អន្តរជាតិ
អង្គការសហប្រជាជាតិ ទទូច​ឲ្យ​ប្រធានាធិបតី​ចាញ់ឆ្នោត​ហ្កំ​ប៊ី​ផ្ទេរអំណាច​ដោយ​គ្មាន​លក្ខខណ្ឌ និង​គ្មាន​ការពន្យារពេល
12, Dec 2016 , 11:43 am        
រូបភាព
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki-moon (ប្រភពរូបភាព៖ UN)
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki-moon (ប្រភពរូបភាព៖ UN)
ដោយ:
​លេខាធិការដ្ឋាន និង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​ថ្កោលទោស​យ៉ាងខ្លាំង​ទៅលើ​ប្រធានាធិបតី​ចាញ់ឆ្នោត​ហ្កំ​ប៊ី ដែល​បាន​បដិសេធ​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​។ ជាមួយគ្នានេះ អង្គការសហប្រជាជាតិ ក៏បាន​ទទូច​ឲ្យ​ប្រធានាធិបតី​រូបនោះ ផ្ទេរអំណាច​ដោយ​សន្តិវិធី និង​គ្មាន​លក្ខខណ្ឌ​ផងដែរ​។



​តាមរយៈ​សេចក្តីថ្លែងការណ៍​ដែល​ចុះ​នៅ​ថ្ងៃទី​១០ ខែធ្នូ លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Ban Ki-moon បាន​ទទូច​លោក​ប្រធានាធិបតី​ហ្កំ​ប៊ី Yahya Jammeh ក៏ដូចជា​តួអង្គ​នយោបាយ​ទាំងអស់​ដែល​រួមទាំង​អ្នកគាំទ្រ​របស់​ពួកគេ​ផងដែរ​នោះ​ឲ្យ​គោរព​លទ្ធផល​នៃ​ការបោះឆ្នោត និង​ដោះស្រាយ​វិវាទ​ដែល​ចេញពី​ភាពមិនប្រក្រតី​នៃ​ដំណើការ​បោះឆ្នោត​តាមរយៈ​ការបង្កើត​នីតិវិធី​ផ្នែក​ច្បាប់​ក្នុង​ច​រិ​ក​លក្ខណៈ​ឲ្យ​ឆាប់​កាន់តែ​បាន និង​តម្លាភាព​ផងដែរ​។

​ប្រមុខ​អង្គការសហប្រជាជាតិ​រូបនោះ ក៏បាន​ទទូច​ឲ្យ​មានការ​ផ្ទេរអំណាច​ដោយ​សន្តិវិធី តាម​លំដាប់ និង​ទាន់ពេល​ដើម្បី​បង្ហាញ​ពី​ការគោរព​ឆន្ទៈ​របស់​ប្រជាជន​ហ្កំ​ប៊ី​ដែល​បានបង្ហាញ​តាមរយៈ​ការបោះឆ្នោត​នោះ​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​ដដែល​ដែល​បាន​បន្ថែមទៀត ថា​ប្រមុខ​អង្គការសហប្រជាជាតិ ក៏​ចង់ឃើញ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​រួមទាំង​កម្លាំង​សន្តិសុខ និង​យោធា មានការ​អត់ធ្មត់ និង​ចៀសវាង​ឲ្យ​បាន​ពី​សកម្មភាព​ដែល​បង្ក​ជា​ហិង្សា​។​

​ស្រដៀង​គ្នា​នេះ តាមរយៈ​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ក៏បាន​ទទូច​ឲ្យ​លោក​ប្រធានាធិបតី​ហ្កំ​ប៊ី Yahya Jammeh គោរព​ជម្រើស​នៃ​សិទ្ធិ​អធិបតេយ្យ​របស់​ប្រជាជន​ហ្កំ​ប៊ី និង​ផ្ទេរអំណាច​ឲ្យ​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​Adama Barrow ដោយ​គ្មាន​«​លក្ខខណ្ឌ និង​ការពន្យារពេល​»​។

​សូម​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃទី​០៩ ខែធ្នូ​កន្លងទៅ លោក​ប្រធានាធិបតី​ហ្កំ​ប៊ី Yahya Jammeh បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដើម្បី​ច្រានចោល​ទៅនឹង​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី ដែល​លោក បាន​ចាញ់​នោះ ក្រោមលេស​ថា មាន​ភាពមិនប្រក្រតី​។ លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ក្រោយពី​មានការ​ស៊ើបអង្កេត​មួយ ខ្ញុំ បានសម្រេច​ចិត្ត​ដើម្បី​ច្រានចោល​លទ្ធផល​នៃ​ការបោះឆ្នោត​ថ្មីៗ​នេះ​។ ខ្ញុំ ពិតជា​សោកស្តាយ និង​មិនអាច​ទទួលយកបាន​នូវ​ភាពមិនប្រក្រតី​ក្នុង​ដំណើរការ​បោះឆ្នោត​បានឡើយ​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Aljazeera​។

​សេចក្តីថ្លែងការណ៍​រប​ស់លោក​ប្រធានាធិបតី​រូបនេះ ធ្វើឡើង​ក្រោយ​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ​ដែល​លោក បានប្រកាស​ទទួលស្គាល់ និង​ចុះចាញ់​ចំពោះ​ការបោះឆ្នោត​ប្រធានាធិបតី​ហ្កំ​ប៊ី​ដែល​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​០១ ខែធ្នូ​កន្លងទៅ​៕


Tag:
 ហ្កំ​ប៊ី​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com