ព័ត៍មានសុខភាព
ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ​ពេលព្រឹក​ពោះ​ទទេ អាច​នឹង​មានរឿង​ទាំងនេះ​កើតឡើង​
11, Jan 2021 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ជាច្រើន​ចាប់ផ្តើម​ថ្ងៃ​ថ្មី​របស់​ពួកគេ​តាមរយៈ​ការ​ញ៉ាំ​កាហ្វេ ឬ​តែ​ក្តៅ​មួយ​ពែ​ក​។ ប៉ុន្តែ​មិនមាន​នរណាម្នាក់​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ​ឡើយ ព្រោះតែ​ពួកគេ​មិនបាន​ដឹង​អំពី​គុណប្រយោជន៍​របស់​វា​។

 
​ការ​ញ៉ាំ​ទឹក​ក្តៅ​បែបនេះ​នៅ​ពោះ​ទទេ ពេលព្រឹក មាន​ប្រយោជន៍​វិជ្ជមាន​ច្រើនណាស់​ចំពោះ​រាងកាយ​មនុស្ស​យើង ដូចជា បង្កើន​ការរំលាយ​អាហារ បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន បំបាត់​ការ​រមួល​សាច់ដុំ ពង្រឹង​ដល់​របត់​ឈាម​រត់ ។​ល​។​
 
​ខាងក្រោម​នេះ​គឺជា​ហេតុផល​ដែល​អ្នក​គួរ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ​នៅពេល​ព្រឹក និង​ពោះ​ទទេ​៖
 
​ច្រោះ​ជាតិពុល​
​ការ​ញ៉ាំ​ទឹក​ក្តៅ​មួយ​ពែ​កនៅ​ពេលព្រឹក​អាច​បញ្ចេញ​ជាតិពុល​គ្រោះថ្នាក់​ពី​ក្នុង​រាងកាយ​បាន​។ ទឹក និង​សារធាតុ​រាវ​ផ្សេងៗ​ទៀត​ជួយ​បំពែក​អាហារ​ក្នុង​ក្រពះ និង​ជំរុញ​ដល់​ការរំលាយ​អាហារ​។ ក្រោយពី​ញ៉ាំ​អាហារ​រួច ចូរ​ជំនួស​ការ​ញ៉ាំ​ទឹក​ត្រជាក់ មក​ញ៉ាំ​ទឹក​ក្តៅ​វិញ​ទៅ​ដើម្បី​សុខភាព​ក្រពះ​ពោះវៀន​។ 
 
​ពង្រឹង​ដល់​ការរំលាយ​អាហារ​
​បើសិនជា​អ្នក​កំពុងតែ​ឈឺក្រពះ ចូរ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ​នៅពេល​ព្រឹក​មុន​អាហារ​។ ការធ្វើ​បែបនេះ​នឹង​ពង្រឹង​ដល់​ការរំលាយ​អាហារ ហើយ​រាងកាយ​នឹង​អាចធ្វើ​ការ​បាន​កាន់តែ​ល្អ​។ លើសពីនេះទៅទៀត ការឈឺ​ក្រពះ​ក៏​នឹង​បាត់​ទៅវិញ​ក្នុង​រយៈពេល​ខ្លី​ដែរ​។ 
 
​ពន្យា​ភាព​ចាស់
​គ្មាន​នរណាម្នាក់​ចូលចិត្ត​ការ​ចាស់​មុន​អាយុ​ឡើយ ជាពិសេស​មនុស្ស​ស្រី​។ សំណាង​ដែរ រឿងនេះ​អាច​ចៀសវាង​បាន​តាមរយៈ​ការ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ​។ កាលណា​មាន​ជាតិពុល​ក្នុង​រាងកាយ​កាន់តែច្រើន វា​នឹង​ជំរុញ​ដល់​ភាព​ចាស់​កាន់តែខ្លាំង ប៉ុន្តែ​ទឹក​គឺជា​អ្នក​កំចាត់​ជាតិពុល​នោះ ហើយក៏​ពន្យា​ពេល​នៃ​ភាព​ចាស់​ផងដែរ​។ ជាមួយគ្នានេះដែរ វា​នឹង​ពង្រឹង​ដល់​ភាពយឺត​របស់​ស្បែក​ទៀតផង​។ 
 
​បំពាត់​ការឈឺចាប់​
​ការឈឺចាប់​ដោយសារតែ​ការ​មក​រដូវ​អាច​លុបបំបាត់បាន​តាម​រយៈ​ការ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ​។ ពិតណាស់ នេះ​គឺជា​វិធី​ព្យាបាល​បែប​ធម្មតា​ដ៏​អស្ចារ្យ​។ ទឹក​ក្តៅ​ឧណ្ហៗ​ជួយ​បន្ធូរ​សាច់ដុំ​របស់​ក្រពះ និង​បំបាត់​ការឈឺចាប់​។ យ៉ាងណាមិញ ទឹក​ក្តៅ​ឧណ្ហៗ​មិន​ត្រឹមតែ​ល្អ​សម្រាប់​ការឈឺចាប់​ក្នុងពេល​មក​រដូវ​ទេ តែ​ក៏​ការឈឺចាប់​បែប​រមួល​គ្រប់​ប្រភេទ​ដែរ​។ ទឹក​ក្តៅ​ក៏​ពង្រឹង​ដល់​របត់​ឈាម​រត់​ក្នុង​សរសៃឈាម​តូចៗ និង​បន្ធូរ​សាច់ដុំ​ដែល​រឹង​ជាប់​បានដែរ​។ 
 
​ជួយ​សម្រក​ទម្ងន់​
​ការ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ​នៅពេល​ព្រឹក​អាចជួយ​សម្រក​ទម្ងន់​បាន​កាន់តែ​លឿន​។ រឿងនេះ​មាន​ប្រយោជន៍​ណាស់​ដោយសារតែ ទឹក​ក្តៅ​ឧណ្ហៗ​ជួយផ្តល់​កម្តៅ​ដល់​រាងកាយ និង​សរីរាង្គ​ក្នុង​ខ្លួន​។ ដូច្នេះ​វា​នឹង​ជំរុញ​ដល់​ការរំលាយ​កាឡូរី និង​មាន​ឥទ្ធិពល​វិជ្ជមាន​ដល់​តម្រងនោម និង​សរីរាង្គ​ក្នុងការ​បញ្ចេញ​កាកសំណល់​។​

​បង្កើន​របត់​ឈាម​រត់​
​ការ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ​នៅពេល​ពោះ​ទទេ​ព្រឹក​ឡើង ជួយ​ដល់​រាងកាយ​ក្នុងការ​បញ្ចេញ​កាកសំណល់ និង​ជាតិពុល​គ្រោះថ្នាក់​ចោល​។ មានន័យថា របត់​ឈាម​រត់​នឹង​រត់​បាន​កាន់តែ​ល្អ​ជាង​មុន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com