ជីវិត​អ្នកកាសែត​…
បទវិភាគ
សង្គមជាតិ
ជីវិត​អ្នកកាសែត​…
03, May 2019 , 7:39 pm        
រូបភាព
ភ្នំពេញ​៖ អ្នកកាសែត​មាន​តួនាទី​សង្កេត​ព្រឹត្តិការណ៍​ដែល​កើតឡើង​នៅក្នុង​សង្គម​តាំងពី​ថ្នាក់ក្រោម​ដល់​ថ្នាក់លើ​។ សង្កេតការណ៍​រួចហើយ អ្នកកាសែត​ត្រូវ​រាយការណ៍​គ្រប់​ព័ត៌មាន​ទាំងអស់​ដែល​បម្រើ​ផលប្រយោជន៍​សង្គម ជូន​ដល់​សាធារណជន​ដែលជា​រាស្ត្រ មន្ត្រី និង​ថ្នាក់ដឹកនាំ​ប្រទេស​។ រាស្ត្រ​មាន​បញ្ហា​ត្រូវ​រាយការណ៍​ប្រាប់​មេដឹកនាំ​ប្រទេស​។ ថ្នាក់ដឹកនាំ​ប្រទេស​ធ្វើ​អ្វីមួយ​ត្រូវតែ​ជម្រាប​ប្រាប់​ជូនទៅ​រាស្ត្រ​វិញ តាមរយៈ​អ្នកសារព័ត៌មាន​។ តើ​អ្វី​ទៅជា​ការលំបាក​របស់​អ្នកកាសែត​?

 
​នៅក្នុង​តួនាទី​របស់ខ្លួន អ្នកកាសែត​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការធ្វើ​សេចក្តីរាយការណ៍​ពី​ភាព​វិជ្ជមាន ឬ​អវិជ្ជមាន​ដែល​កើតឡើង​នៅក្នុង​សង្គម​មួយ​។​
 
​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ មន្ត្រី​ភាគច្រើន​យល់ច្បាស់​ពី​តួនាទី​របស់​អ្នកសារព័ត៌មាន​។ ពួកគេ​កម្រ​ចាត់ទុក​អ្នកកាសែត ជាស​ត្រូវ​ណាស់​។ ប៉ុន្តែ​នៅក្នុង​ប្រទេស​កុំ​ម្មុយ​នី​ស ឬ​ពាក់កណ្តាល​កុំ​ម្មុយ​នី​ស​វិញ អ្នកកាសែត​ត្រូវបាន​មន្ត្រី​ខ្លះ​ចាត់ទុកជា​សត្រូវ​។ ចាត់ទុកជា​សត្រូវ ពីព្រោះ​អ្នកកាសែត​ជា​អ្នកស្វែងរក​ការពិត ហើយ​រំខាន​សកម្មភាព​អាក្រក់​របស់​មន្ត្រី​ទាំងនោះ​។ ការរំខាន​សកម្មភាព​អាក្រក់​របស់​ពួកគេ​នេះហើយ ទើប​ពួកគេ​គិតថា អ្នកកាសែត​ជាស​ត្រូវ​របស់​ពួកគេ​។​
 
​តែ​មន្ត្រី​ទាំងនោះ​មិនដែល​គិតថា ខ្លួនឯង​ជា​អ្នកធ្វើ​អំពើអាក្រក់​ទេ​។ ការធ្វើ​សេចក្តីរាយការណ៍​ពី​រឿង​អាក្រក់​របស់​នរណាម្នាក់ គឺជា​រឿង​ប្រឈម​របស់​អ្នកសារព័ត៌មាន​ទៅហើយ​។ ប៉ុន្តែ​មានរឿង​មួយទៀត​ដែល​អ្នកកាសែត​ហួសចិត្ត ហើយ​គួរអោយ​អាណិត​អាជីព​ខ្លួនឯង​នោះ គឺថា បើ​អ្នកកាសែត​សរសេរ​សរសើរ​នរណា​ម្នាក់​ដែល​អ្នកកាសែត​យល់ថា ជា​មនុស្ស​គំរូ​ល្អ​នោះ អ្នកផ្តល់​បទសម្ភាសន៍​រូបនោះ សប្បាយចិត្ត ប៉ុន្តែ អ្នកអាន​ខ្លះ បែ​ជា​ជេរ​អ្នកកាសែត​ទៅវិញ​។ ពួកគេ​ជេរ ពីព្រោះ ពួកគេ​មិន​ចូលចិត្ត​អ្នកផ្តល់​បទសម្ភាសន៍​រូ​ប​នោះ​ដោយសារតែ​ការ​ច្រណែន ឬ​ដោយ​គេ​គិតថា អ្នកផ្តល់​បទសម្ភាសន៍​ជា​បុគ្គល​មិនល្អ​។​
 
​សរុបសេចក្តី​មក ជីវិត​អ្នកកាសែត មិនមែន​ប្រឈម ឬ​ពិបាក​នឹង​រឿង​សរសេរ​អាក្រក់​ពី​គេ​ទេ​តែ​សូម្បីតែ​ចង់​សរសេរ​ល្អ​ពី​នរណាម្នាក់ ក៏ត្រូវ​បាន​មនុស្ស​ផ្សេងទៀត​ជេរ​តិះដៀល​ដែរ​។ ឱ​ជីវិត​អ្នកកាសែត​អើយ សរសេរ​អាក្រក់​(​រិះគន់​ក្នុងន័យ​ស្ថាបនា​) ក៏​គេ​ជេរ សរសេរ​ល្អ​ក៏​គេ​ជេរ​! តើ​ពេលណា​ទៅ​ទើប​សង្គម​ទាំងមូល​យល់​ពី​អាជីព​អ្នកសារព័ត៌មាន​? តើ​ពេលណា​ទៅ​ទើប​គេ​ឈប់​ជេរ​អ្នកសារព័ត៌មាន​? តើ​ពេលណា​ទៅ​ទើប​អ្នកសារព័ត៌មាន​អាចមាន​សេរីភាព​ពេញលេញ​បរិបូរណ៍​ក្នុង​សំណេរ​របស់ខ្លួន​?

Tag:
 កាសែត
© រក្សាសិទ្ធិដោយ thmeythmey.com