អន្តរជាតិ
ការសម្រេចចិត្ត​របស់​លោក​ត្រាំ​ក្នុងការ​បោះបង់ចោល​កិច្ចព្រមព្រៀង TPP អាច​ផ្តល់​ប្រយោជន៍​ដល់​ចិន និង​ប៉ះពាល់​ដល់​ទំនាក់ទំនង​នៅ​អាស៊ី​ប៉ាស៊ីហ្វិក
13, Dec 2016 , 7:39 am        
រូបភាព
ដោយ: VOA
​លោក ត្រាំ និយាយថា ជាជាង​កិច្ចព្រមព្រៀង​មួយ​ដែលមាន​ទំហំ ៤០ ភាគ​នៃ​ពាណិជ្ជកម្ម​ពិភពលោក លោក​មាន​គម្រោង​ចរចា​លើ​កិច្ចព្រមព្រៀង​មួយ​ទល់​មួយ​ដែលមាន​លក្ខណៈ​ល្អប្រសើរ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​។ សម្រាប់​ប្រទេស​នៅ​អាស៊ី អ្នកវិភាគ​និយាយថា ការបោះបង់ចោល​កិច្ចព្រមព្រៀង​នេះ​នឹង​បើកផ្លូវ​ពាណិជ្ជកម្ម​ដល់​ប្រទេស​ចិន ដែល​មិនមែនជា​ភាគី​នៃ​កិច្ចព្រមព្រៀង​នេះ​។​



​ក្រុម​អ្នកចរចា​បាន​ចំណាយពេល​៧​ឆ្នាំ លើ​កិច្ចព្រមព្រៀង TPP ដែល​អ្នកគាំទ្រ​និយាយថា អាច​នឹងធ្វើ​ឲ្យ​មាន​ពាណិជ្ជកម្ម​កាន់តែច្រើន​ក្នុងចំណោម​ប្រទេស​ទាំង​១២ បង្កើន​ប្រាក់​ឈ្នួល​ដល់ក​ម្មករ បន្ថែម​ការការពារ​លើ​កម្មសិទ្ធិបញ្ញា ការពារ​សិទ្ធិ​ការងារ និង​ការពារ​បរិស្ថាន​សាជីវកម្ម​។ ក្រុម​អ្នក​រិះគន់​បាន​ចោទប្រកាន់​កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​ចរចា​ដោយ​សម្ងាត់​នេះ​ថា មាន​ប្រយោជន៍​ច្រើន​ជ្រុល​ដល់​សាជីវកម្ម​ពិភពលោក និង​មានការ​រឹតត្បិត​កម្មសិទ្ធិបញ្ញា​ហួសហេតុ​។​

​លើសពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទៅទៀត​

​ក្រុមប្រឹក្សា​សម្រាប់​ទំនាក់ទំនង​ការបរទេស បាន​គាំទ្រ​ដល់​កិច្ចព្រមព្រៀង TPP នៅក្នុង​របាយការណ៍​ខែ​នេះ​ដោយ​និយាយថា កិច្ចព្រមព្រៀង​នេះ «​អាច​នឹង​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ផលិត​» ដែល​អាច​នឹងមាន​ច្រើន​សណ្ឋាន​ជាង​នេះ​នៅ​អាស៊ី ហើយនឹង​ជួយ​បង្កើន​ការនាំចេញ​របស់​អាមេរិក ជាពិសេស ផលិតផល​កសិកម្ម​។ ខណៈដែល​ការងារ​របស់​ពលរដ្ឋ​អាមេរិកាំង​មួយចំនួន​អាច​នឹង​បាត់បង់​ទៅ​ពលករ​បរទេស ក្រុម​អ្នកគាំទ្រ​កិច្ចព្រមព្រៀង TPP អះអាងថា ជារួម កិច្ចព្រមព្រៀង​នេះ​ជា​កិច្ចព្រមព្រៀង​ល្អ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង ដោយសារ​វា​អាចធ្វើ​ឲ្យ​ទំនិញ​នាំចូល​មានតម្លៃ​ទាប​។​

​របាយការណ៍​ដែល​បាន​សំអាង​លើ​ការសិក្សា​របស់​វិទ្យាស្ថាន Petersen សម្រាប់​សេដ្ឋកិច្ច​អន្តរជាតិ​នេះ​សរសេរថា កិច្ចព្រមព្រៀង TPP បានធ្វើ​ឲ្យ​មាន​កំណើន​ប្រចាំឆ្នាំ​ប្រមាណ​ជា​៧៨​ប៊ី​លាន (៧៨​ពាន់​លាន​) ដុល្លារ​ដល់​សេដ្ឋកិច្ច​អាមេរិក​។​

