ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ភាព​រញ៉េរញ៉ៃ​លើ​ចិញ្ចើមផ្លូវ​ក្នុង​ទីក្រុង ដល់​ពេលណា​ទើប​គេ​អាច​បញ្ចប់​វា​បាន​?
11, Dec 2016 , 1:00 pm        
រូបភាព
ការប៉ុនប៉ង​រំដោះ​ចិញ្ចើមផ្លូវ​ឲ្យ​អ្នក​ថ្មើរជើង នៅតែ​ជា​បញ្ហា ដែល​មិនទាន់​ដោះស្រាយ​ចេញ ប្រៀបបាន​នឹង​ការ​វែក​ចក​នៅលើ​ទឹក​។ អាជ្ញាធរ អះអាងថា បញ្ហា​នេះ​ត្រូវ​ដោះស្រាយ​បន្តិច​ម្តងៗ ខណៈពេល​វេលា​ជាក់លាក់​រំដោះ​ចិញ្ចើមផ្លូវ ពី​ចំណត​យានយន្ត អាជីវកម្ម សំរាម នៅតែ​ស្រពិចស្រពិល​។ មានន័យថា អ្នក​ថ្មើរជើង​នៅតែ​គ្មាន​ជម្រើស​អ្វី ក្រៅតែពី​បន្ត​ដើរ​នៅ​សាច់​ថ្នល់​ទាំង​ប្រថុយ​សុវត្ថិភាព​ឡើយ​។​

 
​រាល់​ពេលដែល​អ្នកស្រី​សៀក​ចន្ថា ពលរដ្ឋ​រស់នៅក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ដើរទៅ​ផ្សា​រទិញ​ម្ហូប​ម្តងៗ គាត់​តែងតែមាន​អារម្មណ៍​ព្រឺព្រួច​ជានិច្ច​។ អ្នកស្រី​មានប្រសាសន៍ថា​៖ «​ពេល​ដើរ​យើង​ភ័យខ្លាច​តែ​ឡាន ខ្លាច​តែ​ម៉ូតូ​មក​បុក​យើង​អ៊ីចឹង​។ ដើរ​ងាកៗ​យើង​មើល​ឆ្វេង​ស្តាំ​មិន​ទុកចិត្ត​។ ចេះតែមាន​អារម្មណ៍​គិត​អ៊ីចឹង​»​។​
 
​គាត់​មិនមែនជា​មនុស្ស​តែ​ម្នាក់​ដែល​កំពុង​ប្រថុយប្រថាន​ជាមួយ​គ្រោះថ្នាក់​រាល់ថ្ងៃ​នៅពេល​ដើរ​តាមផ្លូវ​នោះទេ អ្នក​ថ្មើរជើង​ដទៃទៀត​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​នេះ​ដូចគ្នា​ដែរ​។ ដោយ​ចិញ្ចើមផ្លូវ​ជាច្រើន ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​គេ​ដណ្តើម​កាន់កាប់​យក​ធ្វើ​ចំណត​យានយន្ត ឬ​កន្លែង​ប្រកប​អាជីវកម្ម​ផ្សេងៗ​អស់ អ្នក​ថ្មើរជើង ជារឿយៗ ត្រូវ​បង្ខំចិត្ត​ចុះ​ដើរ​ទាំង​ព្រឺ​ខ្នង​តាម​គែម​សាច់​ផ្លូវ នៅពេល​ដែលមាន​យានយន្ត​គ្រប់​ប្រភេទ​កំពុង​ធ្វើ​ចរាចរណ៍​មមាញឹក​។​
 


