អន្តរជាតិ
Netanyahu អួតថា យន្តហោះ F-35 អ៊ីស្រាអែល​ទើប​ទិញ នឹង​ជួយ​ឲ្យ​ទ័ព​អ៊ីស្រាអែល​កាន់តែខ្លាំង​
13, Dec 2016 , 5:06 pm        
រូបភាព
ដោយ: ថ្មីៗ
​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu បាន​អួតអាង​ថា អ៊ីស្រាអែល​កាន់​តែមាន​កម្លាំងយោធា​ខ្លាំង និង​មាន​សមត្ថភាព​ខ្ពស់​អាច​វាយប្រហារ​លើស​ត្រូវ​។ លោក​បានលើកឡើង​ដូច្នេះ​ក្នុងពេលដែល​លោក​ចូលរួម​ក្នុង​ពិធី​ទទួល​យន្តហោះ F-35 ក្រុម​ដំបូង​ដែល​ទើប​បញ្ជូន​មកដល់​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចន្ទ​ទី ១២ ធ្នូ​នេះ​។​



​អ៊ីស្រាអែល​ក្លាយជា​រដ្ឋ​ដំបូង​បំផុត​បន្ទាប់ពី​អាមេរិក​ដែលមាន​យន្តហោះ​ចម្បាំង F-35 ប្រើប្រាស់ ក្រោយពេល​យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប​ជំនា​ន់ទី​៥​ក្រុម​ដំបូង​ត្រូវគេ​បញ្ជូនទៅ​អ៊ីស្រាអែល​ថ្ងៃ​ចន្ទ​ទី ១២​ធ្នូ​នេះ​។ ហើយ​មេដឹកនាំ​អ៊ីស្រាអែល អួតអាង​ថា សព្វាវុធ​ថ្មី​នេះ​នឹង​ជួយ​ពង្រឹងសមត្ថភាព​កងទ័ព​អ៊ីស្រាអែល​ក្នុងការ​ប្រយុទ្ធប្រឆាំង​សត្រូវ​និង​ការពារ​សន្តិសុខ​។​

«​កងទ័ព​របស់​យើង​ឥឡូវនេះ​កាន់តែ​ខ្លាំងក្លា​និង​មាន​សមត្ថភាព​ខ្ពស់ជាង​មុន​» នេះ​ជាការ​លើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ដែល​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្នុងពេល​លោក​ស្ថិតនៅ​មូលដ្ឋាន ទ័ពអាកាស Nevatim ។​

​គេ​ឃើញ​មាន​វត្តមាន​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Ashton Carter ផងដែរ​ក្នុង​កម្មវិធី​ទទួល​យន្តហោះ​ចម្បាំង​បំបាំងកាយ​ក្រុម​ដំបូង​នេះដែរ​។

​អ្នកជំនាញ​មួយចំនួន​បាន​អះអាងថា យន្តហោះ F-35 នេះ​នឹង​បង្ក​ភាពងាយស្រួល​ដល់​កងទ័ព​អ៊ីស្រាអែល​ក្នុងការ​បំពេញ​ប្រតិបត្តិការ​នានា​ដែល​នៅ​តំបន់ Gaza និង​ប្រឆាំង​រាល់​ការដឹកជញ្ជូន​អាវុធ​របស់​ក្រុម​ហេ​ស្បូ​ឡា​ទៅកាន់​លី​បង់ និង​ទៅកាន់​ទឹកដី​ស៊ី​រី​។

​យន្តហោះ​ចម្បាំង​ថ្មី​នេះ​ក្លាយជា​ប្រភេទ​យន្តហោះ​ចម្បាំង​ចុងក្រោយ​ដែលមាន​សមត្ថភាព​ខ្ពស់​ដោយ​វា​អាច​បំបាំងកាយ​ផុតពី​រ៉ា​ដា​,​អាច​ហោះ​បាន​ល្បឿន​បំផុត និង​អាចមាន​សមត្ថភាព​ប្រយុទ្ធ​ខ្ពស់​ផង​។​

​កាលពី​ខែ​មុន លោក Benjamin Netanyahu  បាន​អះអាងថា ការ​នាំចូល​យន្តហោះ​ចម្បាំង F-35​ជា​គោលនយោបាយ​ពង្រឹង​សន្តិសុខ និង​សមត្ថភាព​ការពារជាតិ​ដើម្បី​ទប់ទល់​រាល់​ការគំរាមកំហែង​ពី​ក្រៅ​។

​តែ​គេ​ដឹង​ច្បាស់​ថា អ៊ីស្រាអែល​ព្យាយាម​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ដើម្បី​ទប់ទល់​ការគំរាមកំហែង​ពី​សំណាក់​អ៊ីរ៉ង់​។ ចាប់ពី​ពេលដែល​មហាអំណាច​ប្រាំ បូក​មួយ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​កាលពី​ខែកក្កដា​ឆ្នាំមុន អ៊ីស្រាអែល​បន្ត​រិះគន់​កិច្ចព្រមព្រៀង និង​ចាត់ទុកថា វា​ជា​កំហុសឆ្គង​ប្រវត្តិសាស្ត្រ​មួយ​។ ហើយ​អ៊ីស្រាអែល​ព្រមាន​ម្តង​ជា​ពីរដង​ប្រើប្រាស់​កម្លាំងយោធា​ជា​លក្ខណៈ​ឯកតោភាគី​ដើម្បី​ប្រឆាំង​អ៊ីរ៉ង់​បើសិនជា​ចាំបាច់​នោះ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​អ៊ីរ៉ង់​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​នោះ​។
 
​សូមបញ្ជាក់​បន្តិច​ថា អ៊ីស្រាអែល​បាន​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង F-35 នេះ ចំនួន ១៧ គ្រឿង​បន្ថែម​ពី​អាមេរិក​កាលពី​ខែវិច្ឆិកា​។ ហើយ​ការទិញ​បន្ថែម​យន្តហោះ​ចម្បាំង ១៧​គ្រឿង​នេះ នឹងធ្វើ​ឲ្យ​កងទ័ព​ជើង​អាកាស​អ៊ីស្រាអែល​មាន​យន្តហោះ​ប្រភេទ​នេះ​សរុប​ចំនួន ៥០​គ្រឿង​ដោយ​មួយគ្រឿងៗ​មានតម្លៃ ១០០​លាន​ដុល្លារ​អាមេរិក​៕


© រក្សាសិទ្ធិដោយ thmeythmey.com