អន្តរជាតិ
កូរ៉េខាងត្បូង ស្នើអាមេរិកបញ្ជូនសម្ភារឈ្លបការណ៍យោធាបន្ថែមទៀត
× ក្រសួងការពារជាតិកូរ៉េខាងត្បូង បានស្នើឲ្យអាមេរិកពង្រាយសម្ភារឈ្លបការណ៍យោធាជាច្រើនទៀតលើទឹកដីរបស់ខ្លួន ដើម្បីការពារការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។ ការស្នើនេះធ្វើឡើងស្របពេលដែលកូរ៉េខាងត្បូង និងអាមេរិក ស្ថិតក្នុងដំណាក់កាលមិនច្បាស់លាស់នៃការផ្ទេរអំណាច។ ហើយកូរ៉េខាងជើងទៀតសោត ក៏បានបង្ហាញសកម្មភាពបង្កហេតុជាញឹកញយផងដែរ។
នៅក្នុងរបាយការណ៍សម្រាប់សភា ក្រសួងការពារជាតិកូរ៉េខាងត្បូងបញ្ជាក់ថា ខ្លួនកំពុងបង្កើនការតាមដានលើសកម្មភាពបង្ករឿងណាមួយពីសំណាក់កូរ៉េខាងជើង។ ហើយកូរ៉េខាងត្បូង ក៏បានស្នើឲ្យរដ្ឋបាលក្រុងវ៉ាស៊ិនតោនបញ្ជូនឧបករណ៍តាមដានយោធាមកកាន់ឧបទ្វីបកូរ៉េ សំដៅត្រួតពិនិត្យសកម្មភាពគួរឲ្យសង្ស័យរបស់របបកុម្មុយនីស្តក្រុងព្យុងយ៉ាងផងដែរ។
សារព័ត៌មានកូរ៉េខាងត្បូង Yonhap ផ្សាយថា សំណើរបស់កូរ៉េខាងត្បូង ធ្វើឡើងចំពេលដែលស្ថានការណ៍មិនប្រាកដប្រជាកំពុងគ្របដណ្ដប់នៅឧបទ្វីកូរ៉េ និងសហរដ្ឋអាមេរិក។ គេបារម្ភថា កូរ៉េខាងជើង អាចនឹងបង្កើនភាពតានតឹងផ្នែកយោធា ដើម្បីសាកល្បងប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ដែលនឹងស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ខាងមុខ។
មិនតែប៉ុណ្ណោះ ក្រុងព្យុងយ៉ាង ក៏ទំនងជាឆ្លៀតឱកាសដែលស្ថានការណ៍នយោបាយនៅកូរ៉េខាងត្បូងកំពុងមិនច្បាស់លាស់ ដើម្បីបង្កហេតុនៅឧបទ្វីបកូរ៉េទៀតផង។ នៅពេលនេះ នាយករដ្ឋមន្ត្រី Hwang Kyo-ahn កំពុងកាន់អំណាចជំនួសលោកស្រី ប៉ាក ហ្គឺនហេ ដែលត្រូវសភាបោះឆ្នោតដកតំណែង និងរង់ចាំការសម្រេចពីសំណាក់តុលាការធម្មនុញ្ញលើធម្មនុញ្ញភាពនៃការបោះឆ្នោតរបស់សភា ដែលអាចចំណាយដល់១៨០ថ្ងៃ។
មន្ត្រីក្រសួងការពារជាតិកូរ៉េខាងម្នាក់បាននិយាយថា៖ «ប្រសិនបើស្ថានការណ៍មិនដូចអ្វីដែលយើងសង្ឃឹម កូរ៉េខាងជើងទំនងជាបង្កយុទ្ធសាស្ត្រ ឬសកម្មភាពបង្កហេតុប្រឆាំងកូរ៉េខាងត្បូង»។ មន្ត្រីរូបនេះបន្តថា ក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអាមេរិក ក្រុមយោធា អាចចាប់បានសញ្ញានៃសកម្មភាពបង្កហេតុរបស់កូរ៉េខាងជើងបានភ្លាមៗ រួចអាចការពារខ្លួនពីការវាយប្រហារណាមួយផងដែរ។
នាពេលកន្លងទៅ កូរ៉េខាងត្បូងបានចោទប្រកាន់កូរ៉េខាងជើង នៅពីក្រោយការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។ យ៉ាងណាមិញ កូរ៉េខាងជើង បានទាត់ចោលការចោទប្រកាន់ទាំងនោះ និងចោទកូរ៉េខាងត្បូងវិញថា ព្យាយាមបង្កហេតុជាមួយខ្លួនទៅវិញ។ កូរ៉េខាងជើង ត្រូវគេទទួលស្គាល់ថា សម្បូរដោយ Hacker ដែលគេជឿថាវាយប្រហារលើបណ្ដាញអនឡាញរបស់កូរ៉េខាងត្បូង៕
Tag:
អាមេរិក
ឧបទ្វីកូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com