​លោក Gareth Leather អ្នកសេដ្ឋកិច្ច​ជាន់ខ្ពស់​ផ្តោតលើ​តំបន់​អាស៊ី និង​បម្រើការ​នៅ​ក្រុមហ៊ុន Capital Economics ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍ បាន​ហៅ​ការចាកចេញ​ពី​កិច្ចព្រមព្រៀង TPP នេះ​ថា​ជា «​ការបោក​បក់​លើ​អនាគត​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​ដែល​ទើបតែ​ងើបឡើង​» ដោយ​ផ្តល់​អត្ថប្រយោជន៍​កាន់តែ​តិចជាង​មុន សម្រាប់​កិច្ចព្រមព្រៀង​ថ្នាក់​តំបន់​ដែល​ដឹកនាំ​ដោយ​ចិន​។​

​លោក Carl Thayer អ្នកវិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ New South Wales ប្រទេស​អូ​ស្រា្ត​លី​និយាយថា ការបោះ​ជំហាន​របស់លោក ត្រាំ អាច​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​របស់​អាមេរិក ជាពិសេស​ក្នុងចំណោម​សម្ព័ន្ធមិត្ត​សំខាន់ៗ​ដូចជា ជប៉ុន អូ​ស្រា្ត​លី និង​វៀតណាម​ជាដើម​។​

​លោក Thayer និយាយថា កិច្ចព្រមព្រៀង TPP  «​អាច​នឹង​នៅតែមាន​ប្រសិទ្ធិភាព ប្រសិនបើ​កិច្ចព្រមព្រៀង​នេះ​មិន​ត្រូវបាន​លុបចោល​» ដោយសារតែ​ការមិន​ខ្វាយខ្វល់​របស់លោក ត្រាំ ចំពោះ​ការអំពាវនាវ​របស់លោក​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe និង​មេដឹកនាំ​ផ្សេងទៀត ដើម្បី​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​តទៅទៀត​។​
​លោក Thayer និយាយថា «​វា​មានន័យថា ការអំពាវនាវ​របស់​លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Turnbull និង​លោក Abe មិនត្រូវ​បាន​គេ​យកចិត្តទុកដាក់​ទេ​។ បើទោះជា លោក Turnbull គិតថា កិច្ចព្រមព្រៀង​នេះ​អាច​នឹងត្រូវ​ចរចា​ឡើងវិញ​ក៏ដោយ​»​។​

​របាយការណ៍​ខាងលើនេះ​បាន​បញ្ជាក់ថា លោក Abe បាន​ចំណាយ «​ដើមទុន​នយោបាយ​ច្រើន​គួរសម​» ក្នុងការ​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​នេះ​ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ខែតុលា ឆ្នាំ​២០១៥ ហើយ​លោក​បាន​ប្រឈមមុខ​នឹង​ការប្រឆាំង​យ៉ាងខ្លាំង​ពី «​ក្រុម​បញ្ចុះបញ្ចូល​ខាង​កសិកម្ម​ដ៏​មាន​ឥទ្ធិពល​» របស់​ជប៉ុន​។​

​លោក Thayer និយាយថា កិច្ចព្រមព្រៀង TPP មិនមែន​ត្រឹម​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នោះទេ​។​

​លោក​បាន​ប្រាប់ VOA ថា​៖ «​នេះ​មានន័យថា ប្រទេស​ទាំង​១១ ត្រូវបាន​គេបោះបង់​ចោល​។ វា​មិនមែន​ត្រឹមតែ​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នោះទេ​។ វា​បានរួម​បញ្ចូល​នូវ​សេវាកម្ម កម្មសិទ្ធិបញ្ញា បញ្ហា​បរិស្ថាន និង​បម្រែបម្រួល​អាកាសធាតុ​ផងដែរ​។ វា​ជា​កិច្ចព្រមព្រៀង​មាន​ស្តង់ដា​មួយ​ខ្ពស់ ហើយ​ចិន​ក៏​មិន​ត្រូវបាន​គេបោះបង់​ចោល​ដែរ​។ ប្រទេស​ចិន​មិន​អាចមាន​ស្តង់ដា​ដូច្នេះ​ទេ​»​។​

