អន្តរជាតិ
ហេតុអ្វី​នយោបាយ​ការទូត «​ឆ្កែ​»​របស់លោក អា​បេ មិនអាច​ទាក់ចិត្ត​លោក ពូ​ទីន​?
12, Dec 2016 , 10:30 pm        
រូបភាព
ដោយ: ថ្មីៗ
​រុស្ស៊ី​បដិសេធ​ទទួលយក​សត្វ​ឆ្កែ​ជា​អំណោយ​របស់​ជប៉ុន ជា​បរាជ័យ​នយោបាយ​ការទូត​របស់​រដ្ឋាភិបាល​លោក ស៊ីន​ហ្សូ អា​បេ ក្នុងការ​ពង្រឹង​ចំណង​ការទូត​ជាមួយ​ប្រទេសជិតខាង​ខ្លួន​នេះ​។ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បដិសេធ​ទទួលយក​អំណោយ​នេះ​ជាការ​រំលឹក រដ្ឋាភិបាល​ជប៉ុន ថា​កុំ​រំពឹង​ខ្លាំងពេក​ចំពោះ​ការដោះស្រាយ​ជម្លោះ​ដែន​កោះ Kurils និង​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​រួមគ្នា​នោះ​។​



សូមស្ដាប់ព័ត៌មានលម្អិត៖




​នយោបាយ​ការទូត​សត្វ​ឆ្កែ (Dog Diplomacy) របស់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ដែល​បង្កើតឡើង​ដើម្បី​ចែរ​ចូ​វ​ប្រមុខរដ្ឋ​រុស្ស៊ី​នោះ​មិនបាន​ទទួលជោគជ័យ​នោះឡើយ ព្រោះ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បដិសេធ​ទទួលយក​អំណោយ​ការទូត​នេះ​កាលពី​ចុង​សប្តាហ៍​នេះ​។   

​ដើមឡើយ រដ្ឋាភិបាល​លោក ស៊ីន​ហ្សូ  អា​បេ មាន​គម្រោង ជូន​ឆ្កែ​ឈ្មោល Akita ជា​កាដូ​សម្រាប់​លោក ពូ​ទីន មុន​លោក​មក​បំពេញ​ទស្សនកិច្ច​ចាប់​ថ្ងៃ​១៥ ដល់​ថ្ងៃ ១៦ ធ្នូ​នេះ  ។ ជប៉ុន ចង់​ឲ្យ​ឆ្កែ Akita ទៅ​មេដឹកនាំ​រុស្សី ដើម្បី​ធ្វើជា​ដៃគូ​ជាមួយ​ឆ្កែ​ញី Yume ដែល​ជប៉ុន​បានផ្តល់​ជា​កាដូ​ឲ្យ​លោក ពូ​ទីន កាលពី​ឆ្នាំ​២០១២​។ ប៉ុន្តែ​ចុងក្រោយ រដ្ឋាភិបាល​រុស្ស៊ី​បានសម្រេច​បដិសេធ​ទទួល​អំណោយ​នេះ​ទៅវិញ ហើយ​គ្មាន​ការអះអាង​ពី​ហេតុផល​នៃ​ការបដិសេធ​អំណោយ​ការទូត​នេះឡើយ​។​

​តាមពិតទៅ ថ្វីបើ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ជា​អ្នក​ចូលចិត្ត​សត្វ​ក៏ដោយ លោក​មិន​ចង់​ឲ្យ​ជប៉ុន​រំពឹង​ខ្ពស់​ពេក​ចំពោះ​ការស្តារ​និង​រឹតបន្តឹង​ចំណង​ការទូត​ទ្វេភាគី ក៏ដូចជា​ដោះស្រាយ​ជម្លោះ​កោះ​រួមគ្នា​ក្នុងពេល​លោក​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ជប៉ុន​ដែរ​។

​ជាធម្មតា ការទទួលយក​កាដូ​ការទូត​ជាស​ត្វ​ឆ្កែ​ពី​រដ្ឋាភិបាល​ជប៉ុន​ជា​និមិត្តសញ្ញា​សំខាន់​មួយ​ដែល​បង្ហាញ ឲ្យ​ឃើញ​ពី​ភាព​ស្និទ្ធ​សា្ន​ល​រវាង​ប្រទេស​ទាំងពីរ​ជាពិសេស​ទំនាក់ទំនងរ​វាង​មេដឹកនាំ​ជប៉ុន​និង​ប្រមុខរដ្ឋ​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន តែម្តង​។  ហើយ​និយាយ​ឲ្យ​អស់​ទៅ ភាគី​ដែល​ផ្តល់​អំណោយ​ការទូត​បែបនេះ​ច្បាស់​ជា រំពឹង​ចង់បាន​អ្វី​ម្យ៉ាង​ពី​ភាគី​ម្ខាង​ទៀត​ដែរ​។​

​ដូច្នេះហើយ ដើម្បី​កុំ​ឲ្យ​ជប៉ុន​មានសង្ឃឹម​ច្រើន​ចំពោះ​ការឈាន​ទៅធ្វើ​សម្បទាន​ពី​រុស្ស៊ី​ដើម្បី ដោះស្រាយ​បញ្ហា​ជម្លោះ​កោះ និង​ឈានទៅ​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​រួមគ្នា​នោះ លោក ពូ​ទីន ចាំបាច់​ត្រូវបដិសេធ​អំណោយ​នេះ​។ ការធ្វើសម្បទាន​ទៅ​ជប៉ុន​ជុំវិញ​ការដោះស្រាយ​បញ្ហា​ជម្លោះ​កោះ​ជា​រឿង​គួរ​ឲ្យ​ប្រុងប្រយ័ត្ន​បំផុត​សម្រាប់​រុស្ស៊ី ហើយ​វា​ក៏​ជា​អ្វីដែល​លោក ពូ​ទីន មិន​ចង់​ធ្វើ​ដែរ​។

