ពីនេះ ពីនោះ
ដូចម្តេចដែលហៅថា «ទាន»?
× ទាន មានន័យថា ការឲ្យនូវរបស់ដែលគួរឲ្យ ដល់បុគ្គលដែលគួរឲ្យ ។ ចុះដូចម្តេចដែលហៅថា វត្ថុដែលគួរឲ្យ? ហើយដូចម្តេចដែលហៅថា បុគ្គលដែលគួរឲ្យ?
វត្ថុដែលគួរឲ្យ សំដៅដល់ វត្ថុទាំងឡាយដែលញ៉ាំងប្រយោជន៍ឲ្យកើតមានដល់បុគ្គលអ្នកទទួល ដូចជា អាហារបរិភោគ គ្រឿងឧបរិភោគ (របស់ប្រើប្រាស់) ទីស្នាក់អាស្រ័យ ថ្នាំសម្រាប់ព្យាបាលជំងឺ ជាដើម ។បុគ្គលដែលគួរឲ្យ សំដៅដល់ បុគ្គលដែលសក្តិសមនឹងទទួលបាននូវវត្ថុដែលផ្តល់ឲ្យ ដូចជា មាតាបិតា អ្នកមានគុណធម៌ខ្ពង់ខ្ពស់ អ្នកបួស អ្នកមានសីល ចាស់ព្រឹទ្ធាចារ្យ ឬក៏អ្នកក្រខ្សត់ ជនទុគ៌តជាដើម ។
ដូច្នេះ ដើម្បីធ្វើទានឲ្យពេញលក្ខណៈ អ្នកត្រូវពិចារណា ថាតើបុគ្គលណាដែលអ្នកគួរផ្តល់ឲ្យ ហើយផ្តល់ឲ្យនូវវត្ថុអ្វីដែលអាចញ៉ាំងប្រយោជន៍ដល់បុគ្គលនោះ ។ ការធ្វើទានត្រូវប្រកបដោយបញ្ញា ទើបបានផលទាំងអ្នកទទួលទាំងអ្នកផ្តល់ឲ្យ ។ ប្រសិនបើអ្នកធ្វើទានដោយភាពល្ងង់ខ្លៅ ខ្វះបញ្ញា មិនត្រឹមតែមិនផ្តល់ផលល្អដល់អ្នកទទួលនោះទេ វាថែមទាំងអាចផ្តល់ទោសដល់អ្នកផ្តល់ឲ្យទៀតផង ។
ប្រសិនបើអ្នកផ្តល់នូវរបស់ដែលគួរឲ្យ ដល់បុគ្គលមិនគួរឲ្យ ក៏មិនមានឈ្មោះថាពេញលក្ខណៈជាទានដែរ ហើយប្រសិនបើអ្នកផ្តល់នូវរបស់មិនគួរឲ្យ ដល់បុគ្គលដែលគួរឲ្យ ក៏មិនមានឈ្នោះថាពេញលក្ខណៈជាទានដូចគ្នា។
ឧបមាថា អ្នកយកម្ហូបអាហារទៅប្រគេនព្រះសង្ឃ ហើយម្ហូបនោះអ្នកស្លពីសាច់ឆ្កែ ។ ការពិតព្រះសង្ឃជាអ្នកមានសីល ជាស្រែបុណ្យរបស់យើង ដែលយើងគួរធ្វើទានជាមួយ តែតាមព្រះវិន័យដែលព្រះពុទ្ធទ្រង់បញ្ញត្តិហាមមិនឲ្យព្រះសង្ឃឆាន់សាច់ឆ្កែទេ ។ ដូច្នេះត្រង់នេះគឺអ្នកយករបស់មិនគួរឲ្យ (សម្លសាច់ឆ្កែ) ទៅឲ្យបុគ្គលដែលគួរឲ្យ (ព្រះសង្ឃ) ចឹងទានដែលអ្នកធ្វើក៏មិនពេញលក្ខណៈជាទានដែរ ។
ផ្ទុយមកវិញប្រសិនបើអ្នកយកមាសប្រាក់ ឬម្ហូបអាហារទៅផ្គត់ផ្គង់ដល់ជនពាល ចូលចិត្តដើរស៊ីផឹក លេងល្បី សេពគ្រឿងញៀន ពេលនោះវាមិនត្រឹមតែមិនផ្តល់ផលល្អដល់អ្នកនោះទេ វាថែមទាំងអាចផ្តល់នូវទោសដល់អ្នកវិញទៀត ។ ការពិត របស់ទាំងអស់នេះគឺជាវត្ថុដែលគួរឲ្យ (មាសប្រាក់ ឬម្ហូបអាហារ) គួរយកទៅធ្វើទាន តែដោយសារតែបុគ្គលនោះជាជនពាល (បុគ្គលមិនគួរឲ្យ) គ្មានគុណធម៌ ប្រព្រឹត្តតែអបាយមុខ នាំទុក្ខទោសដល់ គ្រួសារ និងសង្គម ។ បុគ្គលប្រភេទនេះមិនសក្តិសមនឹងមានឈ្នោះថា បុគ្គលដែលគួរឲ្យ គួរធ្វើទានជាមួយនោះទេ។ ដូច្នេះទានដែលអ្នកធ្វើក៏មិនមានឈ្នោះថាជាទានពេញលក្ខណៈដូចគ្នា ៕
© រក្សាសិទ្ធិដោយ thmeythmey.com