សង្គមជាតិ
លោក ឆាយ សុផល ជូន​សៀវភៅ​និយាយ​ពីស​ម្តេច ហ៊ុន សែន ១​ពាន់​ក្បាល​ដល់​សម្តេច​កាលពី​ម្សិលមិញ​
15, Jan 2017 , 2:23 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក ឆាយ សុផល សាស្ត្រ​ចា​រ្យ​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៧​ម្សិលមិញ​បាន​ជូន​សៀវភៅ​ក្រោម​ចំណងជើង​ថា​«​ហ៊ុន សែន - នយោបាយ​និង​អំណាច​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ជាង​៤០​ឆ្នាំ​» ចំនួន​១​ពាន់​ច្បាប់​ដល់​សម្តេច ហ៊ុន សែន តាមរយៈ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ដើម្បី​ចែកជូន​ដល់​អ្នកចូលរួម​ក្នុង​កម្មវិធី​ជួបជុំ​លើកដំបូង​រវាង​នាយក​រដ្ន​មន្ត្រី និង​អ្នកសារព័ត៌មាន​។

 
​កាលពី​យប់​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៧​ម្សិលមិញ អ្នកសារព័ត៌មាន មន្ត្រី​មន្ទី​ព័ត៌មាន អ្នកនាំពាក្យ និង​អ្នកធ្វើ​ការទាក់ទង​នឹង​ទំនាក់​ទង​ព័ត៌មាន​ប្រមាណ​ជា​១​ពាន់​នាក់​បាន​ចូលរួម​កម្មវិធី​ជំនួប​លើក​ទី​១​រវាង​អ្នកសារព័ត៌មាន​ក្នុងស្រុក និង​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​។ នៅក្នុង​ជំនួប​នោះ ប្រមុខ​នៃ​រាជរដ្ឋាភិបាល បាន​រិះគន់​អ្នកសារព័ត៌មាន​ខ្មែរ​មួយចំនួន​ដែល​ធ្វើ​អត្ថាធិប្បាយ​លើសពី​តួនាទី​របស់ខ្លួន និង​រិះគន់​ស្ថាប័ន​ព័ត៌មាន​មួយចំនួន​ដែល​ធ្វើ​ព័ត៌មាន​«​ផ្អូម​»​ដែលជា​ប្រការ​មិនអាច​ទាក់ទាញ​អ្នកអាន អ្នកទស្សនា​បាន​ច្រើន​ឡើយ​។ 
 
​ក្រោយពី​ថ្លែង​សុន្ទរកថា​រួចមក សម្តេច ហ៊ុន សែន បាន​ហៅ​លោក លោក ឆាយ សុផល អ្នកនិពន្ធ​សៀវភៅ «​ហ៊ុន សែន - នយោបាយ និង​អំណាច​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ជាង​៤០​ឆ្នាំ​»​ឲ្យ​មកជួប​រយៈពេល​ប្រមាណ ១៥ នាទី​។ 
 
​នៅក្នុង​ជំនួប​ជា​លក្ខណៈ​ឯកជន​នោះ សម្តេច​បាន​មានប្រសាសន៍​ទៅកាន់​លោក ឆាយ សុផល ថា សម្តេច​ចូលចិត្ត​អាន ហើយ​ថា សម្តេច​ធ្វើជា​នាយក​រដ្ន​មន្ត្រី​ស្តីទី​ចាប់ពី​ខែកញ្ញា ឆ្នាំ​១៩៨៤ នៅពេល​លោក ចាន់ ស៊ី ចូល​មន្ទីរពេទ្យ​។​
 
​សម្តេច​ថា លោក​នឹង​ផ្ញើ​ឯកសារ​បន្ថែម​ខ្លះ​ជូន​លោក ឆាយ សុផល​។ ចំណែក​លោក ឆាយ សុផល វិញ លោក​សន្យា​នឹង​បន្ថែម​ព័ត៌មាន​មួយចំនួន​ក្នុង​សៀវភៅ​របស់លោក​សម្រាប់​ការបោះពុម្ព​លើក​ទី​៣​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ​៕ 


Tag:
 ​សៀវភៅ
© រក្សាសិទ្ធិដោយ thmeythmey.com