អន្តរជាតិ
មីយ៉ាន់ម៉ា ខកចិត្ត និងចោទមន្ត្រីអង្គការសហប្រជាជាតិថានិយាយមិនឆ្លុះបញ្ចាំងការពិតរឿង«រ៉ូហ៊ីងយ៉ា» អ្នកប្រឹក្សាពិសេសអង្គការសហប្រជាជាតិ(ខាងឆ្វេង) និងទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា(ខាងស្តាំ)
× រដ្ឋាភិបាលក្រុងណៃពិដោរ បានចេញសេចក្តីថ្លែងការណ៍សម្តែងការមិនសុខចិត្ត និងមិនទទួលយកការអំពាវនាវរបស់មន្ត្រីអង្គការសហប្រជាជាតិពីបញ្ហាចម្រូងចម្រាសដែលកើតឡើងនៅក្នុងតំបន់វិវាទជាតិសាសន៍រ៉ូហ៊ីងយ៉ាឡើយ។ ក្រុងណៃពិដោរ បានចាត់ទុកសេចក្តីថ្លែងការណ៍នោះ មិនឆ្លុះបញ្ចាំងនឹងការពិត។
អ្នកនាំពាក្យប្រធានាធិបតីមីយ៉ាន់ម៉ា លោក Zaw Htay បានថ្លែងប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ ដោយលោក អះអាងថា សេចក្តីថ្លែងការណ៍នោះ មិនឆ្លុះបញ្ចាំងនឹងហេតុការណ៍ដែលកើតឡើងជាក់ស្តែងនៅមីយ៉ាន់ម៉ា ហើយ ក៏មិនមានចរិតលក្ខណៈវិជ្ជមានដែលជួយស្រោចស្រង់ស្ថានភាពផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានមីយ៉ាន់ម៉ា The Irrawaddy។
សូមរម្លឹកផងដែរថា នៅថ្ងៃទី៨ ធ្នូ កន្លងទៅ ទីប្រឹក្សាពិសេសអង្គការសហប្រជាជាតិ លោក Vijay Nambiar បានសម្តែងការព្រួយបារម្ភខ្លាំងលើការវិវត្តស្ថានភាពនៅក្នុងរដ្ឋ Rakhine ដែលមានរបាយការណ៍ជាច្រើនអះអាងថាមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរពីសំណាក់យោធាលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ លោក Vijay បានទទូចឲ្យកងកម្លាំងមីយ៉ាន់ម៉ាធ្វើសកម្មភាពដោយស្របតាមនីតិរដ្ឋ និងទទួលយកការអនុវត្តតាមបទដ្ឋានអន្តរជាតិ និងចៀសវាងការបង្កឲ្យមានហិង្សាលើជនស៊ីវិល ការបាត់បង់ជីវិតជនស្លូតត្រង់ និងបំផ្លាញទ្រព្យសម្បតិ្តរបស់ប្រជាជនក្នុងតំបន់នោះ។
ជាងនេះទៅទៀតនោះ ដោយមិនលាក់លៀមអ្វីនោះ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិដដែល ក៏បានដាស់តឿនទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជីឲ្យទៅពិនិត្យស្ថានការណ៍ជាក់ស្តែងក្នុងតំបន់វិវាទទៀត។ លោក បានសង្កត់ធ្ងន់ថា៖ «ខ្ញុំ សូមអំពាវនាវទៅកាន់លោកស្រី ស៊ូជីឲ្យទៅទស្សនកិច្ចនៅក្នុងក្រុង Maungdaw and Buthidaung នៃរដ្ឋ Rakhine ដែលជាកន្លែងមានបញ្ហា និងធានាឲ្យបានថាជនស៊ីវិលនៅទីនោះ ត្រូវតែទទួលបានការការពារ»។
ជុំវិញបញ្ហានេះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមីយ៉ាន់ម៉ាដដែលនោះ បានចាត់ទុកការទទូច និងបង្គាប់ទៅលើមេដឹកនាំមីយ៉ាន់ម៉ាបែបនេះ គឺជាឥរិយាបថមួយនៃការជ្រៀតជ្រែកហើយ។ អ្នកនាំពាក្យ ក៏បានបកស្រាយដែរថា រដ្ឋាភិបាលមីយ៉ា់ន់ម៉ា បានបង្កើតគណៈកម្មាធិការពិសេសសម្រាប់រដ្ឋមានវិវាទ និងសង្កត់ធ្ងន់ទៀតថា៖«ប្រសិនបើលោកស្រី អ៊ុងសាន ស៊ូជី គិតថាមិនចាំបាច់ លោកស្រី នឹងមិនទៅទស្សនកិច្ចនៅតំបន់វិវាទនោះទេ»។
តាមពិតទៅការថ្លែងការណ៍របស់អង្គការសហប្រជាជាតិ ត្រូវបានធ្វើឡើងក្រោយពេលដែលមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនអង្គការសហប្រជាជាតិ បានអះអាងថាមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរទៅលើជនជាតិភាគតិចម៉ូស្លីមរ៉ូហ៊ីងយ៉ាដោយក្រោមយោធា។ ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងBBC នៅថ្ងៃទី២៤ ខែវិច្ឆិកា ប្រធានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកការិយាល័យជនភៀសខ្លួន លោក John McKissick បានអះអាងថា ទាហាន និងប៉ូលិសតម្រួតព្រំដែនមីយ៉ាន់ម៉ា បានចូលរួមអនុវត្ត«ទណ្ឌកម្មជាសមូហភាពទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា» ចាប់តាំងពីថ្ងៃទី០៩ ខែតុលាមក។
ប្រធានការិយាល័យជនភៀសខ្លួនរូបនោះ បានបញ្ជាក់ថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានបាញ់សម្លាប់បុរស និងសម្លាប់ក្មេង រំលោភស្ត្រី ដុត និងលួចផ្ទះរបស់ជនជាតិទាំងនោះ និងកាន់តែធ្ងន់ធ្ងរនោះ បង្ខំប្រជាជនទាំងនោះឲ្យឆ្លងកាត់តាមទន្លេទៅកាន់ប្រទេស បង់ក្លាដែស ដែលជាប្រទេសជិតខាងរបស់មីយ៉ាន់ម៉ា៕
Tag:
មីយ៉ាន់ម៉ា
រ៉ូហ៊ីងយ៉ា
UN
© រក្សាសិទ្ធិដោយ thmeythmey.com