​នៅ​កន្លែង​ខ្លះ សកម្មភាព​អាជីវកម្ម​មិន​ត្រឹមតែ​ស៊ី​អស់​ចិញ្ចើមផ្លូវ​ទេ គឺ​ថែមទាំង​ហៀរ​មកលើ​សាច់​ផ្លូវ​ទៀត ដែល​ធ្វើ​ឲ្យ​អ្នកបើកបរ​យានយន្ត​ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច ដើម្បី​គេច​ពី​ការប៉ះទង្គិច​ជាមួយ​សម្ភារ​នៃ​របរ​លក់ដូរ​តាម​ចិញ្ចើមផ្លូវ​។ ជាក់ស្តែង​នៅ​បណ្តោយ​ផ្លូវ​២៧១ ខាងជើង​របង​វត្ត​សន្សំ​កុសល ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន អាជីវក​រដាក់​លក់ដូ​រ​ហូ​ហៀរ​ចិញ្ចើម​មកលើ​សាច់​ផ្លូវ​តែម្តង ពិសេស​របរ​ធ្វើ​រទេះដែក និង​ផ្សារ​ដែក​តែម្តង​។ រទេះដែក ត្រូវបាន​តម្រៀប​ជា​ជួរ ហៀរ​ចេញ​មកលើ​សាច់​ថ្នល់ ខណៈ​ការផ្សារភ្ជាប់​ធុង ឬ​រទេះ​នានា ធ្វើឡើង​នៅលើ​សាច់​ផ្លូវ​តែម្តង​។ ចង់​មិន​ចង់ អ្នកបើកបរ និង​អ្នក​ថ្មើរជើង​ទាំងឡាយ ត្រូវធ្វើ​ដំណើរ​គេច​ពី​រទេះដែក​ដែល​គេ​តម្រៀប​ជា​ជួរ ហៀរ​ចេញ​មកលើ​សាច់​ថ្នល់​នោះ ហើយក៏​ត្រូវ​គេច​ឲ្យ​ឆ្ងាយ​បន្តិច​ពី​ផ្កាភ្លើង ដែល​បាចសាច​ចេញពី​ការដំឡើង​រទេះ និង​ផ្សា​ដែក​នានា នៅលើ​សាច់​ផ្លូវ​នោះ​។ 
 
​អ្នកស្រី ថន ចាន់​លាភ អាជីវករ​លក់ដូរ​រ​ទេះ​ដែក នៅ​បណ្តោយ​ផ្លូវ​២៧១ ក្បែរ​ផ្សារ​ដើមថ្កូវ​ទទួលស្គាល់ថា ខ្លួន កំពុង​ធ្វើ​អាជីវកម្ម​លើ​ចិញ្ចើមផ្លូវ​សាធារណៈ ប៉ុន្តែ​ការធ្វើ​បែបនេះ ព្រោះតែ​គាត់​គ្មាន​ជម្រើស​។ បើតាម​អាជីវករ​រូបនេះ អាជ្ញាធរ​តែងតែ​មករៀ​ប​ចំ​សណ្តាប់ធ្នាប់​ជា​ញឹកញាប់ មួយដង ឬ​ពីរដង​ក្នុង​មួយអាទិត្យ ហើយ​អ្នកស្រី ថន ចាន់​លាភ តែង​រង​ការស្តីបន្ទោស​ពី​អាជ្ញាធរ ព្រោះ​រូបគាត់​បាន​យក​ចំណែក​ផ្លូវ​ដាក់លក់​រទេះ និង​ជា​កន្លែង​ផ្សារ​រទេះ​ជាដើម​។ អ្នកស្រី ថន ចាន់​លាភ រៀបរាប់​ទៀតថា អាជ្ញាធរ​តែង​ប្រាប់​ឲ្យ​គាត់​រៀបចំ​សណ្តាប់ធ្នាប់​កុំ​ឲ្យ​លយ​ចេញ​មកលើ​ចិញ្ចើមផ្លូវ​។ រូបគាត់ ធ្វើតាម​ការណែនាំ​របស់​អាជ្ញាធរ ប៉ុន្តែ​បន្ទាប់ពី​អាជ្ញាធរ​ចេញទៅ​ផុត អាជីវករ​រូបនេះ ក៏​ចាប់ផ្តើម​រៀបចំ​អ៊ី​វ៉ាន់​ហៀរ​មកលើ​ចិ​ញ្ចើ​ផ្លូវ​វិញ​។ គាត់​និយាយ​ដូច្នេះ​ថា​៖ «​ពេល​គេ​មក​ម្តងៗ យើង​រៀប​ចូលក្នុង​បន្តិច​ទៅដល់​ពេល​គេ​ទៅវិញ ដាក់​អ៊ីចឹង​ដដែល​ទៅ​។ ឲ្យ​យើង​ធ្វើ​ម៉េច បើ​កន្លែង​វា​ចង្អៀត មានតែ​ប្រឡោះ​ប៉ុណ្ណឹង​។ អ្នកណា​ចង់​ឲ្យ​គេ​ស្តី​ឲ្យ  អត់​ចង់​ទេ​! ប៉ុន្តែ​ការងារ​រកស៊ី យើង​ត្រូវ​មុខ​ក្រាស់​អ៊ីចឹង​ហើយ​»​។​
 


