ជាតិ
សង្គមជាតិ
ក្រសួង​សាធារណការ​ប្រតិកម្ម​នឹង​អ្នក​រិះគន់​រឿង​​ផ្លូវ​នៅខេត្តសៀមរាប និងត្បូងឃ្មុំ
16, Dec 2016 , 9:29 pm        
រូបភាព

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​១៦ ធ្នូ​នេះ បានចេញ​លិខិត​មួយច្បាប់ ជុំវិញ​ប្រតិកម្ម​ពី​សាធារណជន​ទៅនឹង​គម្រោង​ធ្វើ​ផ្លូវ​ចំនួន​២​ខ្សែ គឺ​មួយ​នៅ​ខេត្ត​ត្បូងឃ្មុំ និង​មួយទៀត​នៅ​ខេត្តសៀមរាប​។



តាម​ការបញ្ជាក់​របស់​ក្រសួង ការស្ថាបនា​ផ្លូវ​នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ មិន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​ឡើយ ចំណែក​នៅ​ខេត្តសៀមរាប​វិញ មន្ទីរ​របស់ខ្លួន​បានធ្វើ​ទៅតាម​បច្ចេកទេស​ត្រឹមត្រូវ មិន​ដូច​ការចោទប្រកាន់​រប​ស់​មហាជន​ថា​ធ្វើ​ឲ្យ​តែ​បានៗ​នោះទេ​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន លាយឡំ​នឹង​សារ​រូបភាព​មតិ​រិះគន់​ពី​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​សន្លឹក ដែល​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី​១៦ ធ្នូ ឆ្នាំ​២០១៦ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ពន្យល់​ពី​ករណី​ធ្វើ​ផ្លូវ​មួយ​ខ្សែ ដែល​ស្ថិតនៅ​ភូមិ​ជ្រៃ​បិតមាស ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ដែល​មហាជន​ចោទប្រកាន់ថា​ធ្វើ​ខុស​បច្ចេកទេស​នោះ ក្រសួង​បញ្ជាក់ថា គឺ​មិន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​ឡើយ​។

ចំណែក​ករណី​នៅ​ខេត្តសៀមរាប​វិញ ក្រសួង​បាន​ពន្យល់ថា ផ្លូវ​វត្ត​ចក ឫ​ផ្លូវ ២៦៧ ស្ថិតនៅ​សង្កាត់​ស្វាយដង្គំ គឺមាន​ការចែក​ចាយ​តាម​បណ្តាញ​សង្គម និង​សារព័ត៌មាន ដោយ​ភាន់ច្រឡំ​ដាក់​រូប​ផ្សេង​ពី​ទីតាំង​ខាងលើ​។ ក្រសួង​បញ្ជាក់ថា ផ្លូវ​វត្ត​ចក​ដែល​មន្ទីរ​សាធារណការ​ស្ថាបនា​ជាង​១០០​ម៉ែត្រ​នោះ គឺ​បាន​ចាក់​កៅស៊ូ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​លើ​ស្រទាប់​គ្រឹះ (​ថ្ម​មិច​) ដែល​ប​មាន​ពណ៌​ក្រហម​ស្រដៀង​នឹង​ដីក្រហម​។​

​ក្រសួង​សាធារណការ​រំពឹងថា សាធារណជន​ទាំងអស់​នឹង​ទទួលបាន​ព័ត៌មាន​ត្រឹមត្រូវ​ខាងលើ ដើម្បី​ជម្រះ​នូវ​ការភាន់ច្រឡំ ក៏ដូចជា​ការចោទប្រកាន់​នានា​ដោយ​គ្មាន​មូលដ្ឋាន​ជាក់លាក់​។ ក្រសួង​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​សារព័ត៌មាន និង​អ្នក​ចែករំលែក​តាម​បណ្តាញ​សង្គម​ទាំង​អស់យ៉ាង​ដូច្នេះ​ថា​៖« ត្រូវ​ទាក់ទង​អ្នកជំនាញ​ជាមុនសិន មុននឹង​ចុះផ្សាយ​បញ្ហា​នានា ដើម្បី​បញ្ចៀស​រាល់​ការភាន់ច្រឡំ​ពី​សាធារណជន ឫ​ធ្លាក់ចូល​អន្ទាក់​របស់​អ្នក​ឆ្លៀត​ឳ​កាស កេងចំណេញ​ផលប្រយោជន៍​សារព័ត៌មាន ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ផ្សេងៗ​»។​

​គួរ​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ នៅលើ​បណ្តាញ​សង្គម ពិសេស​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក មានការ​រិះគន់​ចំពោះ​ការស្ថាបនា​ផ្លូវ​ចំនួន​២​កន្លែង ដោយ​ពួកគេ​ថា មិនបាន​គោរព​ទៅតាម​បច្ចេកទេស​ត្រឹមត្រូវ​។ អ្នក​រិះគន់​ទាំង​នោះបាន​បន្ត​ចែករំលែក​រូបភាព​សក​ម្ម​ភាព​កំពុង​ចាក់​កៅស៊ូ​នៅលើ​ដីក្រហម​ផ្ទាល់ ដោយ​ពុំមាន​ក្រាល​គ្រួស​ពីលើ តាម​បច្ចេកទេស​ត្រឹមត្រូវ​៕


Tag:
 ផ្លូវ​វត្ត​ចក​
  ក្រសួង​សាធារណការ
© រក្សាសិទ្ធិដោយ thmeythmey.com