ជាតិ
សង្គមជាតិ
រាជរដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​
10, Dec 2016 , 5:00 pm        
រូបភាព
​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។ យោងតាម​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​៧ ធ្នូ ឆ្នាំ​២០១៦ សមាសភាព​គ្រប់គ្រង​ស្ថាប័ន​នេះ​មាន​ចម្រុះ​មកពី​កងរាជអាវុធហត្ថ ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​


 
​សេចក្តីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល លោក សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គឺជា​ប្រធាន​នៃ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។ អនុប្រធាន គឺ​លោក ហ៊ូ សា​គុណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរ​បាល​ព្រំដែន ចំណែក​លោក ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​លោក ហាស់ សារ៉េត រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​សមាជិក​។ ក្នុងនោះ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត​ទាំង​២៥ ក៏​ជា​សមាជិក​ក្នុង​គណៈកម្មការ​ដែល​ទើបនឹង​បង្កើត​ថ្មី​នេះ​ផងដែរ​។​
 
​ក្នុង​ប្រការ​នៃ​សេចក្តីសម្រេច​ខាងដើម គណៈកម្មការ​ដែល​ទើបនឹង​បង្កើត​ថ្មី​នេះ មាន​តួនាទី និង​ភារកិច្ច​មួយចំនួន​ដូចតទៅ​។ គឺ​ត្រូវ​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដូចជា​ការកាប់​ព្រៃឈើ ការដឹកឈើ និង​ការនាំចេញ​ឈើ​ខុសច្បាប់ ការចាប់​សត្វព្រៃ និង​ការនាំចេញ​សត្វព្រៃ​ខុសច្បាប់ ការកាប់​ទន្ទ្រាន​យក​ដី​រដ្ឋ ព្រមទាំង​ការរុករក​រ៉ែ​ខុសច្បាប់​នៅ​ទូទាំងប្រទេស​។ អង្កេត និង​ស្រាវជ្រាវ​រក​អ្នកប្រព្រឹត្តិ និង​អ្នកពាក់ព័ន្ធ និង​សកម្មភាព​នៃ​បទល្មើស​ធនធានធម្មជាតិ​។ ចាប់​ជនល្មើស និង​វត្ថុតាង នៃ​បទល្មើស ហើយ​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។ សហការ​ជាមួយ​ភាគី វៀតណាម ថៃ និង​ឡាវ ដើម្បី​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ឲ្យ​មាន​ប្រសិទ្ធិភាព​ក្នុងករណី​ចាំបាច់​។ ធ្វើ​របាយការណ៍​អំពី​លទ្ធផល​ការងារ​ជូន​រាជរដ្ឋាភិបាល និង​ចុងក្រោយ ត្រូវបំពេញ​ភារកិច្ច​ផ្សេងទៀត ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន​។​
 
​ក្នុង​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​ដដែល​បាន​បញ្ជាក់ថា គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ មាន​សិទ្ធិ​បង្កើត​ក្រុមការងារ​ប្រតិបត្តិការ ដែលមាន​សមាសភាព​ម​ក​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ តាម​ការចាំបាច់ និង​ស្នើសុំ​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ចូលរួម​ប្រតិបត្តិការ​។ គណៈកម្មការ​នេះ​ក៏មាន​សិទ្ធិ​ប្រើប្រាស់​ត្រា​របស់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អាច​ទទួល​ថវិកា​សម​ស្រប​ពី​កញ្ចប់​ថវិការ​ពិសេស​របស់​រាជរដ្ឋាភិបាល និង​មាន​សិទ្ធិ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​របស់​កង​ទ័ពអាកាស​នៃ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​បំពេញបេសកកម្ម​ការងា​រ​តាម​ការចាំបាច់​ផងដែរ​៕

Tag:
 សៅ សុខា​
  ព្រៃឈើ​
  ធនធានធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com