​អ្នកស្រី Pavida Pananond សាស្ត្រាចារ្យ​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ធម្ម​សាធ (Thammasat) នៅ​ប្រទេស​ថៃ​និយាយថា ការសម្រេចចិត្ត​ដកខ្លួន​របស់​អាមេរិក​នឹង​បង្កើត​ឲ្យ​មាន​ក្តីបារម្ភ​កាន់តែខ្លាំង​ចំពោះ​ជម្លោះ​ពាណិជ្ជកម្ម ជាពិសេស​រវាង​អាមេរិក និង​ចិន​។ កាសែត People's Daily របស់​បក្សកុម្មុយនិស្ត (​ចិន​) បាន​និយាយ​នៅក្នុង​បទ​វិចារណកថា​របស់ខ្លួន​ថា ទំនាក់ទំនង​ចិន​និង​អាមេរិក «​ខ្លាំងណាស់​មិនអាច​បរាជ័យ​បានទេ​»​។​

​អ្នកស្រី Pavida និយាយថា ផលប៉ះពាល់​ខ្លាំង​មួយ​គឺ​ទៅលើ​តួនាទី​របស់​អាមេរិក​ក្នុង​ការជជែក​ដេញដោល​ក្នុង​ពាណិជ្ជកម្ម​ពិភពលោក​។​

​អ្នកស្រី​បាន​ប្រាប់ VOA ថា​៖ «​បើសិនជា​គ្មាន​កិច្ចព្រមព្រៀង TPP ទេនោះ អ្វីដែល​អាច​នឹង​កើតឡើង​គឺថា តួនាទី​នាំមុខ​របស់​អាមេរិក​ក្នុង​គំនិត​បែប​សេរី​និយមនៃ​សាកលភាវូបនីយកម្ម និង​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ពហុភាគី នឹងត្រូវ​ខូច​ក្នុងនាម​ជា​មេដឹកនាំ ហើយ​វា​នឹងមាន​បញ្ញត្តិ​រួម​សម្រាប់​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​»​។​

​នៅពេល​អាមេរិក​ផ្តោ​លើ​បញ្ហា​ខាងក្នុង ចិន​ខំ​ពង្រីក​ខ្លួន​ចេញ​ក្រៅ​

​លោក Leather នៃ​ស្ថាប័ន​ស្រាវជ្រាវ Capital Economics និយាយថា វៀតណាម និង​ម៉ាឡេស៊ី​នឹង​ក្លាយជា​ប្រទេស​ទទួលរង​ផល​ពិបាក​បំផុត​ដោយសារតែ​កិច្ចព្រមព្រៀង TPP មិនបាន​ចូល​ជា​ធរមាន​។​

​ខណៈដែល​ប្រទេស​ទាំងពីរ​នេះ​កំពុង​ទទួលបាន​ប្រយោជន៍​ពី​ពន្ធគយ​ទាប​ក្នុងការ​នាំចូល​ទៅកាន់​ទី​ផ្សារ​អាមេរិក​រួច​ស្រាប់​ហើយ​នោះ ផលប្រយោជន៍​ចម្បង គឺ​ស្ថិតនៅលើ​ការលុបចោល​របាំង​ពន្ធគយ បូក​រួមទាំង​បញ្ញត្តិ​ស្តីពី​ការផ្គត់ផ្គង់​របស់​រដ្ឋា​ភិ​បាល ការ​រឹតត្បិត​ការវិនិយោគ និង​ការឧបត្ថម្ភ​បដិភាគ​ដោយ​សម្ងាត់​។​

​លោក Thayer និយាយថា វៀតណាម​នឹងមាន​ការព្រួយបារម្ភ​ខ្លាំង ដោយសារ​ខ្លួន​ត្រូវការ​ចូលទៅក្នុង​ទីផ្សារ​អាមេរិក ជា​កន្លែង​ដែល​ខ្លួន​ទទួលបាន​កំណើន​ពាណិជ្ជកម្ម​ច្រើន​រហូតដល់​ទៅ​៣០​ប៊ី​លាន​ដុល្លារ (៣០​ពាន់​លាន​) បើ​ប្រៀបធៀប​ទៅនឹង​ឱនភាព​៣២​ប៊ី​លាន​ដុល្លារ (៣២​ពាន់​លាន​) ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​។​

