ជាតិ
សង្គមជាតិ
Facebook ក្លាយជា​ប្រភពព័ត៌មាន​សំខាន់​ជាងគេ​សម្រាប់​ពលរដ្ឋ​កម្ពុជា​
17, Dec 2016 , 2:41 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ៊ីនធឺណិត​ជាពិសេស​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) បាន​ក្លាយទៅជា​ប្រភពព័ត៌មាន​សំខាន់បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដោយបាន​យកឈ្នះ​លើ​ទូរទស្សន៍​ដែល​ធ្លាប់ជា​ប្រភពព័ត៌មាន​នាំមុខគេ​។ នេះ​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។



​របាយការណ៍​ដែល​សិក្សា​ពី​ការប្រើប្រាស់​អ៊ីនធឺណិត និង​ទូរស័ព្ទដៃ​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៦​នេះ បាន​រកឃើញថា ៣០​ភាគរយ​នៃ​អ្នកឆ្លើយ​សំណួរ​បាន​ឆ្លើយថា អ៊ីនធឺណិត ជាពិសេស​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​គឺជា​ប្រភពព័ត៌មាន​សំខាន់បំផុត ខណៈ​អ្នក​ដែល​ឆ្លើយថា​ទទួល​ព័ត៌មាន​ពី​ទូរទស្សន៍​មាន​២៩​ភាគរយ​។​

​ក្នុង​ការសិក្សា​ដូចគ្នានេះ​កាលពី​ឆ្នាំមុន ៣២​ភាគរយ​នៃ​អ្នកឆ្លើយ​សំណួរ​បាន​ឆ្លើយថា ទូរទស្សន៍​គឺជា​ប្រភពព័ត៌មាន​សំខាន់​ជាងគេ តាម​ពីក្រោយ​ដោយ​អ៊ីនធឺណិត​ឬ​ហ្វេ​ស​ប៊ុ​ក​ដែលមាន​២៥​ភាគរយ​។​

​ការសិក្សា​ស្រាវជ្រាវ​ក្នុង​ឆ្នាំ​២០១៦​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​មូលនិធិ​អាស៊ី (The Asia Foundation) វិទ្យាស្ថាន​បើកទូលាយ និង​ទីភ្នាក់ងារ​អាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) ដោយបាន​សម្ភាស​ពលរ​ដ្ឋ​ចំនួន​២០៦១​នាក់ អាយុ​ចន្លោះ​ពី​១៥​ឆ្នាំ​ដល់​៦៥​ឆ្នាំ​កាលពី​ខែកញ្ញា នៅក្នុង​៥​រាជធានី​ខេត្ត​។​

​យោងតាម​ការសិក្សា​ស្រាវជ្រាវ ការផ្លាស់ប្ដូរ​នៃ​ប្រភពព័ត៌មាន​ដែល​ពេញនិយម​នេះ​បាន​កើតឡើង​ស្របគ្នា​ជាមួយនឹង​ការកើនឡើង​នៃ​អ្នកប្រើប្រាស់​ទូរស័ព្ទ​ទំនើប​ឬ​Smart phone និង​អ្នកប្រើប្រាស់​អ៊ីនធឺណិត​។​

​ក្នុង​ឆ្នាំ​២០១៦ អ្នកប្រើប្រាស់​ទូរស័ព្ទ Smart phone មាន​៤៨​ភាគរយ គឺ​កើនឡើង​ពី​៤០​ភាគរយ​កាលពី​ឆ្នាំ​២០១៥ ខណៈ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ក្នុង​ឆ្នាំ​២០១៦ មាន​៣៧​ភាគរយ គឺ​កើន​ពី​៣០​ភាគរយ​នៅក្នុង​ឆ្នាំ​២០១៥​។​

