ពីនេះ ពីនោះ
តើ​ពេលណា​ប្រើពាក្យ​«​ដែល​»​និង ពេលណា​ប្រើពាក្យ​«​ដែរ​»?
17, Dec 2016 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការសរសេរ និង​ប្រើប្រាស់​ពាក្យ​អ្នកណា​ក៏​ធ្លាប់មាន​កំហុស  នៅក្នុង​ការនិយាយ និង សរសេរ​សំណេរ​អត្ថបទ​។ រីឯ​ពាក្យ  «​ដែល​»​និង​«​ដែរ​» ក៏​ជា​ពាក្យ​តែងតែមាន​កំហុស​ក្នុងការ​ប្រើប្រាស់ ដោយពេល​ខ្លះ​ពាក្យ​«​ដែល​»​ត្រូវបាន​ប្រើ​ជំនួយ​ពាក្យ​«​ដែរ​»​ប៉ុន្តែ​បំណង​អ្នកសរសេរ​គឺ​ក្នុងន័យ​«​ដែល​»​នោះទេ​។ វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​និយមន័យ​ពាក្យ​ទាំងពីរ​នេះ​ដូចខាងក្រោម​៖



​ចំពោះ​ពាក្យ​«​ដែល​» គឺជា​ពាក្យ​ប្រាប់​ដំណើរ​នៃ​អំពើ សម្រាប់​និយាយ​ភ្ចា​ប់​នាំមុខ​នាមសព្ទ​។ ឧទាហរណ៍ ការដែល​ខ្ញុំ​ធ្វើ​, ពាក្យ​ដែល​គេ​និយាយ​, ដំណឹង​ដែល​ខ្ញុំ​ឮ​, សាលារៀន​ដែល​រាជការ​ចំណាយ​ប្រាក់​ឲ្យ​សង​។​ល​។

​ប៉ុន្តែ​បើជា​នាម មានន័យថា សំណល់​, របស់​ដែល​សល់​ឬ​ដែល​គេ​ប្រើប្រាស់​ហើយ​។ ឧទាហរណ៍ ស៊ី​បាយ​ដែល​គេ​, ស្លៀកសំពត់​ដែល​គេ​។ ទោះជា​យ៉ាងណា​ក្នុងន័យ​ទី​ពីរ​នេះ មិនមាន​កំហុស​អ្វីដែល​នាំ​ជា​បញ្ហា​នោះទេ​។ ព្រោះ​បើ​និយាយ​ទៅដល់​អ្វីដែល​សល់​ពី​គេ​, ប្រើប្រាស់​របស់​បន្ទាប់ពី​អ្នកណាម្នាក់​គឺ​គេ​ដឹង​យ៉ាងច្បាស់​ថា មិនអាច​ប្រើពាក្យ​«​ដែរ​»​បានទេ​។​

​ដោយឡែក ចំពោះ​ពាក្យ​«​ដែរ​»​វិញ គឺ​មានន័យថា ដូចគ្នា​, បាន​ដូចគ្នា​, ផង​។ ឧទាហរណ៍​ដូចជា​ពាក្យ​ថា ខ្ញុំ​ទៅ​ដែរ​, ដូច្នេះ​ក៏បាន​ដែរ​, អ្នក​ទៅ​ជាមួយនឹង​ខ្ញុំ​ដែរ​ឬ​? ល្អ​គ្រាន់បើ​ដែរ​។​ល​។​

​ជារួម​មក តាមរយៈ​អត្ថន័យ​ដែល​វចនានុក្រម​ខ្មែរ​បានកំណត់ សាធារណជន ត្រូវតែ​ចំណាំ​ថា ពាក្យ​«​ដែល​» គឺជា​ពាក្យ​ប្រាប់​ដំណើរ​នៃ​អំពើ​។ ចំណែក​ពាក្យ «​ដែរ​»​គឺជា​ពាក្យ​បង្ហាញ​ពីអ្វី​ដូចគ្នា ដើម្បី​សម្គាល់​ទៅ​ការបង្ហាញ​ពី​វត្ថុ គំនិត សកម្មភាព​ជាដើម​។​

​ឧទាហរណ៍​៖ សុវណ្ណ បាន​ដឹកនាំ​ក្រុមយុវជន ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​យុវជន​មួយ​ដែល​ធ្វើឡើង​ក្នុង​គោលបំណង​ពិភាក្សាគ្នា​លើ​បញ្ហា​យុវជន​។ ក្នុង​កិច្ចប្រជុំ​នោះ​ផងដែរ ក៏មាន​វត្តមាន​ប្រធាន​ក្រុមប្រឹក្សា​យុវជន​ថ្នាក់ស្រុក ថ្នាក់​ខេត្ត និង​ថ្នាក់ជាតិ ក៏បាន​ចូលរួម​។ កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្តិ​ទៅ​ពេញ​មួយ​ព្រឹក ដោយមាន​ការលើកឡើង​ជា​យោបល់ និង​ទស្សន ជាច្រើន​ក្នុងទិសដៅ​ធ្វើយ៉ាងណា​ឲ្យ​យុវជន​ចូលរួម​អភិវឌ្ឍន៍​ជាតិ​។ ក្នុង​កិច្ចពិភាក្សា សុវណ្ណ បានផ្ដល់​យោបល់​ជាច្រើន ហើយ​ប្រធាន​ក្រុមប្រឹក្សា​យុវជន​ថ្នាក់ស្រុក ខេត្ត និង​ជាតិ ក៏​គិតថា គំនិត​របស់​សុវណ្ណ មាន​លក្ខណៈ​សម​ហេតុផល​ផងដែរ​៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


© រក្សាសិទ្ធិដោយ thmeythmey.com