សង្គមជាតិ
សិស្សវិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ចុះទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក
14, Jan 2017 , 10:00 am        
រូបភាព
ដោយ: ថ្មីៗ
ដំណើរទស្សនកិច្ចសិក្សាឆ្ពោះទៅកាន់តំបន់ប្រវត្តិសាស្រ្តវាលពិឃាដជើងឯក របស់សិស្សានុសិស្សនៃ      វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ប្រមាណជាង១០០នាក់ ដែលដឹកនាំដោយគ្រូទទួលបន្ទុក កាលពីថ្ងៃទី១០មករា កន្លងទៅនេះប្រព្រឹត្តិទៅយ៉ាងរលូន។ នៅក្នុងទស្សនកិច្ចសិក្សានោះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ និងកត់សម្គាល់បំផុតនោះគឺក្រុមសិស្សានុសិស្សទាំងអស់ ពួកគេម្នាក់ៗបានយកចិត្តទុកដាក់កត់ត្រា និងស្ដាប់បទបង្ហាញរបស់មគ្គទេសក៍យ៉ាងមានជំនក់ចិត្ត។ ជំនក់ចិត្ត ក៏ព្រោះក្រុមសិស្សទាំងនោះហាក់ស្លុងអារម្មណ៍ ចិត្តគំនិត និងសញ្ចេតនាទៅនឹងបទបរិយាយស្ដីពីព្រឹត្តិការណ៍ដ៏សោកនាដកម្មដែលកើតមាននៅវាលពិឃាដជើងឯក ក្នុងកំលុងសម័យខ្មែរក្រហម ពីសំណាក់មគ្គទេសក៍ជំនាញប្រចាំនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ទៅតាមទីតាំងប្រវត្តិសាស្ត្រប្រល័យពូជសាសន៍នីមួយៗក្នុងមជ្ឈមណ្ឌលនោះ។


 
គួរជម្រាបជូនថា គោលបំណងទសន្សកិច្ចសិក្សានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក គឺចង់ឱ្យសិស្សឈ្វេងយល់ជាក់ស្ដែងបន្ថែមអំពីរឿងរ៉ាវប្រវត្ដិសាស្រ្ដក្នុងរបបខ្មែរក្រហម ដែលមានពលរដ្ឋប្រមាណជិត២ម៉ឺននាក់បានសម្លាប់ និងស្លាប់នៅជើងឯកយ៉ាងរង្គាលដោយកាប់ ចាក់ បាញ់ និងបោកទៅនឹងគល់ឈើជាដើម។ ម្យ៉ាងក៏មានចេតនាឱ្យសិស្សបានស្គាល់ពីទីតាំងប្រវត្ដិសាស្រ្ដប្រល័យពូជសាសន៍មួយនេះដោយផ្ទាល់ភ្នែកដែរ ដែលទីតាំងនេះស្ថិតនៅប្រមាណ១៥គ.ម ប៉ែកអាគ្នេយ៍នៃរាជធានីភ្នំពេញប៉ុណ្ណោះ។ នេះជាការលើកឡើងរបស់លោក Arturo Esmeria គ្រូទទួលបន្ទុកក្នុងដំណើរទស្សនកិច្ចសិក្សានោះ។
 


ថ្លែងក្នុងដំណើរទស្សនកិច្ចសិក្សានោះ យុវតី ឈឹម ស៊ីវអាយ អះអាងថា ខ្លួនបានយល់ដឹងច្រើនអំពីរឿងហេតុការណ៍ទាក់ទិនទៅនឹងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅជើងឯកនេះ បន្ទាប់ពីបានសង្កេតមើលទិដ្ឋភាពជាក់ស្ដែង និងស្ដាប់ការបកស្រាយរបស់មគ្គទេសក៍ជំនាញនៅទីនោះដោយផ្ទាល់ បន្ថែមទៅលើអ្វីដែលខ្លួនបានសិក្សានៅក្នុងថា្នក់។ ស៊ីវអាយ ពោលដោយជឿជាក់ថា ពិតជាមានការកាប់សម្លាប់សាស្រ្តាចារ្យ បញ្ញាជន និងពលរដ្ឋស្លូតត្រង់ សូម្បីកុមារតូចៗក៏ត្រូវសម្លាប់យ៉ាងរង្គាលដោយមិនលើកលែងដែរ។ “មិនគួរខ្មែរសម្លាប់ខ្មែរគ្នាឯងយ៉ាងរង្គាលបែបនេះឡើយ” នេះជាសម្ដីរបស់យុវតីរូបនោះស្ដែងចេញពីបេះដូង និងអារម្មណ៍ដ៏សោកសង្រេងរបស់ខ្លួន នៅពីមុខរណ្ដៅសព ចំពោះរឿងរ៉ាវដ៏ប្រល័យមួយនេះ។
 


“មុនសម័យខ្មែរក្រហម ទីតាំងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនេះ គឺជាព្រៃចម្ការមៀន និងជាទីបញ្ចុះសពចិន តែត្រូវពួកខ្មែរក្រហមប្រែក្លាយទៅជាកន្លែងកាប់សម្លាប់មនុស្សយ៉ាងរង្គាល និងដ៏សាហាវព្រៃផ្សៃបំផុត ហើយមានពលរដ្ឋប្រមាណ១២២៧២នាក់ ត្រូវសម្លាប់នៅទីនេះ។ ប៉ុន្ដែទោះជាយ៉ាងនេះក្តី ក្រោយថ្ងៃ៧ មករា ១៩៧៩ កន្លែងដ៏ប្រល័យមួយនេះបានប្រែក្លាយទៅជាបូជនីយស្ថានប្រវត្តិសាស្រ្ត និងជាកន្លែងភ័ស្តុតាងនៃសោកនាដកម្មប្រវត្តិសាស្ត្រជាក់ស្តែង ដែលបង្កប់ទៅដោយឈាមស្រស់ និងទឹកភ្នែកដ៏សែនឈឺចាប់របស់ពលរដ្ឋខ្មែរទូទាំងប្រទេសមិនអាចភ្លេចបាន” នេះបើតាមការបញ្ជាក់ពីមគ្គទេសក៍ជំនាញប្រចាំការផ្ទាល់នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នោះគឺលោក ស៊ឹម កោសល្យ។s

(អត្ថបទសាលា)
 

© រក្សាសិទ្ធិដោយ thmeythmey.com