សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន​រៀបចំ​ឆ្នេរសមុទ្រ​សាន់​យ៉ា​ទាក់ភ្នែក​ទេសចរ​សម្រាកលម្ហែ​
11, Dec 2016 , 8:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ហៃ​ណាន​៖ ចិន​បានរៀបចំ​ឆ្នេរសមុទ្រ​ទីក្រុង​សាន់​យ៉ា (Sanya) មាន​ទំហំ​ផ្ទៃដី​ជាង ១​ម៉ឺន​គីឡូម៉ែត្រ គួរ​ឲ្យ​គយ​កន់​។ ទីក្រុង​ដែល​ស្ថិតនៅ​ចុង​ខាងត្បូង នៃ​ខេត្ត​ដែលមាន​ទំហំ​ផ្ទៃដី​ជាង ៣០​ម៉ឺន​គីឡូ​ម៉ែត្រក្រឡា​នេះ មាន​ហេដ្ឋារចនាសម្ព័ន្ធ អមដោយ​សួនច្បារ​ខ្វាត់ខ្វែង ស្របតាម​មាត់សមុទ្រ​ចិន​ខាងត្បូង​។​


 
​លោក  A Hai មគ្គទេសក៍​ទេសចរ​ប្រចាំ​កោះ​ហៃ​ណាន បាន​ឲ្យ​ដឹងថា ទីក្រុង​សាន​យ៉ា មានការ​អភិវឌ្ឍ​ខ្លាំង​ចាប់តាំងពី​ទសវត្សរ៍​ទី ៨០ ដោយសារ​រដ្ឋាភិបាល​ចិន​បានកំណត់​ទីក្រុង​នេះ ជា​គោលដៅ​ទេសចរណ៍​គ្មាន​ផ្សែង​ជាប់មាត់​សមុទ្រ​ចិន​។​
 
​សាន់​យ៉ា មាន​ហេដ្ឋារចនាសម្ព័ន្ធ​មិន​ខុសពី​ទី​រួម​ខេត្ត​ហៃ​ណាន​ដែលមាន​ចម្ងាយ​ជាង ២០០​គីឡូម៉ែត្រ​ឡើយ​។ ចិន​បានរៀបចំ​វិថី​ក្នុង​ទីក្រុង​ដែលមាន​អាកាស​តំបន់​ត្រូពិច​នេះ ធំ​ទូលាយ​ចន្លោះ​ពី ១០​ម៉ែត្រ ទៅ ៦០​ម៉ែត្រ អមដោយ​សម្រស់​សួន​រុក្ខា​ជាតិ​ត្រឈឹងត្រឈៃ​។ 
 
​លើសពីនេះ​ទៀត ចិន​បានរៀបចំ​វិថី​សម្រាប់​យានយន្ត ជិះ​កង់ និង​ថ្មើរជើង រួមទាំង កន្លែង ហាត់ប្រាណ​តាម​ឆ្នេរ​ខ្សាច់​ក្នុង​តំបន់​ទីក្រុង​នេះ​យ៉ាង​រៀបរយ​គួរ​ឲ្យ​លម្ហែ​អារម្មណ៍​។ លើសពីនេះ ចិន​បាន​បំពាក់​ម៉ាស៊ីន​ថត​សុវត្ថិភាព​ចរាចរ​តាម​ស្តុ​ប​ចរាចរ និង​តំបន់​លម្ហែកាយ​តាម​មាត់សមុទ្រ​ផងដែរ ដើម្បី​ការពារ​សន្តិសុខ​សាធារណៈ​។​
 
​តាម​លោក  A Hai ទេសចរ​ចិន​ភាគ​ខាងជើង តែង​ហោះ​មក​លម្ហែកាយ​ក្នុង​តំបន់​ដែលមាន​សេវាកម្ម​បដិសណ្ឋារកិច្ច ម្ហូបអាហារ និង​កន្លែង​ស្នាក់នៅ​ស្តង់ដារ​អន្តរជាតិ​ជូន​ទេសចរ នា​រដូវ​ត្រជាក់​។​
 
​ទីក្រុង​ដែល​ធ្លាប់​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក មាន​អគារ​ខ្ពស់ៗ សឹ្ក​ម​ស្កៃ​ដូច​ភ្នំ​ភាគច្រើន រីកដុះដាល​តាម​មាត់សមុទ្រ និង​ជើងភ្នំ​ដែល​រដ្ឋាភិបាល ចិន​រៀបចំ​កំណត់​ឲ្យ​វិស័យ​សាធារណៈ  និង​ឯកជន​អភិវឌ្ឍ​ក្នុង​រយៈកាល​កំណត់​ជាក់លាក់​។ 
 
​តាម​មគ្គទេសក៍​ទេសចរណ៍​ដែលមាន​បទពិសោធន៍​ជាង ៨​ឆ្នាំ​រូបនេះ ជីវភាព​ពលរដ្ឋ​ដែល​ភាគច្រើន​ជា​កសិករ បានទទួល​ចំណូល​ពី​វិស័យ​ទេសចរណ៍​គ្មាន​ផ្សែង តាមរយៈ​ការលក់​សេវាកម្ម​ទេសចរណ៍​ជូន​ភ្ញៀវ​នៅ​ហៃ​ណាន ក្រោយពី​រដ្ឋាភិបាល​បានកំណត់​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ កន្លងមក​។​
 
​សូម​ទស្សនា​រូបភាព​ទីក្រុង​សាន់​យ៉ា​៖








































Tag:
 ឆ្នេរសមុទ្រ​
  សាន់​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com