​ការប៉ុនប៉ង​រំដោះ​ចិញ្ចើមផ្លូវ​ឲ្យ​អ្នក​ថ្មើរជើង​ប្រើ​ប្រៀបបាន​នឹង​ការ​វែក​ចក​នៅលើ​ទឹក​។ លោក មាន ចាន់​យ៉ា​ដា អ្នកនាំពាក្យ​សាលា​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និយាយថា អាជ្ញាធរ​ខណ្ឌ​តែង​ចុះទៅ អប់រំ​ប្រជាពលរដ្ឋ​អំពី​ការប្រើប្រាស់​ចិញ្ចើមផ្លូវ និង​ណែនាំ​កុំ​ឲ្យ​ពួកគាត់​ដែលជា​អាជីវករ​យក​ចិញ្ចើមផ្លូវ​ធ្វើ​អាជីវកម្ម​។ លើសពីនេះ ក៏មាន​ការពិន័យ​ផ្នែក​រដ្ឋបាល​ផងដែរ ក្នុងករណី​មិន​ស្តាប់​តាម​ការណែនាំ​។ យ៉ាងណាក៏ដោយ លោក មាន ចាន់​យ៉ា​ដា មានប្រសាសន៍ថា ការអនុវត្ត​វិធានការ​រៀបចំ​សណ្តាប់ធ្នាប់​ចិញ្ចើមផ្លូវ គឺ​មិន​ងាយស្រួល​ឡើយ ព្រោះ​ប្រជាពលរដ្ឋ​ភាគច្រើន មិន​ព្រម​ធ្វើតាម​។ គាត់​និយាយថា​៖ «​ដូច​យើង​ធ្លាប់​ឃើញ​អ៊ីចឹង កន្លងមក​ពេល​អាជ្ញាធរ​យើង​ចុះ​ណែនាំ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ពួកគាត់​ចាប់ផ្តើម​ធ្វើតាម​។ តែ​ដល់ពេល​អាជ្ញាធរ យើង​ចេញទៅ​បាត់​ដដែល​វិញ​។ ពេល​យើង​ចាប់ យើង​ដេញ ពួកគាត់​ស្រែកថា ម៉េច​បានជា​តឹងរឹង​ម្លេះ រហូតដល់​មានការ​រិះគន់​ចំណាត់ការ​របស់​យើង​ថែមទៀត នេះ​ជា​បញ្ហា​ដែល​យើង​ពិបាក​ដោះស្រាយ​»​។ 
 
