងអាស្រ័យផល»។
សកម្មជនបរិស្ថានជនជាតិអេស្ប៉ាញជាគំរូលើកទឹកចិត្ត
តាមពិតទៅ រដ្ឋា មិនមែនជាអ្នករស់នៅតំបន់ដែលកំពង់រងគ្រោះដោយការបូមខ្សាច់នេះឡើយ រូបគេ ជាអ្នកមានដើមកំណើតនៅភូមិបឹងលើ ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ឯណោះវិញទេ។ ក្នុងអំឡុងពេលសិក្សានៅភ្នំពេញនៅឡើយ រដ្ឋា តែងឆ្លៀតចូលរួមស្តាប់បទបង្ហាញរបស់លោក Alejandro Gonzalez Davidson ជនជាតិអេស្ប៉ាញដែលគេច្រើនហៅយ៉ាងខ្លីថា “អាឡិច”។ អាឡិច ដែលចេះនិយាយនិងសរសេរភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ ជាស្ថាបនិកអង្គការមាតាធម្មជាតិ បានតស៊ូមតិដើម្បីបញ្ឈប់ការបូមខ្សាច់នៅខេត្តកោះកុង។ សកម្មភាពរបស់គាត់ បានទទួលការគាំទ្រពីសំណាក់មហាជនកម្ពុជាជាច្រើន ប៉ុន្តែជាការមិនពេញចិត្តរបស់រដ្ឋាភិបាល រហូតគាត់ត្រូវបានអាជ្ញាធរជាតិ បណ្តេញចេញពីប្រទេសកម្ពុជានៅដើមឆ្នាំ២០១៥ ។ ប៉ុន្តែកាលដែលអាឡិចនៅមានវត្តមានក្នុងប្រទេសនៅឡើយ សកម្មភាព និងការនិយាយស្តីរបស់គាត់ បាននាំមកនូវការដាស់សតិ និងលើកទឹកចិត្តដល់យុវជន រដ្ឋា ឲ្យចូលរួមក្នុងបុព្វហេតុការពារធនធានធម្មជាតិដែរ។
រដ្ឋា និយាយថា៖ «ឃើញអាឡិចលះបង់ដើម្បីខ្មែរ ខ្ញុំខ្មាសគាត់ ដែលជាជនបរទេសសោះ តែគាត់ហ៊ានធ្វើគ្រប់យ៉ាងដើម្បីធនធានធម្មជាតិរបស់ខ្មែរ។ ខ្ញុំអត់ចូលចិត្តដើរ និងដេកក្នុងព្រៃនោះទេ ប៉ុន្តែគេកំពុងបំផ្លាញព្រៃឈើ ដូច្នេះខ្ញុំត្រូវជួយ បើមិនដូច្នេះទេ ខ្ញុំនឹងបន្ទោសខ្លួនឯង ហើយក្មេងជំនាន់ក្រោយ នឹងបន្ទោសខ្ញុំ ចំពោះការបាត់បង់ធនធានធម្មជាតិ»។ លោកបន្តថា៖ «ខ្ញុំឈឺចាប់ ពេលឃើញពលរដ្ឋសាមញ្ញស្លូតត្រង់ និងពុំសូវមានចំណេះដឹង ត្រូវបានគេរំលោភសិទ្ធិរបស់គាត់»។
ផ្តើមការងារជាសកម្មជន ផ្តើមមានការគំរាមកំហែង
ការតស៊ូរបស់អង្គការមាតាធម្មជាតិ មិនមែនដើម្បីបញ្ឈប់ការបូមខ្សាច់នៅខេត្តកោះកុងមួយមុខទេ។ សកម្មជនរបស់អង្គការនេះ ក៏សកម្ម និងព្យាយាមការពារព្រៃឈើ សត្វ នៅតំបន់ដទៃទៀតដែរ ដូចជានៅតំបន់អារ៉ែង ដែលជាជំរកសត្វព្រៃ និងកំពុងរងការគំរាមកំហែង ពីគម្រោងសង់ទំនប់វារីអគ្គិសនីនៅទីនោះ។ ក្រោយរដ្ឋាភិបាលបណ្តេញលោក អាឡិច ចេញពីប្រទេស កាលពីខែកុម្ភៈ ឆ្នាំ២០១៥មក យុវជនរូបនេះបានធ្វើសកម្មភាពបន្ត ដើម្បីប្រឆាំងការបូមខ្សាច់នៅខេត្តកោះកុង ដែលឈ្មួញយកទៅលក់ឲ្យបរទេស ជាពិសេសប្រទេសសិង្ហបុរី។ ការចូលរួមធ្វើជាសកម្មជនបរិស្ថាន របស់អង្គការមាតាធម្មជាតិលើកដំបូងរបស់ រដ្ឋា គឺសកម្មភាពគូរមុខមាត់អំពីរូបភាពព្រៃឈើ និងធនធានធម្មជាតិ ដែលត្រូវអាជ្ញាធររារាំងទៀតផង។
