ពីនេះ ពីនោះ
ពាក្យ «​ស្លៀក​កន្ទប​» ឬ «​វ័ណ្ត​កន្ទប​» មាន​ប្រវត្តិ​មកពីណា​?
10, Feb 2018 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​ស្លៀក​កន្ទប​» ឬ «​វ័ណ្ត​កន្ទប​»(​អាច​សរសេរ​បាន​ម្យ៉ាង​ទៀតថា វាន់​កន្ទប​) ត្រូវបាន​ពន្យល់​ដោយ​លោក មៀ​ច ប៉ុណ្ណ នៅក្នុង​សៀវភៅ «​ក្រមុំ​ចូល​ម្លប់​» ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​ដោយ​គ្រឹះស្ថានបោះពុម្ពផ្សាយ អង្គរ​។ លោក មៀ​ច ប៉ុណ្ណ គឺជា​អតីត​ទីប្រឹក្សា​អម​ក្រុម​ជំនុំ ទំនៀមទម្លាប់​ខ្មែរ​នៃ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​។



​នៅក្នុង​សៀវភៅ ក្រមុំ​ចូល​ម្លប់ ដែល​លោក​បាន​និពន្ធ លោក មៀ​ច ប៉ុណ្ណ បាន​សរសេរ​យ៉ាង​ដូច្នេះ​៖«​វ័ណ្ត​កន្ទប ឬ​ស្លៀក​កន្ទប ជា​វាក្យ​ស័ព្ទ ឬ​ជា​បញ្ញត្តិ​មួយ​ដែល​កសិករ​នៅ​ជនបទ​ប្រើ​រត់មាត់​គ្រប់គ្នា ដើម្បី​ជៀសវាង​មិន​ប្រើ​ពាក្យចំ កូន​មក​ឈាមរដូវ​។ ពូជខ្មែរ​មាន​លាក់ មាន​ខ្មាស ចំពោះ​អ្វីមួយ​ដែល​ពោល​ដល់​ផ្លូវភេទ​, កេរ្តិ៍ខ្មាស ដែល​ចាត់​ទុកដូចជា សក្ការៈ ត្រូវការពារ និង​លើកស្ទួយ​។ ឧទាហរណ៍ គេ​ប្រើពាក្យ ទ្វារមាស ជំនួស​ប្រដាប់​ភេទស្ត្រី​, គេ​ប្រើពាក្យ​អង្គ​ជាតិ ជំនួស​ប្រដាប់​ភេទបុរស​, គេ​ប្រើពាក្យ​គភ៌ ឬ​មាន​ទម្ងន់ ជំនួស​ពាក្យ ផើម​, គេ​ប្រើពាក្យ​សម្រាលកូន ឬ​ឆ្លងទន្លេ ជំនួស​ពាក្យ​កើតកូន​… ពាក្យ​វ័ណ្ត​កន្ទប​នេះ ក៏​យោល​ន័យ​ទៅលើ​ការ ធ្លាក់​ឈាមរដូវ​បានដែរ ដោយ​គ្រាន់តែ​គេ​បង្វែរ​ពង្វាង​ន័យ​ដោយ​យក​សម្ភារ (​កន្ទប​) មកជា​ទីតាំង​»៕


Tag:
 កន្ទប
© រក្សាសិទ្ធិដោយ thmeythmey.com