​ទាក់ទង​ជម្លោះ​ដែន​កោះ​រវាង​ជប៉ុន​និង​រុស្ស៊ី​នេះដែរ កាលពី​ចុង​សប្តាហ៍​នេះ ប្រមុខ​ការទូត​រុស្ស៊ី​លោក Sergei Lavrov បាន​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​ជប៉ុន​ថា ជប៉ុន​មិនគួរ​មាន​ក្តីសង្ឃឹម​ខ្លាំង​ចំពោះ​ការវិវត្ត​នៃ​ទំនាក់ទំនង​ការទូត​និង​ឈានទៅ​ចុះ សន្ធិសញ្ញា​សន្តិភាព​រួម​គ្នា​ព្រោះ​ភាគី​នៅមាន​ចំនុច​ខុសគ្នា​ច្រើន​។​

​សូម​រម្លឹក​បន្តិច​ដែរ​ថា ជម្លោះ​កោះ​រវាង​ជប៉ុន​និង​រុស្ស៊ី​ជា​ជម្លោះ​កោះ​ចំនួន​៤ នៅ​ភាគខាងត្បូង​ប្រជុំ​កោះ គូ​រី​ល (Kurils) ដែល​វា​កើតឡើង​យូរអង្វែង​មកហើយ​។ នៅ​ឆ្នាំ ១៩៤៩ រុស្ស៊ី​បាន​ដណ្តើមយក​កោះ​ដែល​ជប៉ុន​កាន់កាប់ ដែល​នេះ​ជា​សម្អាង​មួយ​ថា​ខ្លួន​បាន​កាប់​កាន់​ជាក់ស្តែង​។  តែ​២​ឆ្នាំ​ក្រោយមក កិច្ចព្រមព្រៀង​សន្តិភាព San Francisco ត្រូវបាន​គេ​បង្កើតឡើង ហើយ​វា​ត្រូវបាន​ចុះហត្ថលេខា​ដោយ​មេដឹកនាំ​ជប៉ុន និង​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត ដោយ​ជប៉ុន​សម្រេច​បោះបង់​សិទ្ធិ​ទាមទារ​កាន់កាប់​លើ​កោះ គូ​រី​ល ។ តែ​យ៉ាងណា​សូ​វៀត​មិនបាន​ចូលរួម​ក្នុងការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះឡើយ​។ ដូច្នេះហើយ​ទើប​ជប៉ុន​នៅ​រក្សា​អះអាងថា​កោះ​ទាំង​បួន​នៅតែ​ស្ថិតក្នុង​អធិបតេយ្យភាព​របស់ខ្លួន​ដដែល​។

​ក្រោយមក​នៅក្នុង​ឆ្នាំ​១៩៥៦ សូ​វៀត និង​ជប៉ុន​បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ដើម្បី​ស្តារឡើងវិញ​ទំនាក់ទំនង​ឡើងវិញ ដោយ​សូ​វៀត​យល់ព្រម​បោះបង់​កោះ​ពីរ គឺ​កោះ Shikotan និង​កោះ Habomai ទៅអោយ​ជប៉ុន​បន្ទាប់ពី​មានការ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មួយ​ជា​ផ្លូវការ​រួមគ្នា​។ តែ​យ៉ាងណា ក្រោយ​រដ្ឋាភិបាល​ជប៉ុន នៅតែ​រក្សា​សិទ្ធិ​ទាមទារ​កោះ​ទាំង​បួន ហើយ​ជា​លទ្ធផល​គ្មាន​សន្ធិសញ្ញា​សន្តិភាព​ណាមួយ​ត្រូវបាន​ចុះ​ដោយ​ភាគី​ទាំងពីរ​ឡើយ​ចាប់តាំងពី​ពេលនោះ​មក​។ មកទល់ពេលនេះ ជប៉ុន​អះអាងថា បើ​យោងតាម​ច្បាប់​អន្តរជាតិ កោះ​ទាំង​បួន​ដែល​ស្ថិតនៅ​ភាគខាងត្បូង​របស់​ប្រជុំ​កោះ​គូ​រី​ល គឺជា​កោះ​ដែល​ស្ថិតក្នុង​ដែន​អធិបតេយ្យ​ជប៉ុន​។ ហើយ​ដោយសារតែ​សម្បូរ​ដោយ​ធនធានធម្មជាតិ​មាន​ប្រេង ឧស្ម័ន និង​ធនធាន​សមុទ្រ​ផ្សេង​ទៀតផង ទើបបានជា​គូភាគី​បន្ត​ទាមទារ​យក​រៀងៗ​ខ្លួន​។  ប៉ុន្តែ​រុស្ស៊ី​ចាប់ផ្តើម​ពង្រឹង​ទំនើបកម្ម​យោធា​នៅលើ​កោះ​ដើម្បី​ពង្រឹង​សិទ្ធិ​កាន់កាប់​របស់ខ្លួន​ផងដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com