​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បានប្រកាស​កាលពី​ព្រហស្បតិ៍​នៅឯ​ពិធី​សម្ពោធ​ទីស្នាក់ការ​ថ្មី​របស់​ក្រសួង​ថា គិត​ត្រឹម​ខែកញ្ញា​ឆ្នាំ​២០១៦ ចំនួន​ស៊ីម​កាត​ទូរស័ព្ទ​ចល័ត​មាន​ជាង​១៩,៣​លាន​ស៊ីម និង​អ្នកប្រើប្រាស់​អ៊ីនធឺណិត​មាន​ជាង​៧,១​លាន​នាក់​។​

​លោក ផុង គឹម​ឆូ​យ អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​បើកទូលាយ​ដែលជា​អ្នកសរសេរ​របាយការណ៍​ម្នាក់​ក្នុងចំណោម​អ្នកសរសេរ​របាយការណ៍​៣​នាក់​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​ក្នុង​ឆ្នាំ​២០១៦​នេះ ពន្យល់​ពី​មូលហេតុ​នៃ​ការកើនឡើង​នៃ​ចំនួន​ពលរដ្ឋ​ស្វែងរក​ព័ត៌មាន​ពី​អ៊ីនធឺណិត​ឬ​ហ្វេ​ស​ប៊ុ​ក​ដូចនេះ​ថា​៖

«​ទី​១ អាចទាក់ទង​ជាមួយ​ការទទួលបាន​ព័ត៌មាន​គ្រប់ពេលវេលា មិន​ថា​នៅទីណា​ក៏ដោយ​ឱ្យតែ​គាត់​មាន​អ៊ីនធឺណិត​គឺ​គាត់​អាច access បាន​។ អញ្ចឹង វា​ងាយស្រួល​ជាង​ការ​ស្ដាប់ radio (​វិទ្យុ​) ឬក៏​ការមើល​ទូរទស្សន៍​ព្រោះ​ទូរទស្សន៍​ឬក៏​វិទ្យុ​ហ្នឹង​គេ​មាន​schedule (​កាលវិភាគ​) របស់គេ​។ ម៉ោង​ព័ត៌មាន​របស់គេ គេ​មាន​តាម​ព្រឹក​ថ្ងៃ​ល្ងាច​ឬក៏​អីចឹង​ទៅ​។ បាទ​អញ្ចឹង​គេ​អត់​អាច access បាន convenient (​ងាយស្រួល​)​ទេ​»​។​

​លោក​ផុង គឹម​ឆូ​យ បន្ថែមទៀតថា​៖

«​ហើយ​មួយទៀត​អាចទាក់ទង​ជាមួយ​រឿង​កត្តា​ដោយសារតែ​តម្លៃ​ការប្រើប្រាស់​អ៊ីនធឺណិត​នៅ​ប្រទេស​កម្ពុជា​យើង​មានតម្លៃ​សមរម្យ​ដែរ​។ អ៊ីចឹង​នៅពេលណា​ដែល​ផែនការ​ទិន្នន័យ​ហ្នឹង​ផ្ដល់ជូន​ពី mobile operator (​ក្រុម​សេវា​ទូរស័ព្ទ​) មានតម្លៃ​សមរម្យ វា​ក៏​ជាការ​ផ្ដល់ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង គឺ​គាត់​អាច​ប្រើប្រាស់​អ៊ីនធឺណិត​ហ្នឹង​បានដែរ​។ ហើយ​ម្យ៉ាងវិញទៀត​ហ្នឹង​គឺ​ដោយសារតែ​smart phone មានការ​រីកចម្រើន​ច្រើន​។ អញ្ចឹង​ប្រជាពលរដ្ឋ មាន​smart phone បូកផ្សំ​ជាមួយនឹង​អ៊ីនធឺណិត​ហ្នឹង​ទៀត គឺ​គាត់​អាច access ទៅលើ​ព័ត៌មាន​អី​ផ្សេងៗ​បាន​ច្រើន​»​។​

