អន្តរជាតិ
អា​រ៉ា​ប៊ី សា​អូឌីត បិទ​វែបសាយ​អាសអាភាស​ជាង​៦​សែន​ក្នុង​រយៈពេល​២​ឆ្នាំ​
12, Dec 2016 , 9:39 pm        
រូបភាព
ដោយ: ធីតា
​អាជ្ញាធរ​អា​រ៉ា​ប៊ី សា​អូឌីត បាន​បិទ​វែបសាយ​អាសអាភាស​ជាង​៦​សែន នា​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Arab News​។​



​លោក Faiyz Al-Otaibi អ្នកនាំពាក្យ​គណៈកម្មាធិការ​ទំនាក់ទំនង និង​បច្ចេកវិទ្យា​ព័ត៌មាន (CITC) របស់​ប្រទេស​អា​រ៉ា​ប៊ី សា​អូឌីត បាន​បញ្ជាក់ថា វែបសាយ​អាសអាភាស​ជាង​៦​សែន ត្រូវបាន​អាជ្ញាធរ​បិទ​ចោល នា​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​លោក​បាន​ព្រមាន​ថា អ្នកប្រព្រឹត្ត​ល្មើស​ទាំងនោះ ប្រឈម​ជាប់ពន្ធនាគារ​៥​ឆ្នាំ និង​រង​ការពិន័យ​ចំនួន​៣​លាន​រី​យ៉ា​ល់ (​ប្រមាណ​៧៥០០០​ដុល្លារ​អាមេរិក​)​។​

​អាជ្ញាធរ​អា​រ៉ា​ប៊ី សា​អូឌីត បាន​គូសបញ្ជាក់ថា អ៊ី​ន​ធ័​រ​ណិ​ត បាន​ក្លាយជា​ផ្នែក​មួយ​នៃ​សេវាកម្ម​ដែល​ត្រូវមាន​ទំនួល​ខុសត្រូវ​ខ្ពស់​ប្រចាំថ្ងៃ ជាពិសេស​ការ​គាំពារ​កុមារ និង​យុវជន​ផ្សេងៗ​។ អ្នកស្រី Nora bint Abdullah bin Idwan សមាជិក​នៃ​សភា​ប្រឹក្សា​យោបល់​របស់​អា​រ៉ា​ប៊ី​សា​អូឌីត បាន​បញ្ជាក់ថា យុវជន​ជាច្រើន​បាន​ក្លាយជា​ជនរងគ្រោះ​ដោយសារ​វែបសាយ​អាសអាភាស​។​

​អ្នកស្រី​បាន​អះអាងថា​៖ «​តាម​ការសិក្សា ៨០​ភាគរយ​នៃ​យុវជន ដែល​បាន​មើល​វែបសាយ​អាសអាភាស​គឺមាន​អាយុ​ចន្លោះ​ពី​១៥ ទៅ​១៧​ឆ្នាំ​។ ៣៤​ភាគរយ បាន​ចូលទៅ​កាន់​វែបសាយ​ទាំងនេះ ដោយ​ចៃដន្យ ។ យើង​ត្រូវតែមាន​វិធានការ​ដើម្បី​ទប់​ទល់នឹង​បញ្ហា​ដែល​ប្រឈម​ចំពោះ​ផ្នែក​ចិត្តសាស្ត្រ និង​សង្គម​»៕


Tag:
 ​អាសអាភាស​
© រក្សាសិទ្ធិដោយ thmeythmey.com