ជាតិ
សង្គមជាតិ
កម្ពុជាព្យាយាមនាំខ្លួនជនសង្ស័យពីវៀតណាមមកទទួលទោសក្នុងរឿងធ្វើទារុណកម្មកុមារអាយុពីរឆ្នាំ
× ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់នគរបាលម្នាក់និយាយថា កម្ពុជានឹងជំរុញឲ្យមានការបើកសវនាការកាត់ក្តីជនវៀតណាមម្នាក់ក្នុងរឿងធ្វើទារុណកម្មមកលើកុមារអាយុពីរឆ្នាំ បន្ទាប់ពីភាគីវៀតណាមនៅតែស្ងាត់ស្ងៀមមិនទាន់ឆ្លើយតបទៅនឹងសំណើរបស់កម្ពុជាសុំធ្វើបត្យាប័នជនសង្ស័យនោះ។
អគ្គស្នងការរងនគរបាលជាតិលោក ម៉ក់ ជីតូ និយាយថា កម្ពុជា ជាជម្រើសចុងក្រោយ នឹងបញ្ជូនសាលក្រមកាត់ក្តីនោះទៅវៀតណាមឲ្យបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ង្វៀន ថាញ់ឌុង (Nguyen Thanh Dung) ទទួលទោសចំពោះអំពើខុសច្បាប់ដែលខ្លួនបានប្រព្រឹត្តទៅលើកុមារអាយុពីរឆ្នាំនៅខេត្តមណ្ឌលគីរីកន្លងមក។ លោក ម៉ក់ ជីតូ ថ្លែងប្រាប់សារព័ត៌មានថ្មីៗបែបនេះ ក្នុងករណីវៀតណាមនៅតែមិនព្រមប្រគល់ជនសង្ស័យមកទទួលការកាត់ក្តីនៅ កម្ពុជាទេ។
លោកនិយាយថែមទៀតថា៖ « យើងនឹងមាននីតិវិធីចុងក្រោយមួយទៀតដោយយើងនឹងបើកការកាត់ទោសតាមច្បាប់ កម្ពុជាខ្លួនឯង ហើយបញ្ជូនសាលក្រមកាត់ទោសនេះទៅវៀតណាមបើសិនជាវៀតណាមនៅតែមិនព្រម តាមសំណើ »។
លោក ម៉ក់ ជីតូ បានឲ្យដឹងថា កម្ពុជាបានព្យាយាមធ្វើបត្យាប័នជនសង្ស័យវៀតណាមរូបនេះជិតពីរសប្ដាហ៍មកហើយ ដោយមានទាំងការចរចាផ្ទាល់មាត់ផងនិងការដាក់សំណើជាលាយលក្ខអក្សផង ប៉ុន្តែភាគីវៀតណាមនៅតែមិនទាន់ឆ្លើយតបជាវិជ្ជមានមកកម្ពុជាឡើយ។ បើតាមលោកម៉ក់ជីតូអគ្គស្នងការដ្ឋាននគរបាលជាតិលោក នេត សាវឿន ទើបតែបានបញ្ជូនលិខិតថ្មីដោយផ្ទាល់មួយទៀតទៅកាន់មេបញ្ជាសន្តិសុខវៀតណាមក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីស្នើសុំជនសង្ស័យវៀតណាមរូបនេះមកប្រឈមមុខកាត់ក្តីតាមច្បាប់កម្ពុជា។ ប៉ុន្តែវៀតណាមមិនទាន់ឆ្លើយតបតាមសំណើរបស់កម្ពុជាដដែល។
គួរបញ្ជាក់ថា ជនសង្ស័យវៀតណាមឈ្មោះ ង្វៀន ថាញ់ឌុង ដែលត្រូវបានសមត្ថកិច្ចវៀតណាមចាប់ខ្លួននេះក្រោយពីមានវីដេអូបង្ហោះជាបន្តបន្ទាប់លើបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីសកម្មភាពធ្វើទារុណកម្មលើក្មេងប្រុសអាយុពីរឆ្នាំ។ ជនសង្ស័យខាងលើបានធ្វើទារុណក្មេងប្រុសរងគ្រោះ ដោយបិទមុខនិងបានចងស្លាបសេក ហើយបានយកឧបករណ៍ឆក់ទៅក្បាលជើងខ្នងនិងប្រដាប់ភេទ។ ចំណែកសកម្មភាពមួយទៀត នៅពេលដែលក្មេងប្រុសរងគ្រោះស្រែកយំជនសង្ស័យរូបនេះ បានទះកំផ្លៀងក្មេងប្រុសរងគ្រោះហើយបានប្រើម្រាមដៃនិងវត្ថុរឹងរុកចូលក្នុងមាត់ធ្វើឲ្យក្មេងប្រុសរូបនេះខក់បំពងកទៀតផង។ ការធ្វើទារុណកម្មលើកុមារនេះគឺជនសង្ស័យបានប្រព្រឹត្តនៅខេត្តមណ្ឌលគីរី ក្នុងចំការកាកាវរបស់លោកStafanStruik ដែលជាជនជាតិហូឡង់ ខណៈដែលឪពុកម្ដាយរបស់ក្មេងប្រុសរងគ្រោះជាកម្មករចាំចំការកាកាវនេះ។
ក្រៅពីជនសង្ស័យវៀតណាម ដែលធ្វើទារុណកម្មលើក្មេងប្រុសអាយុពីរឆ្នាំនេះ ក៏នៅមានបក្ខពួកជនជាតិហូឡង់ ដែលជាម្ចាស់ចម្ការកាកាវនៅខេត្តមណ្ឌលគីរី ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនផងដែរ។ បើតាមសមត្ថកិច្ចកម្ពុជាម្ចាស់ចម្ការកាកាវ ដែលជាជនជាតិហូឡង់នេះអាចសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើពេស្សាចារលើកុមារផងដែរ ដោយសារតែសមត្ថកិច្ចបានដកហូតឧបករណ៍ឆក់លិង្គសិប្បនិម្មិតនិងឧបករណ៍ជក់គ្រឿងញៀនជាដើម ក្រោយពីឪពុកម្ដាយកុមាររងគ្រោះបានប្ដឹងពីករណីរំលោភបំពានកុមារ៕
© រក្សាសិទ្ធិដោយ thmeythmey.com