អន្តរជាតិ
ទស្សនកិច្ច​លោក Duterte មកកាន់​កម្ពុជា​ក្នុង​បរិបទ​ថ្មី​នៃ​សមុទ្រ​ចិន​ខាងត្បូង​
12, Dec 2016 , 5:09 pm        
រូបភាព
លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌើទើតេ
លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌើទើតេ
ដោយ: ថ្មីៗ
​លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​មកកាន់​កម្ពុជា​ជា​លើកដំបូង​នៅ​ថ្ងៃ​១៣-១៤ ធ្នូ​នេះហើយ​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ លោក​ប្រធានាធិបតី​ដែលមាន​រហ័ស​នាម​ថា​ជា​«​អ្នក​ដាក់ទណ្ឌកម្ម​» នឹង​ជួបពិភាក្សា​ជាមួយនឹង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន​ផងដែរ​។ សមុទ្រ​ចិន​ខាងត្បូង ដែល​ធ្លាប់តែ​ជា​រឿង​រកាំរ​កុះ​ខ្លាំង​រវាង​កម្ពុជា និង​រដ្ឋបាល​ហ្វីលីពីន​ចាស់ ក៏​រំពឹងថា នឹងត្រូវ​បាន​ជជែក​នៅក្នុង​ជំនួប​នោះដែរ​។



​លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ជា​លើកដំបូង​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា​នៅ​ថ្ងៃទី​១៣-១៤ ធ្នូ ស្អែក​នេះ​។ ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។  នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​ចុះ​កាលពី​ថ្ងៃទី​៨ ធ្នូ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នឹង​ចូល​ក្រាបបង្គំ​គាល់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី នៅ​ព្រះបរមរាជវាំង និង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយនឹង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ដែល​បន្តទៀតថា ថា្នក់​ដឹកនាំ​ទាំងពីរ ក៏​នឹង​ចុះហត្ថលេខា​លើ​អនុស្សារណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​អនុស្សារណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កីឡា​ផងដែរ​។​

​សមុទ្រ​ចិន​ខាងត្បូង ក៏​អាច​ស្ថិតនៅក្នុង​របៀបវារៈ​នៃ​ជំនួប​រវាង​ប្រមុខ​រដ្ឋាភិបាល
​ក្រៅពី​កិច្ចព្រមព្រៀង​ទាំងនេះ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ក៏​អាច​នឹងត្រូវ​ជជែក​នៅក្នុង​ជំនួប​រវាង​លោក​ប្រធានាធិបតី និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ក្របខណ្ឌ​បញ្ហា​ក្នុង​តំបន់​ផងដែរ​។ នា​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១០ ធ្នូ​កន្លងទៅ អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន​លោក Charles Jose បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង អាច​នឹង​ត្រូវបាន​លើក​នៅក្នុង​កិច្ចសន្ទនា​រវាង​លោក​ប្រធានាធិបតី​( ឌើ​ទើ​តេ​) ជាមួយនឹង​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច ហ៊ុន សែន​។ ប្រហែលជា​អាច​ក្រោម​ក្របខណ្ឌ​នៃ​បញ្ហា​ការពារជាតិ និង​សន្តិសុខ​ក្នុង​តំបន់​»​។ នេះ​បើ​យោងតាម​ការដកស្រង់​សម្តី​របស់​សារព័ត៌មាន​ហ្វីលីពីន Inquirer.net​។

​នាឱកាស​នោះដែរ អ្នកនាំពាក្យ​ដដែល​នោះ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ហ្វីលីពីន និង​កម្ពុជា បាននិងកំពុង​តែ​ធ្វើកា​រ​រួមគ្នា​យ៉ាង​ជិតស្និទ្ធ​ក្រោម​ក្របខណ្ឌ​អាស៊ាន​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ដែនសមុទ្រ​។ លោក អះអាងថា លោក​ប្រធានាធិបតី អាច​នឹង​បញ្ជាក់​ជាថ្មី​ពី​ជំហរ​នៃ​រដ្ឋបាល​របស់លោក​ក្នុងការ​ទទូច​ឲ្យ​ប្រើប្រាស់​យន្តការ​សន្តិវិធី​ដើម្បី​ដោះស្រាយ​ជម្លោះ ដែល​យន្តការ​ទាំងនោះ រួមមាន​ទាំង​ការដោះស្រាយ​ជម្លោះ​ដោយ​ឈរលើ​គោលការណ៍​នីតិរដ្ឋ​ផងដែរ​។

