អន្តរជាតិ
ឆ្លៀតពេល​ទ័ព​ស៊ី​រី​វាយ Aleppo ក្រុម​រដ្ឋ​ឥស្លាម​ដណ្ដើម​ក្រុង Palmyra មកវិញ​
12, Dec 2016 , 1:52 pm        
រូបភាព
ទីក្រុងបុរាណ Palmyra ដែលត្រូវបំផ្លាញដោយក្រុមរដ្ឋឥស្លាម (រូបភាព Xinhua)
ទីក្រុងបុរាណ Palmyra ដែលត្រូវបំផ្លាញដោយក្រុមរដ្ឋឥស្លាម (រូបភាព Xinhua)
​ទីក្រុង​បុរាណ Palmyra របស់​ស៊ី​រី បាន​ធ្លាក់​ក្រោម​ការគ្រប់គ្រង​របស់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ជា​លើក​ទី​ពីរ ក្រោយ​សកម្មជន​ក្រុម​នេះ​វាយ​សម្រុក​ដណ្ដើម​គ្រប់គ្រង​អស់​ពេល​ជាច្រើន​ថ្ងៃ​មក​។ កងទ័ព​ស៊ី​រី បាន​ដកថយ​ទៅកាន់​ភាគខាងត្បូង​ក្រុង Palmyra ដើម្បី​ប្រមូល​កម្លាំង​ត្រៀម​វាយបក​វិញ​។​



​ឆ្លៀត​ពេលដែល​កងទ័ព​ស៊ី​រី​កំពុង​ញាប់ដៃ​សម្រុក​វាយ​ក្រុង Aleppo សកម្មជន​ក្រុម​រដ្ឋ​ឥស្លាម​ជាច្រើន​ពាន់​នាក់ បាន​វាយ​ដណ្ដើម​ទីក្រុង​បុរាណ Palmyra ម្ដងទៀត បន្ទាប់ពី​បាត់បង់​ទីក្រុង​នេះ​ក្នុង​ខែមីនា​កន្លងទៅ​។ នៅមុននេះ ទ័ពអាកាស​រុស្សី ក៏​វាយប្រហារ​លើ​ប្រតិបត្តិការ​របស់​រដ្ឋ​ឥស្លាម ដោយបាន​សម្លាប់​សកម្ម​ជន​ក្រុម​នេះ​អស់​ជាច្រើន​នាក់​។ តែ​ចុងក្រោយ ក្រុម​ជ្រុលនិយម​នេះ នៅតែ​អាច​ដណ្ដើម​ទីក្រុង Palmyra បាន​ដដែល​នៅ​ថ្ងៃទី​១១ ខែធ្នូ​។​

​សារព័ត៌មាន Al Jazeera ផ្សាយ​ថា ក្រុម​រដ្ឋ​ឥស្លាម បាន​ដកយក​កម្លាំង​ប្រយុទ្ធ​ជាច្រើន​ពី​មូលដ្ឋាន​រឹងមាំ​នៅ Raqqa និង Deir Az-zor ដើម្បី​ប្រយុទ្ធ​នៅ Palmyra ។ សកម្មជនរ​ដ្ខ​ឥស្លាម​ច្រើនជាង​បួន​ពាន់​នាក់ បាន​ប្រតិបត្តិការ​ជាច្រើន​មុខព្រួញ ក្នុងការ​វាយ​ដណ្ដើម​នេះ ដោយមាន​ការគាំទ្រ​ពី​កម្លាំង​រថក្រោះ​ផងដែរ​។ ក្រុម​រដ្ឋ​ឥស្លាម ធ្លាប់​គ្រប់គ្រង​ទីក្រុង​នេះ​លើកទីមួយ​កាលពី​ខែឧសភា ឆ្នាំ​២០១៥ មកទល់​ខែមីនា ឆ្នាំនេះ​។​

​អភិបាលខេត្ត Homs លោក Talal Barazi បានបញ្ជាក់​ពី​ជ័យជម្នះ​របស់​ក្រុម​រដ្ឋ​ឥស្លាម ហើយ​កងទ័ព​រដ្ឋាភិបាល ក៏បាន​ដកទ័ព​ចេញពី​ក្រុង​នេះដែរ​។ ប៉ុន្តែ​អភិបាលខេត្ត​រូបនេះ​ក៏​អះអាង​ដែរ​ថា កងទ័ព​ស៊ី​រី នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់​ដើម្បី​ដណ្ដើម​ទីក្រុង​នេះ​មកវិញ​។ ជាមួយគ្នានេះ រដ្ឋាភិបាល​ស៊ី​រី ក៏បាន​បញ្ជូន​ទ័ព​ជំនួយ​មកកាន់​ទីក្រុង​នេះដែរ ដោយបាន​ដកទ័ព​ខ្លះ​ពី​សមរភូមិ Aleppo ។​

​ក្រោម​ការគ្រប់គ្រង​ដំបូង​របស់​ក្រុម​រដ្ឋ​ឥស្លាម ទីក្រុង​បុរាណ Palmyra ត្រូវបាន​បំផ្លិចបំផ្លាញ​យ៉ាងខ្លាំង​រួមទាំង​សម្បត្តិ​បេតិកភណ្ឌ UNESCO ។ សំណង់​បុរាណ​មួយចំនួន​នៅ​ទីនោះ ត្រូវបាន​កម្ទេច ដែល​សកម្មភាព​នោះ​ត្រូវបាន UNESCO ចាត់ទុកជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ លើសពីនោះ Palmyra ក៏​ក្លាយជា​វាលពិឃាត​សម្រាប់​ក្រុម​រដ្ឋ​ឥស្លាម​សម្លាប់​មនុស្ស​ជា​សាធារណៈ​ផងដែរ​។

​ទីក្រុង​បុរាណ​នេះ ក៏​ជាទី​តាំង​យុទ្ធសាស្ត្រ​សំខាន់​មួយ​ដែរ ព្រោះ​មាន​ទីតាំង​ក្បែរ​តំបន់​អណ្ដូងប្រេង​។ ក្រុម​រដ្ឋ​ឥស្លាម អាច​បូម​យក​ប្រេង​ទាំងនោះ ដើម្បី​បំពេញ​ប្រភព​ហិរញ្ញវត្ថុ​ដែល​ត្រូវការ​ខ្លាំង​។ ម្យ៉ាងទៀត ក្រុម​ជ្រុលនិយម​នេះ ទំនងជា​លួច​លក់​យក​វត្ថុ​បុរាណ​ក្នុង​ទីក្រុង Palmyra ដើម្បី​ផ្គត់ផ្គង់​ហោប៉ៅ​របស់ខ្លួន​ទៀតផង ខណៈដែល​ទីតាំង​ដែល​ធ្លាប់​គ្រប់គ្រង​ជាច្រើន ត្រូវ​បាត់បង់​ជា​បន្តបន្ទាប់​នោះ​៕


Tag:
 ស៊ី​រី​
  Aleppo
  Palmyra
  ក្រុម​រដ្ឋ​ឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com