​លោក អ៊ូ វីរ​: ប្រធាន​អង្គការ​វេទិកា​អនាគត​មានប្រសាសន៍ថា និន្នាការ​នៃ​ការស្វែងរក​ព័ត៌មាន​តាម​អ៊ីនធឺណិត​នេះ​គឺ​ទំនោរ​ដែល​កំពុង​កើត​មាននៅ​ទូទាំង​ពិភពលោក ដោយ​សារភាព​សម្បូរបែប​និង​ភាពងាយស្រួល​។​

​ទោះយ៉ាងណា លោក​ថា គុណភាព​នៃ​ព័ត៌មាន​នៅលើ​ទូរទស្សន៍ ក៏​អាចជា​មូលហេតុ​ដែលនាំឱ្យ​មានកា​រ​ស្វែងរក​ប្រភពព័ត៌មាន​ផ្សេងទៀត​ផងដែរ​។​

​លោក អ៊ូ វីរៈ បន្តថា ការពឹង​ផ្អែកលើ​បណ្ដាញ​សង្គម​ដើម្បី​ទទួលបាន​ព័ត៌មាន អាចមាន​ផល​អវិជ្ជមាន​មួយចំនួន​ដូចជា​ព័ត៌មាន​មិន​ពិត​ឬ​ការប្រើ​ពាក្យ​អសុរោះ​ជាដើម​។​

​យ៉ាងណាក៏ដោយ លោក​ថា បទពិសោធន៍​នៃ​ការប្រើប្រាស់​អ៊ីនធឺណិត​និង​បណ្ដាញ​សង្គម​នេះ​យូរ​ទៅនឹង​អាច​បង្រៀន​ពលរដ្ឋ​ឱ្យ​ចេះ​វាយតម្លៃថា​ព័ត៌មាន​ណា​ដែល​អាច​ជឿ​ទុកចិត្តបាន​។​

​លោក​បន្តថា ក្រៅពី​ផ្ដល់ព័ត៌មាន​បន្ថែម​លើ​អ្វីដែល​ស្ថាប័ន​ព័ត៌មាន​ផ្ដល់ឱ្យ បណ្ដាញ​សង្គម​ក៏​ជាទី​កន្លែង​ដែល​ពលរដ្ឋ​អាច​ចែកចាយ​នូវ​អ្វីដែល​ពួកគេ​បាន​ជួបប្រទះ ដែល​ធ្វើឱ្យ​ពលរដ្ឋ​កាន់តែ​មានការ​ចូលរួម​កាន់តែខ្លាំង​។​

«​គាត់​ហាក់ដូច​ជាមាន​អារម្មណ៍​ថា គាត់​ហ្នឹង​មិនមែន​គ្រាន់តែ​ជា​អ្នកឃ្លាំមើល​ព្រឹត្តិការណ៍​ពិភពលោក​ឬ​ព្រឹត្តិការណ៍​ស្រុក​ខ្មែរ​ទេ គាត់​ក៏​អាច​ចូលរួម​សកម្ម​ក្នុងការ​មាន​ឥទ្ធិពល​លើ​ព័ត៌មាន​ជា​សាធារណៈ​ផងដែរ​»​។​

​ការសិក្សា​ដដែល ក៏បាន​រកឃើញ​ផងដែរ​ថា ពលរដ្ឋ​៨៨​ភាគរយ​ប្រើប្រាស់​ទូរស័ព្ទដៃ​ដើម្បី​បើក​មើល​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ៣​ភាគរយ​ប្រើប្រាស់​កុំព្យូទ័រ និង​៩​ភាគរយ​ប្រើប្រាស់​ឧបករណ៍​ទាំងពីរ​នេះ​ដើម្បី​បើក​បណ្ដាញ​សង្គម​មួយ​នេះ​។ ការសិក្សា​នេះ​ក៏បាន​បង្ហាញ​ផងដែរ​ថា ៧៦​ភាគរយ​នៃ​ទូរស័ព្ទ​ដែល​ពលរដ្ឋ​ប្រើប្រាស់ អាច​អាន​អក្សរ​ខ្មែរ​បាន​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com