​អ្នកស្រី​សា​រ៉ា ជា​ជនជាតិ​ថៃ​ដែល​កំពុង​រស់នៅ​ជិត​ផ្សា​របឹង​កេងកង និយាយថា​គាត់​កម្រ​ហ៊ាន​ដើរ​ទៅណា​ឆ្ងាយ​តែម្នាក់ឯង​ក្រៅតែពី​ទៅ​ផ្សារ​ទិញ​ម្ហូប ដែល​នៅ​ប្រមាណ​៣០០​ម៉ែត្រ​ពី​កន្លែង​ស្នាក់នៅ​របស់ខ្លួន​ប៉ុណ្ណោះ​។ កំពុង​ឈរ​នៅក្រោម​ដើម​ត្របែកព្រៃ​ក្បែរ​របង​ផ្ទះមួយ​ដៃ​កាន់​ម្ហូប​ដែល​ទើបនឹង​ទិញ​ពី​ផ្សារ អ្នកស្រី​សា​រ៉ា និយាយថា​៖ «​ពេលខ្លះ​នាង​ខ្ញុំ​ដើរ​នៅ​កៀក​របង​ផ្ទះ​ផង​ក៏មាន​។ ខ្ញុំ​មិន​ហ៊ាន​ដើរ​នៅលើ​ចិញ្ចើម​ពីព្រោះ​ពួកគេ​បើកបរ​លឿនៗ នៅ​ផ្លូវ​ហ្នឹង​ដែរ​។ ដូច្នេះ​ខ្ញុំ​ដើរ​នៅលើ​នេះ​មាន​សុវត្ថិភាព​ជាង​»​។ ស្ត្រី​ជនជាតិ​ថៃ​រូបនេះ​និយាយថា​គាត់​សាទរ​ប្រសិនបើ​កម្ពុជា​អាច​រៀបចំ​សណ្តាប់​ចិញ្ចើមផ្លូវ​ឲ្យ​ល្អ​ជាង​នេះ នាពេល​ឆាប់ៗ​នោះ​។​
 


​ថ្មីៗ​នេះ ហាក់ដូច​ជាមាន​តម្រុយ​អំពី​វិធានការ​រំដោះ​យក​ចិញ្ចើមផ្លូវ​មកវិញ​។ ក្នុងជំនួប​ជាមួយ​មន្ត្រី​ស្ថានទូត​សិង្ហ​បុរី​កាលពី​ខែ​មុន លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​សំណើសុំ​រៀនសូត្រ​បទពិសោធន៍​ប្រទេស​សិង្ហ​បុរី​ក្នុងការ​គ្រប់គ្រង​ចិញ្ចើមផ្លូវ​។​
 
​អ្នកស្រី ថន ចាន់​លាភ អ្នករកស៊ី​លក់​រទេះដែក​នៅតាម​ផ្លូវ​លេខ​២៧១​ជិត​ក្លោងទ្វារ​ចូល​វត្ត​សន្សំ​កុសល និយាយថា​គាត់​ស្វាគមន៍ វិធានការ​តឹងរឹង​របស់​អាជ្ញាធរ​ដែ​ន​ដី​នៅ​ថ្ងៃក្រោយ ចំពោះ​អ្នករំលោភ​ចិញ្ចើមផ្លូវ អាជីវករ​រូបនេះ បើទោះជា​ដឹងថា នឹង​ប៉ះពាល់​ដល់​ការរកស៊ី​របស់គាត់​ក៏ដោយ​។ គាត់​និយាយថា​៖ «​ប៉ះពាល់ គឺ​ប៉ះពាល់ ប៉ុន្តែ យើង​ត្រូវ​យោគយល់​គ្នា​។ យើង​មិន​ចង់​ឲ្យ​ស្ទះចរាចរណ៍​រាល់ថ្ងៃ​ដូចគ្នា​។ ទាំង​ខ្ញុំ ទាំង​គេ ពេល​ស្ទះចរាចរណ៍ ម្តងៗ លំបាក​ដូចគ្នា​»​។​
 
​លោក មាន ចាន់​យ៉ា​ដា អ្នកនាំពាក្យ​សាលា​រដ្ឋបាល​រាជធានី​ភ្នំពេញ និយាយថា​រឿង​ដែល​លំបាក​ដោះស្រាយ​បំផុត​នោះ គឺ​ការផ្លាស់ប្តូរ​ឥរិយាបថ និង​ចំណេះដឹង​ប្រជាពលរដ្ឋ ដែល​ត្រូវធ្វើ​បន្តិច​ម្តងៗ​និង​ចំណាយ​ពេលវេលា​យូរ​។ ប៉ុន្តែ​គាត់​និយាយថា​គេ​មិនអាច​កំណត់​បានទេ​ថា​តើ​ពេលណា​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​យ៉ាង​អនាធិបតេយ្យ​ត្រូវ​បញ្ចប់​នោះ​។​
 
