អន្តរជាតិ
អ្នករាំ​ម្នាក់​ដែលមាន​ស្នាម​ដៅ​បដិសេធ Photoshop ព្រោះ​ចង់​រក្សា​មុខ​ធម្មជាតិ​
13, Dec 2016 , 8:19 am        
រូបភាព
ដោយ: ធីតា
 
 
​កាណាដា​៖ Cassandra Naud ដែលមាន​កំណើត​នៅ​ក្រុង Alberta ប្រទេស​កាណាដា មាន​ស្នាម​ដៅ​ក្រោម​ភ្នែក​ឆ្វេង​តាំងពី​កំណើត​។ ថ្វី​ត្បិត​កាលពី​តូច ឪពុកម្តាយ​របស់​អ្នករាំ​អាជីព​រូបនេះ ធ្លាប់បាន​ចំណាយលុយ​ដើម្បី​ធ្វើការ​វះកាត់​ក៏ដោយ ប៉ុន្តែ​វា​មិនមែនជា​បំណងប្រាថ្នា​របស់​នាង​នោះឡើយ​។ ក្រៅពី​បដិសេធ​ការកែ​សម្ផស្ស Naud ក៏បាន​សំណូមពរ​មិន​ឲ្យ​មានការ​ប្រើ Photoshop លើ​រូប​របស់ខ្លួន​ផងដែរ​។​

 
«​ស្នាម​ដៅ​ពី​កំណើត​នៅលើ​ផ្ទៃមុខ​របស់ខ្លួន គឺ​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​បុគ្គលិកលក្ខណៈ​របស់ខ្ញុំ​។ វា​ជា​ចំណុច​ដ៏​សំខាន់ និង​ត្រូវ​ចងចាំ​បំផុត​សម្រាប់​ខ្ញុំ​»​។ Cassanda Naud អាយុ​២៣​ឆ្នាំ បាន​ពន្យល់​យ៉ាង​ដូច្នេះ​ក្នុង​គេហទំព័រ Bored Panda​។​
 
​កញ្ញា Naud បាន​បញ្ជាក់ថា នាង​តែងតែ​ទទួលបាន​ការផ្តល់​យោបល់​ឲ្យ​មាន​ការកែ​សម្ផស្ស ប៉ុន្តែ​នាង​បដិសេធ ហើយ​ឪពុកម្តាយ​សុខចិត្ត​ធ្វើតាម​ការសម្រេចចិត្តរ​បស់​នាង​។ Naud បាន​អះអាងថា នាង​មិន​ចង់​ធ្វើ​អ្វី​ឲ្យ​ខុសពី​ធម្មជាតិ​នោះឡើយ ដូចជា​ការ​កែស​ម្ឆ​ស្ស រួមទាំង​ការប្រើ​កម្មវិធី Photoshop ទៅលើ​រូប​នានា​របស់​នាង មុនពេល​ផ្សព្វផ្សាយ ឬ​បង្ហោះ​នៅលើ​អ៊ី​ន​ធ័​រ​ណែ​ត​។​
 
​នាង​បាន​លើកឡើងថា​៖ «​ពេលវេលា​នឹង​ផ្លាស់ប្តូរ ដូច្នេះ​មិនគួរ​មានការ​ព្រួយបារម្ភ​អ្វី​នោះឡើយ​។ កុំ​ឲ្យ​ស្លាកស្នាម​បញ្ឈប់​សកម្មភាព​អ្នក តែ​អ្នក​ត្រូវតែមាន​មោទកភាព​ចំពោះ​អ្វីដែល​យើង​មាន​»​។​
 
​បើតាម​ការផ្សាយ​របស់ Mail Online នាង Naud ក៏​ទទួលបាន​ស្នេហា​ដ៏​កក់ក្តៅ​ផងដែរ ដោយ​អ្នករាំ​អាជីព​ជនជាតិ​កាណាដា​រូបនេះ មាន​មិត្ត​ប្រុស​ដ៏​យល់ចិត្ត​ឈ្មោះ Patrick Cook បន្ទាប់ពី​ពួកគេ​បាន​ជួបគ្នា​ដំបូង​នា​ពិធី​មួយ​នៅក្នុង​ឡូ​ស​អែន​ជឺ​លែស សហរដ្ឋអាមេរិក​៕
 









Tag:
 ប្លែកៗ​
  សម្ផស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com