អន្តរជាតិ
ដូ​ណា​ល់ ត្រាំ អួតខ្លួន​ឯង​ថា «​ខ្ញុំ​ជាម​នុស្ស​ឆ្លាត​»
12, Dec 2016 , 3:52 pm        
រូបភាព
​ការ​អង្គុយ​ស្ដាប់​ការ​សង្ខេប​ព័ត៌មាន​ចារកម្ម​ប្រចាំថ្ងៃ ជាកា​ត្វ​កិច្ច​របស់​ប្រធានាធិបតី​អាមេរិក​គ្រប់រូប​។ ប៉ុន្តែ​សម្រាប់​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ វិញ វា​មិនមែនជា​រឿង​ដែល​លោក​ចូលចិត្ត​ឡើយ​។ លោក ចាត់ទុក​ព័ត៌មាន​ទាំងនោះ​ជា​រឿង​ដដែលៗ ហើយ​លោក​ក៏​មិន​ចង់​ស្ដាប់​រាល់ថ្ងៃ​ដែរ ព្រោះ​លោក​ជា​មនុស្ស​ឆ្លាត ប៉ុន្តែ​លោក​នឹង​អង្គុយ​ស្ដាប់​ការ​សង្ខេប​ព័ត៌មាន ប្រសិនបើ​ស្ថានការណ៍​ប្រែប្រួល​។​



​លោក ដូ​ណា​ល់ ត្រាំ នឹង​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃទី​២០ ខែមករា​ខាងមុខ​។ មាន​ការងារ​ជាច្រើន​ដែល​កំពុង​រង់ចាំ​ប្រធានាធិបតី​ជាប់ឆ្នោត​រូបនេះ​ដោយ​រួមទាំង​ការ​ស្ដាប់​របាយការណ៍​ចារកម្ម​ប្រចាំថ្ងៃ​ផងដែរ​។ យ៉ាងណាក្ដី លោក ដូ​ណា​ល់ ត្រាំ បានបង្ហាញ​ជំហរ​ផ្លាស់ប្ដូរ​ទម្លាប់​នេះ ដ្បិត​លោក​មិន​ចង់​ស្ដាប់​ព័ត៌មាន​ដដែល​រៀងរាល់ថ្ងៃ​នោះឡើយ​។

​ប្រធានាធិបតី​ជាប់ឆ្នោត​រូបនេះ​បាន​ប្រាប់​សារព័ត៌មាន Fox News ក្នុង​បទសម្ភាសន៍​មួយ​នៅ​ថ្ងៃទី​១១ ខែធ្នូ ថា លោក មិនត្រូវ​ការ​ការ​សង្ខេប​ព័ត​មាន​ចារកម្ម​ឡើយ ហើយ​លោក​នឹង​ស្ដាប់​ព័ត៌មាន​សំខាន់​នៅពេលដែល​សភាពការណ៍​ផ្លាស់ប្ដូរ​ប៉ុណ្ណោះ​។ លោក​បញ្ជាក់ថា​៖ «​ក្នុងករណី​ប្រែប្រួល​ខុសប្លែក​ពី​ធម្មតា ទូរ​សព្ទ​មក​ខ្ញុំ​ភ្លាម​។ ខ្ញុំ​មាន​ពេល​មួយ​នាទី​ដើម្បី​ស្ដាប់​។​»

​មិនតែប៉ុណ្ណោះ ប្រធានាធិបតី​ដែល​ចេញ​មកពី​អ្នកជំនួញ​រូបនេះ ថែមទាំង​អួត​សរសើរ​ខ្លួនឯង​ទៀតផង​។ លោក​និយាយថា លោក ដូចជា​មនុស្ស​ឆ្លាត​ម្នាក់ ដូច្នេះ​លោក​មិនចាំបាច់​អង្គុយ​ស្ដាប់​ការរាយការណ៍​ព័ត៌មាន​ដដែល​រៀងរាល់ថ្ងៃ​ក្នុងពេល​៨​ឆ្នាំ​បន្ទាប់​ឡើយ​។ មកទល់ពេលនេះ លោក​ទទួល​ការ​សង្ខេប​ព័ត៌មាន​ចារកម្ម​ដែល​ទាក់ទង​សន្តិសុខ​ជាតិ​ទាំងមូល​តែម្ដង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍​៕


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com