អន្តរជាតិ
ចិន​ថ្កោលទោស​សេចក្តីព្រាងច្បាប់​អាមេរិក​ដែល​ស្នើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​យោធា​ជាន់ខ្ពស់​ជាមួយនឹង​តៃវ៉ាន់
13, Dec 2016 , 8:59 am        
រូបភាព
ដោយ: VOA
​ចិន​បាន​ថ្លែង​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​ការពារ​ប្រទេស​របស់​អាមេរិក​អនុម័ត​កាលពី​ថ្ងៃ​សុក្រ ដែល​បានចែង​អំពាវនាវ​ឲ្យ​មានការ​ផ្លាស់ប្តូរ​យោធា​ជា​រៀងរាល់ឆ្នាំ​ជាមួយនឹង​តៃវ៉ាន់ ដែល​រដ្ឋាភិបាល​ចិន​ចាត់ទុកថា​ជា​ខេត្ត​មួយ​ដែល​បែក​ចេញពី​ខ្លួន​។​



​អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​ចិន​លោក Yang Yujun បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​មួយ​ថា​៖«​ចិន​ប្រឆាំង​ដាច់ខាត​ចំពោះ​ការផ្លាស់ប្តូរ​យោធា​រវាង​តៃវ៉ាន់​និង​អាមេរិក​» នេះ​បើ​យោងតាម​កាសែត Global Times ដែលជា​ទីភ្នាក់ងារសារព័ត៌មាន​គាំទ្រ​ដោយ​រដ្ឋ​។ លោក​បាន​បន្ថែមថា​៖«​អ្វីដែល​សភា​អាមេរិក​បានធ្វើ​គឺជា​ការ​លូកដៃ​ចូលទៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​រវាង​ចិន​និង​តៃវ៉ាន់ រំលោភ​អធិបតេយ្យភាព​និង​សន្តិសុខ​របស់​ចិន ហើយ​ទីបំផុត​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​អាមេរិក​»​។​

​លោក Yang ក៏បាន​ថ្លែង​ទៀតថា ចិន​ដាស់តឿន​ឲ្យ​អាមេរិក​កែ​នូវ​កំហុស​របស់ខ្លួន ហើយ​ថា ចិន​នៅតែ​រក្សា​សិទ្ធិ​ក្នុងការ​ចាត់វិធានការ​ជា​បន្តបន្ទាប់​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការអនុម័ត​សេចក្តីព្រាងច្បាប់​នេះ នេះ​បើ​យោងតាម​កាសែត Global Times​។​

​សេចក្តីព្រាងច្បាប់​ត្រូវបាន​អនុម័ត​ដោយ​ព្រឹទ្ធសភា​អាមេរិក​កាលពី​ថ្ងៃ​សុក្រ​ហើយ​ឥឡូវ​កំពុងតែ​រង់ចាំ​ឲ្យ​លោក​ប្រធានាធិបតី Barack Obama ចុះហត្ថលេខា​នោះ គឺ​ស្នើ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក បង្កើត​កម្មវិធី​ផ្លាស់ប្តូរ​យោធា​ជាន់ខ្ពស់​រវាង​អាមេរិក​និង​តៃវ៉ាន់​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com