ពីនេះ ពីនោះ
ពាក្យ «ស្លៀកកន្ទប» ឬ «វ័ណ្តកន្ទប» មានប្រវត្តិមកពីណា?
× ពាក្យ «ស្លៀកកន្ទប» ឬ «វ័ណ្តកន្ទប»(អាចសរសេរបានម្យ៉ាងទៀតថា វាន់កន្ទប) ត្រូវបានពន្យល់ដោយលោក មៀច ប៉ុណ្ណ នៅក្នុងសៀវភៅ «ក្រមុំចូលម្លប់» ដែលត្រូវបានបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពផ្សាយ អង្គរ។ លោក មៀច ប៉ុណ្ណ គឺជាអតីតទីប្រឹក្សាអមក្រុមជំនុំ ទំនៀមទម្លាប់ខ្មែរនៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។
នៅក្នុងសៀវភៅ ក្រមុំចូលម្លប់ ដែលលោកបាននិពន្ធ លោក មៀច ប៉ុណ្ណ បានសរសេរយ៉ាងដូច្នេះ៖«វ័ណ្តកន្ទប ឬស្លៀកកន្ទប ជាវាក្យស័ព្ទ ឬជាបញ្ញត្តិមួយដែលកសិករនៅជនបទប្រើរត់មាត់គ្រប់គ្នា ដើម្បីជៀសវាងមិនប្រើពាក្យចំ កូនមកឈាមរដូវ។ ពូជខ្មែរមានលាក់ មានខ្មាស ចំពោះអ្វីមួយដែលពោលដល់ផ្លូវភេទ, កេរ្តិ៍ខ្មាស ដែលចាត់ទុកដូចជា សក្ការៈ ត្រូវការពារ និងលើកស្ទួយ។ ឧទាហរណ៍ គេប្រើពាក្យ ទ្វារមាស ជំនួសប្រដាប់ភេទស្ត្រី, គេប្រើពាក្យអង្គជាតិ ជំនួសប្រដាប់ភេទបុរស, គេប្រើពាក្យគភ៌ ឬមានទម្ងន់ ជំនួសពាក្យ ផើម, គេប្រើពាក្យសម្រាលកូន ឬឆ្លងទន្លេ ជំនួសពាក្យកើតកូន… ពាក្យវ័ណ្តកន្ទបនេះ ក៏យោលន័យទៅលើការ ធ្លាក់ឈាមរដូវបានដែរ ដោយគ្រាន់តែគេបង្វែរពង្វាងន័យដោយយកសម្ភារ (កន្ទប) មកជាទីតាំង»៕
© រក្សាសិទ្ធិដោយ thmeythmey.com