សកម្មភាពតវ៉ាដ៏ខ្លាំងក្លារបស់អ្នកភូមិកោះស្រឡៅ និងសកម្មជនបរិស្ថាន ត្រូវបានសាធារណជនចាប់អារម្មណ៍យ៉ាងខ្លាំង រហូតសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីឆ្នាំ ២០០៩ បានប្រកាសហាមឃាត់ការនាំចេញខ្សាច់ ដោយនិយាយថា វាធ្វើឲ្យផលប៉ះពាល់បរិស្ថាន ឆ្នេរសមុទ្រ និងទន្លេ។ យ៉ាងណាក៏ដោយ ការហាមឃាត់របស់ប្រមុខរដ្ឋាភិបាល ហាក់មិនត្រូវបានអើពើ ពីសំណាក់ក្រុមហ៊ុនបូមខ្សាច់ណាមួយឡើយ។
របាយការណ៍នៃគយនៃប្រទេសសិង្ហបុរី និងរបាយការណ៍របស់អង្គការសហប្រជាជាតិ បានបង្ហាញតួលេខប្រហែលគ្នា ជុំវិញបរិមាណនាំចេញខ្សាច់ និងទំហំទឹកប្រាក់ ដែលកម្ពុជានាំខ្សាច់ចេញទៅប្រទេសសិង្ហបុរី។ បើយោងតាមរបាយការណ៍នោះ ចាប់ពីឆ្នាំ ២០០៧-២០១៥ កម្ពុជានាំចេញខ្សាច់ទៅសិង្ហបុរី ចំនួន ៧២,៧ លានតោន ស្មើនឹងទឹកប្រាក់ ៧៥២ លានដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្តែក្នុងរយៈពេលដូចគ្នា កម្ពុជាអះអាងថា បាននាំចេញខ្សាច់ទៅសិង្ហបុរីត្រឹមតែ ២,៨ លានតោន ស្មើនឹងទឹកប្រាក់ ៥ លានដុល្លារប៉ុណ្ណោះ។
ប៉ុន្តែលោក ឌិត ទីណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ដែលត្រូវបានស្រង់ប្រសាសន៍ដោយកាសែតភ្នំពេញប៉ុស្តិ៍ បានច្រានចោលរបាយការណ៍របស់អង្គការសហប្រជាជាតិម្តងរួមកហើយ ដោយអះអាងថា របាយការណ៍នេះ មិនផ្អែកលើ«ភ័ស្តុតាងរឹងមាំ»។
ជំនួញធនធានខ្សាច់ដ៏មហាសាល ត្រូវបានអង្គការមាតាធម្មជាតិ គាស់កកាយតាមរយៈការផលិតវីដេអូ រូបភាព មកបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក និងសកម្មភាពតវ៉ាគ្រប់រូបភាព រហូតធ្វើឲ្យជំនួញខ្សាច់ សមុទ្រដ៏អាថ៌កំបាំង ត្រូវបានសាធារណជនដឹងឮ ហើយក្លាយជាប្រធានបទរបស់មហាជន ក្នុងការជជែកពិភាក្សាយ៉ាងក្តៅគគុកទៀតផង។ រដ្ឋា ជាមនុស្សម្នាក់ក្នុងចំណោមសកម្មជនជាច្រើន ដែលបានពុះពារ និងជំនះការលំបាក ជួនកាលគ្រោះថ្នាក់ផង ក្នុងការបណ្តុះបណ្តាលពលរដ្ឋក្នុងសហគមន៍ ដែលរងផលប៉ះពាល់ ឲ្យយល់ដឹងពីច្បាប់ និងសិទ្ធិរបស់ខ្លួន ដើម្បីធ្វើការតវ៉ាការពារឆ្នាំងបាយរបស់ខ្លួន។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
