អន្តរជាតិ
សមាជិកសភា ប្រឈមមុខជាមួយ ដូណាល់ ត្រាំ រឿងរុស្ស៊ីចូលលូកលាន់ក្នុងការបោះឆ្នោត
× បណ្តាសមាជិកសភាអាមេរិកដ៏មានឥទ្ធិពលច្រើននាក់បានស្នើឲ្យមានការស៊ើបអង្កេតឯករាជ្យនិងពេញលេញមួយជុំវិញការលូកដៃរបស់រុស្ស៊ីចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកន្លមក។ ប៉ុន្តែ ប្រធានាធិបតីទើបជាប់ឆ្នោត ដូណាល់ ត្រាំ បានអះអាងថា របាយការណ៍ចោទប្រកាន់ថារុស្ស៊ីលូកលាន់ក្នុងការបោះឆ្នោតជារឿងនយោបាយនិងគួរឲ្យអស់សំណើច។
ក្រោយទីភ្នាក់ងារ CIA បានបញ្ចេញរបាយការណ៍មួយបង្ហាញថា រុស្ស៊ីមានជាប់ពាក់ព័ន្ធការចូលអន្តរាគមន៍ក្នុងការបោះឆ្នោតប្រធានាធិបតីកន្លងមកនិងជួយឲ្យលោកដូណាល់ ត្រាំ លោកទាត់ចោលការចោទប្រកាន់នេះ។ លោកអះអាងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox Newsកាលពីចុងសប្តាហ៍នេះថា របាយការណ៍ចារកម្ម ដែលគេបញ្ចេញកន្លងមកជារឿងនយោបាយច្រើនជាង ហើយលោកបន្ទោសគណបក្សប្រជាធិបតេយ្យថែមទៀតពាក់ព័ន្ធបញ្ហានេះ។
ទោះជាលោក ដូណាល់ ត្រាំ ច្រានចោលរបាយការណ៍ចារកម្មនេះក្តី សមាជិកព្រឹទ្ធសភាអាមេរិកចំនួន បួនរូបបានចេញសេចក្តីថ្លែងការណ៍រួមគ្នានិងស្នើឲ្យមានការស៊ើបអង្កេតពេញលេញនិងឯករាជ្យមួយពាក់ព័ន្ធបញ្ហាការជ្រៀតជ្រែកចូលក្នុងនយោបាយអាមេរិករបស់រុស្ស៊ីនេះ។
សមាជិកព្រឹទ្ធសភានោះមានពីរនាក់មកពីបក្សប្រជាធិបតេយ្យមានដូចជាលោក Chuck Schumer និងលោក Jack Reed។ ហើយសមាជិកព្រឹទ្ធសភាពីររូបទៀតមកពីបក្សសាធារណរដ្ឋមានដូចជាលោក John McCain និងលោក Lindsey Graham។
យោងតាមសារព័ត៌មាន Politico សមាជិកព្រឹទ្ធសភាទាំងបួនរូបបានសង្កត់ធ្ងន់ថា វាមិនមែនជារឿងនយោបាយឡើយ តែវាជាសញ្ញាប្រកាសអាសន្នសម្រាប់ប្រជាជនអាមេរិក ហើយវាជាគ្រោះថ្នាក់ធំផងដែរ។ ដូច្នេះវាជារឿងចាំបាច់បំផុតដែលត្រូវមានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវនិងពេញលេញដើម្បីជម្រះអស់មន្ទិលសង្ស័យ និងការពារឲ្យបានរាល់បញ្ហាបែបនេះកុំឲ្យកើតឡើងជាថ្មីទៀត។ គណបក្សទាំងពីរត្រូវសហការគ្នាដើម្បីដោះស្រាយបញ្ហានេះ ហើយគណកម្មការពិសេសមួយអាចនឹងត្រូវបង្កើតឡើងក្រោមការ។
ក្រៅពីសមាជិកព្រឹទ្ធសភា រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ក៏បានបញ្ជាឲ្យមានការស៊ើបអង្កេតពាក់ព័ន្ធការចោទប្រកាន់រុស្ស៊ីថាជាប់ពាក់ព័ន្ធការលូកលាន់ចូលក្នុងការបោះឆ្នោតនេះដែរ។ គេរំពឹងថា ការស៊ើបអង្កេតនេះនឹងចាប់នៅមុនពេលដែលលោក ចាកចេញពីតំណែងនៅដើមឆ្នាំក្រោយ។
ទោះជាមានការចោទប្រកាន់បែបនេះក៏ដោយ ខាងរដ្ឋាភិបាលរុស្ស៊ីមិនទាន់មានប្រតិកម្មបែបណាឡើយ។ រដ្ឋាភិបាលនេះនៅរក្សាភាពស្ងៀមស្ងាត់នៅឡើយ។
តាមពិតទៅ បញ្ហាវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណែត និងការលូកលាន់របស់រុស្ស៊ីក្នុងបញ្ហាបោះឆ្នោតអាមេរិកនេះក្លាយជារឿងចម្រូងចម្រាសនៅក្នុងនយោបាយអាមេរិក។ ហើយអ្វីដែលសំខាន់ប្រធានាធិបតីទើបជាប់ឆ្នោត ដូណាល់ ត្រាំ បដិសេធព័ត៌មាននេះទៀត។ មួយវិញទៀតគេបារម្ភថា លោក ដូណាល់ ត្រាំ នឹងបន្ទន់ជំហរកាន់តែខ្លាំងចំពោះរុស្ស៊ីនៅពេលលោកស្បថចូលកាន់តំណែងជាផ្លូវការ ស្របពេលដែលរុស្ស៊ីកាន់តែឡើងចាងក្នុងការអន្តរាគមន៍ក្នុងសង្គ្រាមស៊ីវិលស៊ីរី និងមិនបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនជាដើម។
Tag:
ដូណាល់ ត្រាំ
រុស្ស៊ី
CIA
© រក្សាសិទ្ធិដោយ thmeythmey.com