​ទាក់ទង​នឹង​ការគ្រប់គ្រង​ចិញ្ចើមផ្លូវ​នេះដែរ លោក អៀង អូន​នី អភិបាលរង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ក្នុង​សន្និសីទ​ស្តីពី​៖«​ទីក្រុង​យើងទាំងអស់គ្នា​» កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា​កន្លងទៅ​ថា សាលា​រាជធានី​ភ្នំពេញ មានលទ្ធភាព​បណ្តេញ​អ្នករកស៊ី​តាម​ចិ​ញ្ចើ​ញ​ផ្លូវ​ក្នុង​រយៈពេល​តែ​២៤​ម៉ោង​បាន ប៉ុន្តែ​ការរៀប​ចំនេះ នឹង​ប៉ះពាល់​ដល់​អ្នករកស៊ី​ក្រៅ​ប្រព័ន្ធ ដែលជា​ប្រភព​រួមចំណែក​នៃ​កំណើនសេដ្ឋកិច្ច​ប្រជាជន​។ ហើយ​ការធ្វើ​បែបនេះ លោក អៀង អូន​នី បារម្ភ​ខ្លាច​បាត់​សំឡេងឆ្នោត​។ លោក​បញ្ជាក់ថា​៖ «​ក្នុងនាម​ខ្ញុំ​អ្នក​មកពី​គណបក្ស​ឈ្នះឆ្នោត បើ​ធ្វើ​ហើយ​គ្រាន់តែ​ចាញ់ឆ្នោត​អត់​បានធ្វើ​ទៀត តើ​ធ្វើ ធ្វើ​អ្វី​? ឧបមា​ថា ខ្ញុំ​ធ្វើ​ឲ្យ​ស្អាត ប៉ុន្តែ​គ្រាន់តែ​ខ្ញុំ​ធ្វើ​ភ្លាម គេ​អត់​បោះឆ្នោត​ឲ្យ​ខ្ញុំ​? តើ​មានរឿង​ហេតុអ្វី បានជា​ខ្ញុំ​ត្រូវ​សម្អាត​មួយ​ភ្លែត ហើយ​ចុងបញ្ចប់​លទ្ធផល​ដដែល ហើយ​ខ្ញុំ​ត្រូវ​ចុះ​ពី​អំណាច​? ដូច្នេះ ខ្ញុំ​ត្រូវ​ស៊ូ​ក្នុង​អំណាច ហើយ​ធ្វើ​ការងារ​នេះ​ឲ្យ​បាន​ជោគជ័យ​»​។​
 
​មានន័យថា អ្នក​ថ្មើរជើង​គ្មាន​ជម្រើស​ណា​ផ្សេង​ឡើយ​។ នៅ​ចំណុច​ណា​ដែល​គ្មាន​សល់​សាច់​ចិញ្ចើមផ្លូវ​សម្រាប់​ដើរ​ដោយសារតែ​វា​ត្រូវបាន​ឡាន​ចត​ពេញ ឬ​កាន់កាប់​ដោយ​តូប​លក់ដូរ ឬក៏​មាន​ពំនូក​សម្រាប់​ជា​ឧស​គ្គ ពួកគេ​ត្រូវតែ​បង្ខំចិត្ត ចុះ​ដើរ​មកលើ​គែម​សាច់​ថ្នល់​ទាំង​ប្រថុយប្រថាន​សុវត្ថិភាព​របស់ខ្លួន​ប​ន្ត​ទៀត ទម្រាំ​អាជ្ញាធរ​ក្រុងភ្នំពេញ​អាច​រំដោះ​ចិញ្ចើមផ្លូវ​មកវិញ​បាន​៕

Tag:
 ចិញ្ចើមផ្លូវ​
 ​មាន ចាន់​យ៉ា​ដា​
  អៀង អូន​នី​
© រក្សាសិទ្ធិដោយ thmeythmey.com