រដ្ឋា និយាយថា៖ «ដំបូងពលរដ្ឋមិនយល់ដឹង ខ្លាចគេ តែក្រោយមក ពួកគេបានយល់ដឹង នឹងចេះទាមទាររកអាជ្ញាប័ណ្ណក្រុមហ៊ុន និងជជែកជាមួយអាជ្ញាធរចំពោះបញ្ហារបស់គាត់។ គាត់ចាប់ផ្តើមប្រើសិទ្ធិរបស់ពួកគាត់ និងក្លាយជាសកម្មជន ការពារផលប្រយោជន៍របស់អ្នកភូមិដោយខ្លួនឯង»។
យ៉ាងណាក៏ដោយ សកម្មភាពរបស់រដ្ឋា មិនទទួលបានការកោតសរសើរ និងគាំទ្រដោយអាជ្ញាធរដែនដីឡើយ ប៉ុន្តែផ្ទុយទៅវិញ លោកត្រូវបានក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន ចាត់ទុកជាក្រុមប្រឆាំង។
រដ្ឋារម្លឹកថា៖ «ពេលពួកខ្ញុំបើកវគ្គបង្រៀនអ្នកភូមិ អាជ្ញាធរ និងនគរបាល ធ្លាប់គំរាមថា គេចាត់វិធានការក្តៅ បើសិនខ្ញុំនៅតែបន្តបង្រៀនអ្នកភូមិ ឲ្យតវ៉ាប្រឆាំងនឹងពួកគេទៀត»។
យ៉ាងណាក៏ដោយ សកម្មជនរូបនេះ ហាក់មានសំណាងដែលមិនបានជាប់ពន្ធធនាគារដូចសហសេវិករបស់ខ្លួន។ លោករម្លឹក ថា សមាជិករបស់ខ្លួនចំនួន ៣ នាក់ ធ្លាប់ជាប់ពន្ធនាគាររយៈពេលជិតមួយឆ្នាំផងដែរ ប៉ុន្តែបច្ចុប្បន្នអ្នកទាំង ៣ ទោះជាត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញក្តី តែត្រូវបានតុលាការតម្រូវឲ្យសងជំងឺចិត្តដល់ក្រុមហ៊ុន នូវទឹកប្រាក់ ១០០ លានរៀល និង ៥ លានរៀលទៀត សម្រាប់ចំណាយឲ្យរដ្ឋ។ អ្នកទាំង ៣ នាក់ បានដាក់បណ្តឹងទៅសាលាឧទ្ធរណ៍បន្តទៀត ពីព្រោះពួកគេមិនពេញចិត្ត នឹងការបង្គាប់របស់តុលាការនោះទេ។
«យុវជនខ្មែរមានជំងឺបាក់ស្បាត»
មិនមានយុវជនច្រើនឡើយ ដែលឈឺឆ្អាលចូលរួមការពារធនធានធម្មជាតិ ជាពិសេស សកម្មភាពណាដែលចេញមុខជាសាធារណៈ ដែលអាចប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួន។ រដ្ឋា និយាយថា៖ «យុវជនខ្មែរយើង មានជំងឺបាក់ស្បាតច្រើន ព្រោះបើធ្វើរឿងក្តៅ ពួកគេមិនសូវហ៊ានចូលរួមនោះទេ តែបើសិក្ខាសាលាផង និងដើរលេងផង គឺមានយុវជនចូលរួមច្រើន។ មួយទៀត ការហាមឃាត់ពីគ្រួសារ ក៏ជាធ្វើឲ្យពួកគេរារែកដែរ។ ដូចខ្ញុំអីចឹង គ្រួសារឃាត់មិនឲ្យធ្វើទេ តែខ្ញុំនៅបន្តធ្វើការងារនេះ ដើម្បីធ្វើជាគំរូសម្រាប់យុវជនដទៃទៀត ក្នុងការចូលរួមការពារធនធានធម្មជាតិយើង»។
គាត់យល់ច្បាស់ណាស់ អំពីការលំបាក និងគ្រោះថ្នាក់ដែលគាត់នឹងត្រូវជួបប្រទះ ក្នុងផ្លូវតស៊ូទៅមុខ ប៉ុន្តែគាត់និយាថា អ្វីដែលគាត់ធ្វើ គឺគ្រាន់តែចង់ឃើញអ្នកភូមិកោះស្រឡៅ មានជីវភាពធូរធារ និងរស់នៅដោយសុខសាន្តប៉ុណ្ណោះ៕