ជាតិ
សង្គមជាតិ
ឧទ្ធរណ៍​រក្សា​ទោស​ឲ្យ​លោក នី ចរិយា ជាប់ពន្ធនាគារ ៦​ខែ និង​ពិន័យ​ថវិកា ៦​លាន​រៀល​
14, Dec 2016 , 5:40 pm        
រូបភាព
ដោយ:

ភ្នំពេញ​៖ សាលាឧទ្ធរណ៍​បានចេញ​សាលដីកា​តម្កល់​ឲ្យ​លោក នី ចរិយា ជាប់ពន្ធនាគារ ៦​ខែ និង​ពិន័យ​ថវិកា ចំនួន​៦​លាន​រៀល ពីបទ​បរិហារ​បង្កាច់​កេរ្តិ៍​និង​ធ្វើ​អត្ថាធិប្បាយ​ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ ដដែល​។ តែ មេធាវី​គ្រោង​បន្ត​ប្តឹង​ជំទាស់​នឹ​សាលដីកា​នេះ​ទៀត​។​



​សាលាឧទ្ធរណ៍​មិន​លើកលែងទោស លោក នី ចរិយា អគ្គលេខាធិការរងរ​បស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​ថ្ងៃទី​១៤ ធ្នូ​នេះឡើយ​។ លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី លោក នី ចរិយា ប្រាប់​សារព័ត៌មាន​ថ្មីៗ​។

​ការសម្រេច​តម្កល់​ដីកា​លោក នី ចរិយា ឲ្យ​ជាប់ពន្ធនាគារ​ និង​ពិន័យ​ថវិកានៅថ្ងៃនេះ ពុំពាក់ព័ន្ធ​នឹង​សំណុំរឿង​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ដែល​គេ​សង្ស័យថា មានរឿង​អាស្រូវ​ស្នេហា​ជាមួយនឹង​ឯកឧត្តម កឹម សុខា ឡើយ​។​

​អតីត​ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​អាដហុក​រូបនេះ ជាប់ទោស​ពាក់ព័ន្ធ​នឹង ការបរិហារកេរ្តិ៍​ជា​សាធារណៈ​លើ​លោក សុខ កែវ​បណ្ឌិត ព្រះរាជអាជ្ញា និង​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប កាលពី​ឆ្នាំ​២០១៥ ។​

​កាលពី​ឆ្នាំ​២០១៥ កន្លងទៅ ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប មាន​ជម្លោះដីធ្លី ជាមួយនឹង​ក្រុមហ៊ុន​ឯកជន​មួយ​។ បន្ទាប់ពី​ប្រជាពលរដ្ឋ​ពីរ​នាក់ ត្រូវ​តុលាការ​ខេត្តសៀមរាប​ឃាត់ខ្លួន លោក នី ចរិយា ដែល​កាលនោះ​ជា​មន្ត្រីជាន់ខ្ពស់ NGO បានចេញ​មុខ​ជួយ​ពួកគេ រួមទាំង​ពលរដ្ឋ​ដែលមាន​ជម្លោះដីធ្លី​ផ្សេងទៀត​។  លោក សំ សុ​គង់ រម្លឹក​ពី​អង្គហេតុ​ដែល​នាំ​ឲ្យ​លោក នី ចរិយា រង​បទ​ចោទ​។​

​មេធាវី​ដែល​ការពារ​ជន​រង​បទ​ចោទ​ព្រោះតែ​ការចេញមុខ​តស៊ូ​មតិ​ក្នុង​រឿងក្តី​របស់​ប្រជាពលរដ្ឋ​នេះ មិន​សុខ​ចិត្តនឹង​ការតម្កល់​ដីកា​នេះឡើយ​។ លោក​អះអាងថា តុលាការ​មិនអាច​សំអាង​តែ​ភស្តុតាង​លើ​ទំព័រសារព័ត៌មាន​មួយ​ឡើយ​។ លោក​បញ្ជាក់​​ដូច្នេះ​ថា​៖«​កូនក្តី​ខ្ញុំ​បាន​បដិសេធ​ពុំបាន និយាយ​ដូច​សារព័ត៌មាន​ផ្សាយ​នោះទេ​។ ក្រុម​មេធាវីនឹង​ពិភាក្សា​ជាមួយ​កូនក្តី នឹងដាក់​​​​​​​​បណ្តឹង​​​ជំទាស់​​​ប​ន្ត​ឬ​​​យ៉ាងណា​»?

​កាលពី​ថ្ងៃទី​២២ ខែកញ្ញា កន្លងទៅ សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ឲ្យ លោក នី ចរិយា ជាប់ពន្ធនាគារ ៦​ខែ និង​ពិន័យ​ជា​ថវិកា​ចំនួន​៦​លាន​រៀល ពីបទ​បរិហារ​បង្កាច់​កេរ្តិ៍​និង​ធ្វើ​អត្ថាធិប្បាយ​ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ​។

​ក្រៅពី​ករណីនេះ លោក នី ចរិយា បាន​រង​បទ​ចោទ​មួយទៀត គឺ​បទ​សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី រួមទាំង​មន្ត្រី​អាដហុក​ទាំង​៤​រូប​ទៀត ហើយ​តុលាការ​បាន​បញ្ជូន​ខ្លួន​ពួកគេ​ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ភ្នំពេញ កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​នឹង​រឿង​ក្តីក្តាំ ស្រីមុំ ជាមួយនឹង​ឯកឧត្តម កឹម សុខា ប្រធានស្តីទី គណបក្ស​សង្គ្រោះ​ជាតិ​។​

​យ៉ាងណា សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បង្ហើប​ពី​ការដោះស្រាយ​ករណី​អ្នក​ទាំង​៥​រូប​ខាងលើ នៅ​បំណាច់​ឆ្នាំនេះ ក្រោយ​ឯកឧត្តម កឹម សុខា ដែល​ទើប​ត្រូវបាន​ព្រះមហាក្សត្រ​លើកលែងទោស​កាលពី​ថ្ងៃទី​២ ធ្នូ បាន​ពិភាក្សា​ករណីនេះ​ជាមួយ​សម្តេច ហ៊ុន សែន និង​រូបលោក​ផ្ទាល់ នៅក្នុង​រដ្ឋសភា កន្លងទៅនេះ​៕


Tag:
 នី ចរិយា
  អាដហុក
© រក្សាសិទ្ធិដោយ thmeythmey.com