​លោក​បាន​និយាយថា​៖ «​សម្រាប់​ករណី​ប្រទេស​វៀតណាម វា​អាច​នឹង​ជាការ​ខកចិត្ត​យ៉ាងខ្លាំង​។ ប៉ុន្តែ​សភាជាតិ​បានធ្វើ​យ៉ាងណា​ដើម្បី​ទុក​មុខមាត់​របស់ខ្លួន តាមរយៈ​ការពន្យារ​ធ្វើ​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង TPP ខណៈដែល​ប្រទេស​ម៉ាឡេស៊ី​ជា​ប្រទេស​ដំបូង​ដែល​បានផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង TPP នេះ​យ៉ាង​លឿន​។ ដូច្នេះ ពួកគេ​នឹងមាន​ការខាតបង់​យ៉ាងធ្ងន់ធ្ងរ​»​។​

​មន្ត្រី​ម៉ាឡេស៊ី​មកពី​ក្រសួងពាណិជ្ជកម្ម​អន្តរជាតិ​នាពេល​ថ្មីៗ​នេះ បាន​ព្រមាន​ថា ការងារ​ប្រមាណ​ជា​១​លាន​កន្លែង​នឹង​ត្រូវបាន​បង្កើតឡើង​តាមរយៈ​កិច្ចព្រមព្រៀង TPP​។​

​ក្រុមមន្ត្រី​និយាយថា ម៉ាឡេស៊ី​នឹង​ស្វែងរក​ឱកាស​ពាណិជ្ជកម្ម​ផ្សេងទៀត តាមរយៈ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េ​ខាត​ត្បូង និង​នូ​វែ​ល​សេ​ឡង់​។​

​លោក​Triphon Phumiwasana ដែលជា​ដៃគូ​ម្នាក់​របស់​ក្រុមហ៊ុន Hatton Capital មាន​មូលដ្ឋាន​នៅក្នុង​ក្រុង​បាងកក​និយាយថា ចិន​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងការ​ពង្រីក​ពាណិជ្ជកម្ម​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

​លោក Triphon និយាយថា​៖ «​ចិន​កំពុងមាន​ចំណាប់អារម្មណ៍​ក្នុងការ​ពង្រីក​ពាណិជ្ជកម្ម​។ ពួកគេ​នឹង​បន្ត​ពង្រឹង​ទំនាក់ទំនង​ជាមួយនឹង​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​។ នេះ​គឺជា​គុណប្រយោជន៍​របស់​ពួកគេ ពីព្រោះ​អាមេរិក​កំពុងតែ​ផ្តោតលើ​បញ្ហា​ក្នុងស្រុក ប៉ុន្តែ​ចិន​កំពុង​ផ្តោត​កិច្ចការ​ខាងក្រៅ​»​។​

​ស្ថាប័ន​ស្រាវជ្រាវ Capital Economics បាន​ឲ្យ​ដឹងថា ការដកខ្លួន​របស់​អា​មេ​រិ​កបាន​បើកផ្លូវ​ឲ្យ​ចិន​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​។ លោក Leather និយាយថា​៖ «​ការមានចំណងទាក់ទង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ចិន មាន​សក្តានុពល​ក្នុងការ​បង្កើន​ការរីកចម្រើន​កាន់តែខ្លាំង​ទៅកាន់​តំបន់​ទាំងអស់​ទូទាំង​អាស៊ី​»​។​

​គេ​រំពឹងថា​ប្រទេស​ចិន​នឹង​ចាប់ផ្តើម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្នាក់​តំបន់​របស់ខ្លួន ដែល​គេ​ហៅថា ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ថា្នក់​តំបន់ ឬ​កិច្ចព្រមព្រៀង RCEP ដែល​គ្របដណ្ដប់​លើ​បណ្ដា​ប្រទេស​នៅក្នុង​សមាគម​អាស៊ាន រួមទាំង​ជប៉ុន ឥណ្ឌា និង​កូរ៉េ ប៉ុន្តែ​មិន​បញ្ចូល​អាមេរិក​នោះទេ​។​

​លោក Leather និយាយថា ខណៈដែល​ប្រទេស​ហ្វីលីពីន ថៃ និង​កូរ៉េ អាចនឹងទទួល​បាន​ផលចំណេញ​ពី​កិច្ចព្រមព្រៀង RCEP នេះ ការខាតបង់​ដោយសារតែ​ការបរាជ័យ​លើ​កិច្ចព្រមព្រៀង TPP ទំនងជា​មិនអាច​ទូទាត់​ជាមួយនឹង​ផលចំណេញ​បាន​ពី​កិច្ចព្រមព្រៀង RCEP សព្វគ្រប់​នោះទេ​»៕


© រក្សាសិទ្ធិដោយ thmeythmey.com