​សូម​ជម្រាប​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​អធិបតេយ្យ​ដែលមាន​រដ្ឋ​សមាជិក​អាស៊ាន​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ កន្លងមក​ភាគី​ដែល​តែងតែមាន​ការប្រឈមមុខ​គ្នា​ខ្លាំង គឺ​មានតែ​វៀតណាម​ដែល​ប្រកៀក​ស្មា​ជាមួយនឹង​ហ្វីលីពីន និង​ចិន​។ បញ្ហា​នេះ តែងតែ​ក្លាយជា​របៀបវារៈ​សំខាន់​សម្រាប់​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​របស់​អាស៊ាន​ផ្សេងៗ​ទៀត​។

​កម្ពុជា​ដែល​មិនមាន​ទឹកដី​ជាប់​សមុទ្រ​ចិន​ខាងត្បូង​សោះ ធ្លាប់​រងគ្រោះ​ដោយសារ​ជំហរ​រឹងទទឹង​រដ្ឋបាល​ចាស់​ហ្វីលីពីន
​ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះដែរ គេ​មិនដែល​ភ្លេច​ឡើយ​ព្រឹត្តិការណ៍​ឆ្នាំ​២០១២ នៅពេល​កម្ពុជា​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ជា​លើក​ទី​ពីរ​នោះ​។ រឿង​ដែល​មិនអាច​ភ្លេច​បាន​នោះ​គឺ នៅពេល អាស៊ាន មិនអាច​ចេញ​សេចក្តីថ្លែងការណ៍​រួម​ជា​លើកដំបូង​ក្នុង​ប្រ​វ​តិ្ត​កិច្ចប្រជុំ​អាស៊ាន ក្រោយ​បញ្ចប់​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី​៤៥​នោះ​។ ពេលនោះ មជ្ឈដ្ឋាន​ខាងក្រៅ បាន​បន្ទោស​កម្ពុជា​ថា ជា​ឧបសគ្គ​ក្នុង​ការចេញ​សេចក្តីថ្លែងការណ៍ ដោយ​ចោទថា គោលជំហរ​របស់​កម្ពុ​ជា លម្អៀង​ទៅរក​ចិន​។ តែ​ការពិត​នោះ គឺ​វៀតណាម និង​ហ្វីលីពីន បាន​លើកសំណើ​ដោយ​ស្នើ​ឲ្យ​ដាក់​ចំណុច​នៃ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ និង​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ដែលជា​តំបន់​ចម្រូងចម្រាស​បំផុត​រវាង​ភាគី​ពាក់ព័ន្ធ​ជម្លោះ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​។​

​រឿង​ព្រឹត្តិការណ៍​ឆ្នាំ​២០១២​នេះដែរ ក៏បាន​បន្ត​ញាំញី​កិត្យានុភាព​កម្ពុជា​ក្នុង​ឆាក​អន្តរជាតិ​ខ្លាំង​នៅមុន​ពេល​នៃ​កិច្ចប្រជុំ​អាស៊ាន​នៅ​ក្រុង​វៀងចន្ទន៍​ដែលមាន​ឡាវ ធ្វើជា​ប្រធាន​នៅ​ឆ្នាំ​២០១៦​នេះនោះ​។ ការ​ញាំញី​នោះ​គឺ ទាំង​បណ្តាសារ​ព័ត៌មាន​ធំៗ និង​មន្ត្រីការទូត​ដែល​តែងតែ​ធ្វើ​អធិប្បាយ​មិន​បញ្ចេញ​ឈ្មោះ​មួយចំនួន បាន​ចោទ​កម្ពុជា​ថា ព្យាយាម​ផ្គាប់ចិត្ត​ចិន តាមរយៈ​ការចេញ​សេចក្តីថ្លែងការណ៍​ដែលជា​ជំហរ​លើ​សេចក្តីសម្រេច​សមុទ្រ​ចិន​ខាងត្បូង​របស់​តុលាការ​ម​ជ្ឈ​ត្ត​ការ​ក្រុងឡាអេ​ដែល​ប្តឹង​ដោយ​ហ្វីលីពីន​ប្រឆាំងនឹង​ចិន​។ ការណ៍​ដែល​បន្ត​ជំរុញ​ឲ្យ​មានការ​ចោទ​កម្ពុជា​នោះ​គឺ ដោយ​អះអាងថា ជំហរ​របស់​កម្ពុជា​មិន​ជួយ​ហ្វីលីពីន ដែលជា​មិត្ត​អាស៊ាន​នឹង​គ្នា ដើម្បី​ស្រប​នឹង​ជំហរ​របស់​ចិន​។

