អន្តរជាតិ
លោក ដូណាល់ ត្រាំ ស្អប់ចិនដែលចូលចិត្តបង្គាប់បញ្ជាអាមេរិក
× ការសន្ទនាតាមទូរសព្ទរវាងលោក ដូណាល់ ត្រាំ និងប្រធានាធិបតីតៃវ៉ាន់ ធ្វើឲ្យចិនអាក់អន់ចិត្តខ្លាំង ដ្បិតនេះជាលើកដំបូងក្នុងពេលជិត៤០ឆ្នាំ ដែលប្រធានាធិបតីអាមេរិក និយាយទូរសព្ទដោយផ្ទាល់ជាមួយមេដឹកនាំតៃវ៉ាន់។ ក្រុងប៉េកាំង ដែលមិនសប្បាយចិត្ត ហើយបានប្រាប់លោក ដូណាល់ ត្រាំ ឲ្យគោរពនយោបាយចិនតែមួយ។ តែលោក ត្រាំ ដូចជាមិនខ្វាយខ្វល់នឹងសំណើនេះឡើយ ហើយថែមទាំងរិះគន់ចិន មិនជួយដោះស្រាយបញ្ហាហើយចូលចិត្តបង្គាប់បញ្ជាទៀត។
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ បានដាក់លើកជាសំណួរពាក់ព័ន្ធនឹងគោលនយោបាយចិនតែមួយ ដែលអាមេរិកធ្លាប់អនុវត្តអស់ពេលជាង៣០ឆ្នាំមកហើយនោះ។ លោក ក៏បានប្រាប់ឲ្យចិនផ្ដល់សម្បទានខ្លះមកអាមេរិក ជាថ្នូរនឹងការបន្តអនុវត្តនយោបាយចិនតែមួយ។ សម្បទានដែលលោកចង់បាន គឺទំនាក់ទំនងពាណិជ្ជកម្ម និងជួយដោះស្រាយបញ្ហាផ្សេងៗដូចជា វិបត្តិនៅឧបទ្វីបកូរ៉េ និងជម្លោះសមុទ្រចិនខាងត្បូងជាដើម។
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Fox News នៅថ្ងៃទី១១ ខែធ្នូ លោក ដូណាល់ ត្រាំ ថែមទាំងប្រាប់ចិនចំៗថា លោកមិនចង់ឲ្យគេបង្គាប់បញ្ជាលោកឡើយ។ ហើយលោកក៏មិនដឹងថា ហេតុអ្វីបានជាអាមេរិកត្រូវតែគោរពនយោបាយចិនមួយដែរ។ លោកដាក់លក្ខខណ្ឌឲ្យចិនត្រូវផ្ដល់អ្វីមួយជាថ្នូរមកវិញដែលរួមទាំងរឿងពាណិជ្ជកម្មជាដើម បើចង់ឲ្យអាមេរិកបន្តអនុវត្តនយោបាយចិនមួយទៀត។
ក្រៅពីទំនាក់ទំនងពាណិជ្ជកម្មដែលមិនសូវល្អនោះ ប្រធានាធិបតីជាប់ឆ្នោតរូបនេះ ក៏បានអះអាងថា ចិនមិនដែលសហការជាមួយអាមេរិក ដើម្បីដោះស្រាយបញ្ហាប្រឈមជាច្រើនឡើយរាប់ទាំងការទម្លាក់តម្លៃរូបិយបណ្ណទៀតផង។ នាពេលកន្លងទៅ ក្រុងប៉េកាំង បានព្យាយាមរក្សាតម្លៃប្រាក់យ័នរបស់ខ្លួន ឲ្យនៅកម្រិតទាប ដែលរឿងនេះធ្វើឲ្យអាមេរិកខាតបង់យ៉ាងខ្លាំង។
លើសពីនេះ លោក ដូណាល់ ត្រាំ ក៏រិះគន់ក្រុងប៉េកាំងដែលនៅតែមានជំហរការពារកូរ៉េខាងជើងលើសំណុំរឿងនុយក្លេអ៊ែរដដែល។ ប្រធានាធិបតីមានប្រភពពីអ្នកជំនួញនេះបញ្ជាក់ថា ចិនពិតជាអាចជួយរកច្រកចេញបាន តែពួកគេមិនបានជួយអ្វីទៅវិញ។ ក្នុងនាមជាសម្ព័ន្ធមិត្តជិតស្និទ្ធតែមួយ ចិន តែងនៅពីក្រោយរបបកុម្មុយនីស្តកូរ៉េខាងជើងដែលរងទណ្ឌកម្មស្ទើររាប់ភ្លេចទៅហើយ។
គេមិនទាន់ដឹងច្បាស់ទេពីទំនាក់ទំនងរវាងអាមេរិក និងចិន នៅក្រោមអាណត្តិដឹកនាំរបស់លោក ដូណាល់ ត្រាំ ដែលនឹងស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករាខាងមុខ ដ្បិតមិនទាន់ទាំងដឹកនាំប្រទេសផង លោករិះគន់ចិនចំៗ ហើយលោកក៏ធ្លាប់អះអាងថា ចិនលួចការងារអាមេរិកជាច្រើនដែរ។ លោក ហាក់មានទំនោរងាកចេញពីនយោបាយចិនតែមួយ ឯគោលនយោបាយការបរទេសរបស់លោកទៀតសោត ក៏ចម្រូងចម្រាស់ខ្លាំង ដែលអាចប៉ះពាល់ទំនាក់ទំនងទ្វេភាគីផងដែរ៕
Tag:
ចិន
អាមេរិក
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com