​ជំហរ​កម្ពុជា​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង
​ដោយសារតែ​មជ្ឈដ្ឋាន​អន្តរជាតិ ដែល​រួមមាន​ទាំង​កាសែត​បរទេស​មួយចំនួន នៅតែ​បន្ត​រិះគន់​កម្ពុជា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ជាពិសេស​ការបន្ត​ដាក់​កំហុស​ក្នុងពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០១២ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានចេញ​ថ្លែង​ប្រតិកម្ម និង​បញ្ជាក់​ជាថ្មី​នូវ​គោលជំហរ​បី​ចំណុច ដោយ​ប្រមុខ​រដ្ឋាភិបាល​អះអាង​ជា​គោលជំហរ​អា​ព្យា​ក្រឹត្យ​ក្នុងនាម​ជា​សមាជិក​អាស៊ាន និង​ជា​ប្រទេស​ដែល​មិន​ពាក់ព័ន្ធ​លើ​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​នោះ​។​

​នៅ​ថ្ងៃទី​២០​ខែមិថុនា​កន្លងទៅ សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​ពី​គោលជំហរ​របស់​កម្ពុជា​បី​ចំណុច​ដែល​សម្តេច​អះអាងថា​ជា​គោលជំហរ​អា​ព្យា​ក្រឹត្យ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ ប្រមុខ​រាជរដ្ឋាភិបាល បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​ជម្លោះ (១) ដោយ​ប្រើ​យន្តការ​អាស៊ាន​-​ចិន ដើម្បី​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​សេចក្តីថ្លែងការណ៍​ស្តីពី​ភាគី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​(DOC) (២) ខិតខំ​តាក់តែង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​(COC)​រវាង​អាស៊ាន​-​ចិន និង (៣) ប្រទេស​ពាក់ព័ន្ធ​ត្រូវ​ដោះស្រាយ​ដោយ​ជជែក​ពិភាក្សាគ្នា​។​

​ជំហរ​របស់​រដ្ឋបាល​ថ្មី​ហ្វីលីពីន មិន​ដាក់បន្ទុក​លើ​រដ្ឋ​សមាជិក​អាស៊ាន​ទៀតឡើយ
​គិត​ចាប់ពី​ក្លាយជា​ប្រធានាធិបតី​ហ្វីលីពីន​ថ្ងៃទី​៣០ ខែមិថុនា​មក លោក​ប្រធានាធិបតី បានប្រកាស​ជំហរ​មួយ​ថ្មី​ជាមួយនឹង​ចិន​។ នោះ​គឺ ការចរចា​ទ្វេភាគី ដែល​ជំហរ​នេះ មាន​ភាពខុសគ្នា​ទៅនឹង​ជំហរ​នៅក្នុង​រដ្ឋបាល​ចាស់​ហ្វីលីពីន​ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ដែល​តែងតែ​ប្រឆាំង​ដាច់​ខាងក្នុង​ការចរចា​ទ្វេភាគី​ជាមួយនឹង​ចិន​នោះ​។ ជំហរ​នេះដែរ ក៏មាន​លក្ខណៈ​ស្របទៅនឹង ការប្រកាស​របស់​ជំហរ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ បញ្ហា​ជម្លោះ​ជាមួយគ្នា​ដោយផ្ទាល់​នោះ​។

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន​រដ្ឋ​ចិន Xinhua នៅ​ខែតុលា​កន្លងទៅ លោក បាន​បញ្ជាក់ថា លោក មិន​ចង់​បង្ក​សង្គ្រាម​ប្រឆាំង​ចិន​ដើម្បី​ដណ្តើមយក​ទឹកដី​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ពី​ចិន​ឡើយ ដោយ​លោក ទទួលស្គាល់ថា បើទោះបីជា​លោក​ចង់​ប្រឆាំង​ចិន ក៏​មិនអាច​ទៅរួច​ដែរ​។ តែ​នេះ ក៏​មិនមែន​មានន័យ​ដែរ​ថា លោក បោះបង់​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ឡើយ ដោយ​គ្រាន់តែ លោក ត្រូវ​អនុវត្តតាម​ដំណាក់កាល​។ នៅ​ថ្ងៃទី​១២ ខែកក្កដា កន្លងទៅ តុលាការអន្តរជាតិ​ក្រុងឡាអេ បានប្រកាស​សាលក្រម​តាម​បណ្តឹង​របស់​ហ្វីលីពីន​ដោយ​សម្រេច​ឲ្យ​ហ្វីលីពីន ឈ្នះក្តី​លើ​ចិន​។ ភា្ល​មៗ​នោះ ចិន ក៏បាន​ប្រកាស​មោឃភាព និង​ប្រកាស​ដាច់ខាត​ថា មិន​អនុវត្ត និង​ចរចា​ដោយ​ផ្អែកលើ​សាលក្រម​នោះ​ជាមួយនឹង​ហ្វីលីពីន​ឡើយ​៕


Tag:
 ហ្វីលីពីន​
  កម្ពុជា​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com